នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការការពារនិងអភិរក្សធនធានធម្មជាតិ នារសៀលថ្ងៃព្រហស្បតិ៍នេះ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានបង្ហើបឲ្យដឹងពីគម្រោងដាក់បញ្ចូលតំបន់ធម្មជាតិចំនួន១,៥លានហិកតាទៀត ជាតំបន់អភិរក្ស។ ប្រសិនបើគម្រោងនេះក្លាយជាការពិត តំបន់អភិរក្សនៅកម្ពុជាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន នឹងមានចំនួនសរុបទាំងអស់ជាង៧លានហិកតា។

ក្រសួងបរិស្ថាន គ្រោងដាក់បញ្ចូលតំបន់ធម្មជាតិទំហំ១,៥លានហិកតាទៀត ទៅក្នុងតំបន់អភិរក្សរបស់ខ្លួន។ នេះគឺជាការអះអាងរបស់លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការការពារនិងអភិរក្សធនធានធម្មជាតិ នៅទីស្ដីការក្រសួងបរិស្ថាននាថ្ងៃទី១៩មករានេះ។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ដ្រីមិនបានបង្ហើបឲ្យដឹងទេថា តំបន់ធម្មជាតិប្រមាណ១,៥ហិកតានោះ មានទីតាំងនៅក្នុងខេត្តណានៅឡើយទេ។

Loading...

ជាការកត់សម្គាល់ ប្រសិនបើគម្រោងនេះក្លាយជាការពិត តំបន់អភិរក្សនៅកម្ពុជាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន នឹងមានចំនួនសរុបទាំងអស់ជាង៧លានហិកតា ព្រោះថាសព្វថ្ងៃនេះ ក្រសួងបរិស្ថានមានតំបន់អភិរក្សនិងតំបន់ធនធានធម្មជាតិ៤៥កន្លែង គិតជាផ្ទៃដីប្រមាណ៦លានហិកតានៅក្នុងដៃរួចទៅហើយ។

អង្គការសង្គមស៊ីវិលធ្វើការលើបញ្ហាបរិស្ថាន បានលើកឡើងថា ដើម្បីការពារតំបន់ធម្មជាតិដែលមានផ្ទៃដីធំធេងបែបនេះ រដ្ឋាភិបាលត្រូវបង្កើនថវិកាបន្ថែម ដើម្បីពង្រឹងការគ្រប់គ្រងឲ្យបានគ្រប់ជ្រុងជ្រោយ ក៏ដូចជាត្រូវពង្រឹងធនធានមនុស្ស ទាំងមន្ដ្រីរបស់រដ្ឋនិងប្រជាសហគមន៍ផងដែរ។ សំខាន់ជាងនេះ រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថានផ្ទាល់ ត្រូវតែមានគោលការណ៍ច្បាស់លាស់ និងឆន្ទៈមុតមាំផងដែរ ទើបអាចការពារ និងគ្រប់គ្រងដែនអភិរក្សទាំងអស់ប្រកបដោយប្រសិទ្ធភាពបាន។

ជុំវិញលទ្ធភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់អភិរក្សនិងតំបន់ធនធានធម្មជាតិនេះ លោក សាយ សំអាល់ បានចាត់ទុកថាថាជារឿងធំ។ និងថា ក្រសួងកំពុងតែបណ្ដុះបណ្ដាលធនធានមនុស្ស កែប្រែរចនាសម្ព័ន្ធផ្ទៃក្នុង និងរៀបចំលិខិតបទដ្ឋានគតិយុត្តិ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

គួរជម្រាបជូនថា លោករដ្ឋមន្ដ្រីក្រសួងបរិស្ថាន ក៏បានយកវេទិកាសន្និសីទកាសែតនាថ្ងៃនេះ ពន្យល់បំភ្លឺអំពីការចុះផ្សាយរបស់អង្គការណាសា កាលពីសប្ដាហ៍មុនផងដែរ ដែលថា ព្រៃឈើរបស់កម្ពុជាកំពុងតែរលាយបាត់បង់។ លោកអះអាងថា អ្វីដែលណាសាលើកឡើងគឺជាទិន្នន័យចាស់។ និងថា មែនទែនទៅ បទល្មើសកាប់បំផ្លាញព្រៃឈើនៅកម្ពុជាបានថយចុះជាបន្តបន្ទាប់ បើទោះបីជាក្រសួងបរិស្ថានគ្មានទិន្នន័យច្បាស់លាស់ថា ថយចុះប៉ុន្មានភាគរយក៏ដោយ។ ចំណែកទិន្នន័យអំពីព្រៃឈើសរុបនៅកម្ពុជា ក្រសួងបរិស្ថានអះអាងថា ខ្លួនកំពុងតែប្រមូលទិន្នន័យឲ្យបានច្បាស់លាស់ មុននឹងទម្លាយឲ្យសាធារណជនជ្រាបជាផ្លូវការក្នុងពេលដ៏ឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រភព៖ RFI