(បាងកក)៖ យន្តហោះចម្បាំងរបស់ថៃមួយគ្រឿង ដែលចូលរួមនៅក្នុងការហោះសម្តែងសមត្ថភាពនៅក្នុងទីក្រុងហាត់យ៉ៃ នៃខេត្តស៊ុងក្លា ភាគខាងត្បូងប្រទេសថៃបានធ្លាក់ បណ្តាលឲ្យអាកាសយានិកនៅលើនោះម្នាក់បាត់បង់ជិវិតភ្លាមៗ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែ មករា ឆ្នាំ២០១៧។

យន្តហោះខាងលើនេះមានឈ្មោះ Jas 39 Gripen បានធ្លាក់បុកជុលនឹងផ្លូវហោះហើររបស់វាតែម្តង នៅវេលាម៉ោង ៩៖២០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងបាងកក)។ អាកាសយានដ្ឋានទីក្រុងហាត់យ៉ៃ ដែលជាតំបន់រមណីយដ្ឋានដ៏ល្បីរបស់ប្រទេសថៃ ស្ថិតនៅភាគខាងត្បូងនោះត្រូវបានបិទជាបណ្តោះអាសន្ន ផងដែរ ហើយអាកាសចរណ៍ផ្សេងៗត្រូវបានប្តូរជើងហោះហើរទៅកាន់ព្រលានយន្តហោះ ក្រាប៊ី វិញ។ យន្តហោះចម្បាំងនេះមានតម្លៃចន្លោះពី៣០លាន ដល់៦០លានដុល្លារ។

Loading...

កងទ័ពជើងអាកាសថៃ បានអំពាវនាវឲ្យប្រជាជនថៃ កុំបង្ហោះ ឬចែកចាយវីដេអូស្តីពីការធ្លាក់យន្តហោះខាងលើនេះ ទៅក្នុងបណ្តាញសង្គមនានាជាពិសេស ហ្វេសប៊ុក។ ដោយឡែកការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់ (ដែលទំនងជាការហោះខុសបច្ចេកទេស) គឺអាជ្ញាធរបានចាប់ផ្តើមហើយ៕

ប្រភព៖ freshnewsasia