ភ្នំពេញៈ បច្ចេកវិទ្យាទូរស័ព្ទដៃអាចនឹងជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីលើកកម្ពស់សកម្មភាពផ្លូវភេទរបស់នារីដែលធ្វើការក្នុងសេវាកម្មកម្សាន្តរបស់ប្រទេសកម្ពុជា និងជួយទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយដែលត្រូវបានធ្វើឡើងដោយអង្គការ KHANA និងមជ្ឈមណ្ឌលស្រាវជ្រាវសុខាភិបាលសកលលោក នៅសាកលវិទ្យាល័យ Touro នៃរដ្ឋ កាលីហ្វ័រញ៉ា។

របាយការណ៍ស្រាវជ្រាវបានឲ្យដឹងថា ការមាននៅគ្រប់ទីកន្លែងរបស់ទូរស័ព្ទដៃនៅប្រទេសកម្ពុជា សម្រាប់ការបញ្ជូនសារជាអក្សរ និងសារជាសម្លេងទៅកាន់ក្រុមមនុស្សដែលប្រឈមនឹងហានិភ័យ។ កាលពីឆ្នាំ ២០១៥ ចំនួនទូរស័ព្ទដៃរបស់ប្រទេសកម្ពុជាលើសពីចំនួនប្រជាជនកម្ពុជាសរុបដល់ទៅ ៦ លាន។

Loading...

៥១ ភាគរយនៃបណ្តានារីធ្វើការក្នុងវិស័យកម្សាន្ត ជាក្រុមមនុស្សដែលត្រូវបានគេកំណត់អត្តសញ្ញាណថា ប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ ដោយសារតែការពាក់ព័ន្ធញឹកញាប់ក្នុងការបម្រើសេវាផ្លូវភេទបានឲ្យដឹងថា ពួកគេផ្ញើសារជាអក្សរប្រចាំថ្ងៃ។

៩៨ ភាគរយ ពោលគឺស្ទើរតែទាំងអស់នៃក្រុមស្រ្តីដែលត្រូវបានស្ទង់មតិ បានឲ្យដឹងថា ពួកគេមានអារម្មណ៍ស្ងប់សុខនៅពេលដែលទទួលបានសារឯកជនទាក់ទងនឹងសុខភាព បើទោះបីជាពួកគេជាច្រើនប្រើទូរស័ព្ទរួមគ្នាក៏ដោយ។

ការសិក្សាស្រាវជ្រាវបានរកឃើញថា៖ «ខណៈដែលអ្នកចូលរួមភាគច្រើនមិនមានដាក់លេខកូដ ឬចាក់សោរទូរស័ព្ទ ភាគច្រើននៃពួកគេបានរាយការណ៍ថា ពួកគេមានអារម្មណ៍ស្រណុកចិត្តណាស់ នៅពេលដែលពួកគេបានទទួលព័ត៌មានស្តីពីសុខភាពនៅលើទូរស័ព្ទដៃរបស់ពួកគេ»។

របាយការណ៍បន្តថា៖«ភាគច្រើននៃក្រុមអ្នកចូលរួមមានយោបល់វិជ្ជមានអំពីសក្តានុពលនៃអន្តរាគមន៍នៃសារទាក់ទងនឹងសុខភាព»។

លោក ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកឡើងថា សារតាមទូរស័ព្ទ មានសក្តានុពលដើម្បីអប់រំទៅដល់ក្រុមមនុស្សដែលប្រឈមនឹងហានិភ័យអំពីវិធីបង្ការជម្ងឺអេដស៍។

លោកនិយាយថា៖«យើងចង់កម្ចាត់មេរោគអេដស៍ឲ្យបាននៅឆ្នាំ ២០២៥ ហើយយើងយល់ថា ទូរស័ព្ទដៃអាចចូលរួមចំណែកនៅក្នុងរឿងនេះ»។

របាយការណ៍ពិនិត្យឡើងវិញទៅលើគម្រោងសុខភាពតាមរយៈការផ្ញើសារជាអក្សរដែលបោះពុម្ភផ្សាយដោយបណ្ណាល័យសុខាភិបាលជាតិរបស់សហរដ្ឋអាមេរិកបានរកឃើញថា ភាគច្រើន អន្តរាគមន៍នៃសារទាក់ទងនឹងសុខភាព មាន«ឥទ្ធិពលយ៉ាងសំខាន់លើលទ្ធផល និង/ឬ ឥរិយាបថសុខភាព ដូចដែលបានបង្ហាញក្នុងស្ថិតិនានា»។

ក៏ប៉ុន្តែ មិនមែនគ្រប់គ្នាសុទ្ធតែមានសុទិដ្ឋិនិយមថា សក្តានុពលនៃអន្តរាគមន៍នេះនឹងមានសុពលភាពលើនារីធ្វើការក្នុងវិស័យកម្សាន្តនោះឡើយ។

លោក ស ម៉ូរ៉ា ប្រធានសម្ព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានឲ្យដឹងថា លោកបានទទួលជោគជ័យតិចតួចនៅពេលលោកព្យាយាមប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទដៃដើម្បីប្រមូលផ្តុំអ្នកធ្វើការក្នុងវិស័យកម្សាន្ត ជុំវិញបញ្ហាការងារណាមួយ។

លោកនិយាយថា៖ «យើងព្យាយាមបង្កើតកម្មវិធីទូរស័ព្ទ សម្រាប់ឲ្យពួកគាត់រាយការណ៍ពីការរំលោភបំពាន និងបញ្ហានានានៅកន្លែងធ្វើការ ក៏ប៉ុន្តែមិនបានមានដំណើរការល្អនោះឡើយ»។

លោក ស ម៉ូរ៉ា បន្តថា៖«ខ្ញុំយល់ថាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនគឺ អក្ខរកម្ម (ភាពចេះអក្សរ)។ អ្នកធ្វើការក្នុងសេវាកម្មកម្សាន្តជាច្រើនមិនចេះអាន និងសរសេរ ជាហេតុនាំឲ្យពួកគាត់មានបញ្ហាក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ»។

ការសិក្សាស្រាវជ្រាវខាងលើបានទទួលស្គាល់នូវអត្រាអក្ខរកម្មទាបក្នុងចំណោមអ្នកធ្វើការក្នុងសេវាកម្មកម្សាន្តនេះ ដោយបានកត់សម្គាល់ទៀតថា សារជាសម្លេងអាចនឹងប្រសើរជាងសារជាអក្សរក្នុងករណីជាច្រើន៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