ថ្ងៃពុធ១៨មករាម្សិលមិញ លោកអូបាម៉ាបានផ្តល់សន្និសីទសារព័ត៌មានចុងក្រោយ ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក។ លោកបានបង្ហាញជំហរថា លោកមិននៅស្ងៀមទេ ប្រសិនបើមានបញ្ហាប៉ះពាល់តម្លៃសហរដ្ឋអាមេរិក តម្លៃប្រជាជនអាមេរិក ក្នុងអាណត្តិគ្រប់គ្រងរបស់លោកដូណាល់ ត្រាំ។

2017-01-18t193305z_768916030_rc1f03ae4d00_rtrmadp_3_usa-obama_0លោកអូបាម៉ាផ្តល់សន្និសីទសារព័ត៌មាននៅសេតវិមាន ថ្ងៃ១៨មករា ២០១៧ | REUTERS/Kevin Lamarque

Loading...

លោកត្រាំ ត្រូវស្បថចូលកាន់តំណែងប្រធានាធិបតីថ្មី នៅថ្ងៃ២០មករាស្អែកនេះហើយ។ យោងតាមអ្នកនាំពាក្យរបស់លោកត្រាំ ត្រាំនឹងចូលធ្វើការតែម្តង បន្ទាប់ពីស្បថចូលកាន់តំណែង។

សម្រាប់លោកអូបាម៉ា លោកត្រាំត្រូវតែផ្តល់អាទិភាពដល់តម្លៃជាតិ និងប្រជាជន
ប្រធានាធិបតីផុតអាណត្តិអូបាម៉ា បានលើកឡើងពីសំណុំរឿងសំខាន់ៗ ក្នុងប្រទេស ជាគោល មានដូចជា បញ្ហាសេរីភាពសារព័ត៌មាន បញ្ហាជនអន្តោប្រវេសន៍ យុវជនដែលបានធំដឹងក្តី ក្នុងទឹកដីអាមេរិក រឺក៏ឧបសគ្គទាក់ទងសិទ្ធិបោះឆ្នោតជាដើម។

ទាក់ទងសេរីភាពសារព័ត៌មាន យើងដឹងថា លោកត្រាំមិនពេញចិត្តក្រុមអ្នកសារព័ត៌មានប៉ុន្មានទេ។ ជាក់ស្តែង មួយខែ មុនពេលបោះឆ្នោតប្រធានាធិបតី លោកត្រាំធ្លាប់បានគំរាមប្តឹងសារព័ត៌មានញូវយក ថែមស៍ ដែលហ៊ានចុះផ្សាយឯកសារពន្ធ ទាក់ទងក្រុមហ៊ុនរកស៊ីរបស់លោក។ ចុងក្រោយនេះ លោកដូណាល់ ត្រាំ បានបង្ហាញបំណងមិនចង់ឃើញវត្តមានក្រុមអ្នកកាសែតដែលលោកគិតថា បានកាន់ជើងបក្សណារឺក្រុមណាទេ។

ជាប្រតិកម្មតបនឹងលោកត្រាំ ម្សិលមិញ លោកអូបាម៉ាបានរំលឹកឡើងវិញថា សេរីភាពសារព័ត៌មានមានសារៈសំខាន់ក្នុងដំណើរការប្រទេសជាតិ។ ទាក់ទងរឿងអន្តោប្រវេសន៍ លោកអូបាម៉ា មិនចង់អោយលោកត្រាំ ដែលមានជំហរប្រឆាំងជនអន្តោប្រវេសន៍ខុសច្បាប់ ធ្វើការរើសអើង ធ្វើអ្វីហួសហេតុពេកចំពោះជនទាំងនោះទេ។ ពិសេសចំពោះជនអន្តោប្រវេសន៍ដែលចូលមកសហរដ្ឋអាមេរិក តាំងពីវ័យក្មេងមក ហើយគ្មានក្រដាសស្នាមត្រឹមត្រូវ។ បើមានអ្វីប៉ះពាល់ដល់យុវជនដែលធំដឹងក្តី នៅអាមេរិក ដែលជាពលរដ្ឋអាមេរិកពិតប្រាកដ លោកអូបាម៉ាប្រាប់ថា លោកនឹងចេញមុខជាសាធារណៈមិនខាន។

