ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នៅថ្ងៃទី៦ ខែកុម្ភៈ បានចេញបញ្ជាឲ្យបណ្ដាប្រធាននាយកដ្ឋានចំណុះរដ្ឋាភិបាលទាំងអស់ ត្រូវមកធ្វើការឲ្យបានមុនគេ ដើម្បីធានាពីប្រសិទ្ធភាពក្នុងការផ្ដល់សេវាកម្មដល់ប្រជាជន។ លោក ក៏បានព្រមានថា បើមន្ត្រីទាំងនោះមិនមានមុខនៅកន្លែងធ្វើការគ្រប់ពេលនោះទេ ពួកគេប្រឈមមុខនឹងការអស់តំណែងមិនខាន ហើយលោកក៏មិនផ្ដល់ឱកាសឲ្យពួកគេម្ដងទៀតដែរ។

Image may contain: one or more people and people sitting

Loading...

បុរសខ្លាំងហ្វីលីពីន Rodrigo Duterte បានព្រមានដកតំណែងមន្ត្រីថ្នាក់ប្រធានទីភ្នាក់ងាររបស់រដ្ឋាភិបាលទាំងឡាយណាដែលមកធ្វើការយឺត និងមិនបានផ្ដល់សេវាកម្មឲ្យប្រជាជនឲ្យទាន់ពេលវេលា។ លោកបានដាក់បញ្ជាឲ្យបណ្ដាប្រមុខទីភ្នាក់ងាររដ្ឋទាំងនោះ ដោះស្រាយសំណើរបស់ប្រជាជនក្នុងរយៈពេលមួយខែ បើពុំនោះទេ លោកនឹងដកតំណែងពួកគេដោយមិនឲ្យដឹងមុនមិនខានឡើយ។

ក្នុងពិធីអាហារថ្ងៃត្រង់នៅវិមានប្រធានាធិបតីនៅថ្ងៃទី៦ ខែកុម្ភៈ ប្រធានាធិបតីរូបនេះនិយាយថា មន្ត្រីជានាយកទីភ្នាក់ងាររដ្ឋទាំងអស់ គួរតែជាមនុស្សមកដល់ការិយាល័យមុនគេ និងជាអ្នកចុងក្រោយគេដែលចាកចេញពីការិយាល័យដែរ ដើម្បីប្រាកដថា សេវាកម្មរបស់រដ្ឋាភិបាលត្រូវបានបែងចែកដោយមានប្រសិទ្ធភាព។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន ABS-CBN របស់ហ្វីលីពីន។

«គ្រប់ប្រធានទីភ្នាក់ងារទាំងអស់ ត្រូវមកធ្វើការមុនគេ និងត្រូវចេញក្រោយគេ។ ពួកគេត្រូវតែមានមុខនៅការិយាល័យរហូត។ ខ្ញុំសូមព្រមានឲ្យហើយ។ បើពួកគេមិននៅការិយាល័យទេ ហើយប្រជាជនកំពុងរង់ចាំការផ្ដល់សេវាកម្មនោះ ខ្ញុំនឹងដកតំណែងដោយមិនប្រាប់មុនឡើយ។ គ្មានលើកទីពីរអ្វីទាំងអស់។» នេះជាការព្រមានរបស់ប្រធានាធិបតី Duterte ដែលបានបញ្ជាក់ដែរថា លោកមិនអត់ឱនឲ្យមន្ត្រីដែលធ្វើការមិនបានល្អឡើយ។

ប្រភពព័ត៌មានដដែលបន្តថា ប្រធានាធិបតីរូបនេះ មិនខ្វល់ថា លោកត្រូវគេចងចាំជាប្រធានាធិបតីគ្មានប្រជាប្រិយភាពជាងគេឡើយ។ ពោល គឺគ្រប់គ្នាត្រូវតែគោរពច្បាប់ ពេលលោកកាន់អំណាច។ ម្យ៉ាងទៀតនោះ លោក Duterte ក៏អះអាងដែរថា រូបលោកផ្ទាល់ ក៏មិនត្រូវបានលើកលែងជាពិសេសអ្វីដែរ។ លោកបានលើកយកករណីដែលលោកជិះយន្តហោះកៅអីធម្មតា ជាឧទាហរណ៍ដើម្បីបញ្ជាក់ភាពសាមញ្ញរបស់លោកក្នុងនាមជាប្រធានាធិបតី។

តាមពិតនរណាក៏ដឹងដែរថា លោក Duterte ដែលចូលកាន់តំណែងបានជាងកន្លះឆ្នាំ ជាប្រធានាធិបតីដៃឆៅ និងនិយាយវាយប្រហារគ្រប់មនុស្សទាំងអស់។ យុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការរំលាយអង្គភាពប្រឆាំងគ្រឿងញៀនភ្លាមៗ ជាឧទាហរណ៍នៃរបៀបធ្វើការរបស់លោក។ ពេលកន្លងទៅ លោកថែមទាំងធ្លាប់គំរាមចាប់មន្ត្រីពុករលួយបោះទម្លាក់ពីឧទ្ធម្ភាគចក្រ បើពួកគេត្រូវរកឃើញថា មានកំហុសមែននោះ។ ពោល គឺលោកមិនអត់ឱនឲ្យពួកគេឡើយ៕

ប្រភព៖ ថ្មីៗ