ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ពេលនេះបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រកម្ពុជាក្លាយជាកីឡាករទី១ ដែលបានទៅលេងនៅក្លឹបជប៉ុន បន្ទាប់ពីការធ្វើសន្និសីទចុះហត្ថលេខាជាផ្លូវការក្នុងលក្ខខណ្ឌខ្ចីជើង ១ រដូវកាលទៅក្លឹប Fujieda MYFC នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ម្សិលមិញនេះ។

Loading...

ជាការពិតបន្ទាប់ពីឈានកាន់តែកៀកទៅរកភាពជោគជ័យ ខ្សែប្រយុទ្ធដ៏មានសមត្ថភាពរបស់ក្លឹបបឹងកេតអង្គរ ចាន់ វឌ្ឍនាកា បានបង្ហាញពីអារម្មណ៍ក្នុងចិត្តខណៈពេលដែលត្រៀមចាកចេញពីមាតុប្រទេសថា «ផ្លូវជីវិតត្រូវតែរៀនសូត្រ ទោះដឹងថាវាមិនដូចនៅផ្ទះយើងក៏ដោយ សង្ឃឹមថាការខំប្រឹងប្រែងមួយនេះគ្មានការបោះបង់ទោះជាមានរឿងអ្វីកើតឡើង រាត្រីសួស្ដី»

នេះជាភាពជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតរបស់កីឡាករបាល់ទាត់វ័យក្មេងរបស់កម្ពុជាក្នុងការមានឱកាសទៅលេងនៅប្រទេសដ៏រីកចម្រើន «ជប៉ុន» ហើយទន្ទឹមនឹងនោះ ក៏មានមហាជនជាច្រើនដែលនិយមគាំទ្រវិស័យកីឡាបាល់ទាត់ បានចូលរួមអមអរសាទរនឹងលទ្ធផលមួយនេះជាខ្លាំង តែទោះជាយ៉ាងណាក៏មានអ្នកគាំទ្រមួយចំនួនធំសោកស្ដាយនូវការបាត់បង់កីឡាករដ៏ឆ្នើមរូបនេះពីក្លឹបផងដែរ។

គួររំឭកផងដែរថាមុនពេល ចាន់ វឌ្ឍនាកា បានចុះហត្ថលេខាក្នុងលក្ខខណ្ឌខ្ចីជើង ១ រដូវកាលទៅក្លឹប Fujieda MYFC កាលពីម្សិលមិញនេះ កីឡាករដ៏លេចធ្លោរូបនេះបានទៅលេងដើម្បីធ្វើតេស្តពីសមត្ថភាពអស់រយៈមួយសប្ដាហ៍នៅលើទឹកដីជប៉ុន កាលពីកំឡុងខែ វិច្ឆកា ឆ្នាំ ២០១៦ កន្លងទៅ ហើយក្នុងនោះ វឌ្ឍនាកា ក៏ទទួលបានការកោតសរសើរពីប្រធានក្លឹបមិនដាច់ពីមាត់ផងដែរ៕ BeBe

ប្រភព៖ pmhotnews