លោកអូបាម៉ាចង់បង្ហាញលោកត្រាំ ក៏ដូចជាពលរដ្ឋអាមេរិកថា ទោះជាចាប់ពីថ្ងៃស្អែកនេះទៅ លោកលែងធ្វើជាប្រធានាធិបតីក្តី ក្នុងនាមលោកជាពលរដ្ឋមួយរូប លោកក៏ត្រូវតែមានសិទ្ធិសង្កេតមើលការដឹកនាំរបស់មេដឹកនាំថ្មីដែរ។ ក្នុងនាមជាពលរដ្ឋ លោកមានសិទ្ធិតវ៉ា មានសិទ្ធិមិននៅស្ងៀម បើសិនជាតម្លៃរបស់ជាតិអាមេរិកធ្លាក់ចុះ ដោយសារលោកត្រាំ។

អូបាម៉ា៖អាមេរិកមិនត្រូវបំភ្លេចច្បាប់អន្តរជាតិ ដើម្បីផ្សះផ្សាជាមួយរុស្ស៊ីទេ !
ម្សិលមិញនេះ លោកអូបាម៉ាក៏បានលើកឡើងវិញ ពីបញ្ហារុស្ស៊ី រឺក៏តំបន់ដើមបូព៌ា អ៊ីស្រាអែល-ប៉ាឡេស្ទីនដែរ។ លោកអូបាម៉ាដឹងច្បាស់ថា លោកត្រាំមានទំនោរទៅរករុស្ស៊ី ទៅរកប្រធានាធិបតីពូទីន។ លោកអូបាម៉ារំលឹកថា ប្រាកដហើយដែលអាមេរិកត្រូវការទំនាក់ទំនងល្អជាមួយរុស្ស៊ី តែរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន អញ្ចឹងហើយទើបបានជាមានទណ្ឌកម្មប្រឆាំងរុស្ស៊ីឡើង។ លោកអូបាម៉ាមិនចង់អោយលោកដូណាល់ ត្រាំ យកលេសផ្សះផ្សាជាមួយរុស្ស៊ី ដោយភ្លេចគិតច្បាប់អន្តរជាតិទេ។

ប្រធានាធិបតីផុតអាណត្តិក៏បានទូន្មានដែរ ទាក់ទងបញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលនៅតែមិនអាចរកបានសន្តិភាពជាមួយគ្នា។ សម្រាប់លោកអូបាម៉ា តំបន់អាណានិគមជនជាតិជ្វីហ្វមិនមែនជាដំណោះស្រាយសន្តិភាពសម្រាប់ភាគីទាំងពីរ ក្នុងការបង្កើតរដ្ឋសន្តិភាពទេ។ ដូច្នេះ លោកត្រាំ ត្រូវតែមើលអោយមែនទែនរឿងនេះ។ អ៊ីស្រាអែល-ប៉ាឡេស្ទីន ជាបញ្ហាក្តៅគគុក គ្រប់ពេលវេលា។ លោកបានផ្តល់ដំបូន្មានបែបយ៉ាងថា គេមិនត្រូវស្តាប់តែមនុស្សដែលគាំទ្រគំនិតខ្លួននោះទេ- ពេលដែលលោកត្រាំធ្វើជាប្រធានាធិបតី ការពិតនឹងធ្លាក់នៅចំពោះមុខ។

និយាយរួម ដំបូន្មានលោកអូបាម៉ាចំពោះលោកត្រាំ គឺដើម្បីកុំអោយលោកត្រាំធ្វើអ្វីហួសហេតុ ដូចដែលលោកត្រាំធ្លាប់បានសន្យាមុនពេលជាប់ឆ្នោត។ ប៉ុន្តែ រវាងអូបាម៉ា និងត្រាំ, រវាងបក្សប្រជាធិបតេយ្យដែលផុតអាណត្តិ និងបក្សសាធារណរដ្ឋ ដែលត្រូវចូលកាន់អំណាច ស្អែកនេះ, បើភាគីទាំង២ នៅតែបន្តប្រឆាំងគ្នា វាគឺជារឿងសាមញ្ញក្នុងនយោបាយដឹកនាំ។ បើមួយនិយាយអ្វីហើយ មួយទៀតត្រូវតែបង្ហាញការរិះគន់ ការជំទាស់ជានិច្ច។

