មួយរយៈនេះបន្ទាប់ពីវិលត្រឡប់ទៅប្រទេសថៃបន្តការព្យាបាលខ្លួន ពៅ បញ្ញាពេជ្រ ហាក់មានសភាពសប្បាយរីករាយក្នុងចិត្តច្រើនពោលគឺក្រៅពីដើរលេងកំសាន្តនាងក៏បានច្រៀងលេងកំដរការអផ្សុកផងដែរ ។

ថ្មីៗនេះនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុក ពៅ បញ្ញាពេជ្រ បានបង្ហោះបទចម្រៀងដែលនាងច្រៀងដោយផ្ទាល់ជាបន្តបន្ទាប់ និង ច្រើនបទ ក្នុងនោះមានដូចជាបទ «បើបានបងជាគូ» , «ដងស្ទឹងស្លាគូ» , «ស្ពានកំពង់ហ្លួង» , «ចាំថ្ងៃវិលវិញ» … ជាដើម ។

កន្លងទៅក្នុងឱកាសបានមកលេងមាតុភូមិពេលបុណ្យអុំទូកក្រោយពីបាត់មុខអស់រយៈពេល ១០ ឆ្នាំពីពិភពសិល្បៈ ពៅ បញ្ញាពេជ្រ បានចូលរួមក្នុងកម្មវិធី POCARISWEAT នាថ្ងៃទី ១៨ វិច្ឆិកា ២០១៦ នាស្ថានីយទូរទស្សន៍ CNC ដោយនាងបានផ្តល់បទសំភាស និង ច្រៀង ជាដើម គេសង្កេតឃើញថា នាងទទួលបានការចាប់អារម្មណ៍ និង គាំទ្រកាន់តែច្រើនដោយខ្លះបង្ហាញការអាណិត , ខ្លះសរសើរថានៅស្អាត , ខ្លះថានាងនៅតែច្រៀងពីរោះទោះ ពិការ , ខ្លះថាឃើញនាងសើចគួរឲ្យស្រឡាញ់… ។

កាលនោះនាងបានរំលឹកប្រាប់ថា ក្រោយរងគ្រោះដោយការបាញ់ប្រហារពីខ្មាន់កាំភ្លើងមិនស្គាល់មុខរួចរូបនាងត្រូវបានគេបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមរយៈ ៥ ខែក៏បន្តបញ្ជូនទៅព្យាបាលនៅប្រទេសថៃរហូតមកដែលសារុបការចំណាយលើការព្យាបាលអស់ជាង ២០ ម៉ឺនដុល្លារហើយក្នុងនោះបានការជួយពីសំណាក់សប្បុរសជនក្នុង និង ក្រៅប្រទេសរួមទាំងប្រាក់បានមកពីការលក់ឡានលក់ផ្ទះរបស់នាងផងដែរ ។

ពៅ បញ្ញាពេជ្រ ត្រូវបានឃាតករលបលួចបាញ់ប្រហារចំនួន ២ គ្រាប់កាលពីថ្ងៃទី ២៣ កុម្ភៈ ២០០៧ វេលាម៉ោង ៦ និង ៣០ នាទីព្រឹកនៅម្តុំខាងកើតក្រសួងឧស្សាហកម្មរ៉ែ និង ឋាមពល ។ តាំងពីនោះរហូតមកទល់ពេលនេះ នាងធ្លាក់ខ្លួនពិការហើយសមត្ថកិច្ចមិនទាន់មានពន្លឺ ឬ អាចវែកមុខឃាតករឃើញនៅឡើយ ។

ចង់ដឹងថា ពៅ បញ្ញាពេជ្រ ច្រៀងបទអ្វី ? សូមទស្សនាឃ្លីបវីដេអូខាងក្រោមនេះដូចតទៅ ៕ ដេវីត

ប្រភព៖ pmhotnews