លោកអូបាម៉ា ក៏ដូចជាបក្សប្រជាធិបតេយ្យ មិនសប្បាយចិត្តប៉ុន្មានទេ ដែលបក្សសាធារណរដ្ឋចង់លុបចោលអ្វីៗ ដែលបក្សប្រជាធិបតេយ្យសម្រេចបាន ២អាណត្តិដឹកនាំកន្លងមក។ ជាក់ស្តែង ច្បាប់ធានារ៉ាប់រងសុខភាព អូបាម៉ាឃែរ ដែលមានទិសដៅអោយពលរដ្ឋគ្រប់រូបទទួលបានជំនួយពីរដ្ឋ បែរជាត្រូវបក្សសាធារណរដ្ឋប្រកាសថា នឹងលុបចោលទៅវិញ ព្រោះវាធ្វើអោយរដ្ឋចាយលុយច្រើន- ហើយថៅកែរកស៊ីក៏ដូចគ្នា។

បក្សសាធារណរដ្ឋចង់ដាក់ច្បាប់ថ្មីមកជំនួស តែក៏រក្សាខ្លឹមសារមួយចំនួនរបស់ច្បាប់ចាស់ដែរ។ ច្បាប់អូបាម៉ាឃែរ តំរូវអោយពលរដ្ឋគ្រប់រូបត្រូវតែទទួលសេវារ៉ាប់រងសុខភាព ចូលរួមជួយគ្នាអោយគ្រប់គ្នា អាចមានលុយបង់ថ្លៃសេវារ៉ាប់រងនេះដែរ។

លោកដូណាល់ ត្រាំ មិនចង់បង្ខំពលរដ្ឋអោយបង់ថ្លៃ ការធានារ៉ាប់រងទេ។ ព្រោះវាអាចជាចំណាយខ្ពស់សម្រាប់មនុស្សមួយចំនួន ខណៈពួកគេមានជម្រើស មានសិទ្ធិបដិសេធការបង់ថ្លៃនេះ។ និយាយទៅ លោកត្រាំមិនចង់អោយការបង់ថ្លៃសេវារ៉ាប់រងសុខភាព ចែងដោយច្បាប់អូបាម៉ាឃែរ ក្លាយជាកាតព្វកិច្ចរបស់ពលរដ្ឋអាមេរិកទេ។ ការបង់ថ្លៃ ត្រូវតែជាជម្រើសសម្រាប់ពួកគេវិញ ទើបជាការត្រឹមត្រូវ។ លោកដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃអង្គារថា ក្នុងអាណត្តិប្រធានាធិបតីត្រាំ- គ្មានមនុស្សណាម្នាក់ ដេកស្លាប់តាមដងផ្លូវទេ។

លោកត្រាំនៅតែប្រកាន់ជំហរការពារពលរដ្ឋអាមេរិក
ការដឹកនាំរបស់លោកដូណាល់ ត្រាំ ប្រហែលជាអាចដំណើរការបានល្អប្រសើរដែរ។ លោកត្រាំអាចមានទឹកមាត់ប្រៃគ្រាន់បើ។ មើលតាមការជាក់ស្តែង លោកធ្លាប់បានគំរាមមេក្រុមហ៊ុនធំៗ ពិសេសសហគ្រាសក្រុមហ៊ុនពហុជាតិ ដាក់សម្ពាធអោយក្រុមហ៊ុនទាំងនេះ បង្កើតការងារ អោយពលរដ្ឋអាមេរិកបានធ្វើ។

លោកត្រាំគំរាមមើលផ្នែកពន្ធដារពួកគេ។ ជាទូទៅ ច្បាប់ទីផ្សារអាមេរិកការពារក្រុមហ៊ុនរកស៊ីណាស់។ តែលោកត្រាំបែរជាហ៊ានគំរាមក្រុមហ៊ុនទាំងនេះទៅវិញ។ ការគំរាមរបស់លោក មានប្រសិទ្ធភាពគ្រាន់បើ។ ឃើញថា ពេលនេះ ក្រុមហ៊ុនមួយចំនួន បានរវាសរវៃ ស្តាប់តាម ធ្វើតាមលោក។ ដូចជា ក្រុមហ៊ុនរថយន្ត General Motors ចេណេរ៉ល ម៉ូធរ បានសម្រេចពង្រឹងសកម្មភាពរកស៊ីនៅអាមេរិក។ ក្រុមហ៊ុនAmazon អាម៉ាហ្សូនវិញ ក៏បានប្រកាសបង្កើតការងារប្រមាណមួយសែន នៅសហរដ្ឋអាមេរិកដែរ៕

ប្រភព៖ RFI