រាជធានីភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញសាររំលែកមរណទុក្ខផ្ញើជូនភរិយា លោក ម៉ា សេរី ប្រធានផ្នែកកម្មវិធីកីឡារបស់ស្ថានីយ៍ទូរទស្សន៍ CTN CNC MYTV ដែលលោកបានទទួលមរណភាពនាវេលាម៉ោង ៥ ៥៤ នាទីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះដោយរោគាពាធ។

ក្នុងសារដដែលនោះ សម្ដេចនិងភរិយា សូមចូលរួមរំលែកនូវសមានទុក្ខក្ដុកក្ដួលនិងសោកស្ដាយស្រណោះ ព្រោះថា ការបាត់បង់បង់លោក ម៉ា សេរី គឺជាការបាត់បង់ធនធានមនុស្សដែលមានវិជ្ជាជីវៈត្រឹមត្រូវ មានក្រមសីលធម៌ និងវោហារសាស្ត្រមិនចេះរឹងស្ងួតក្នុងការទាក់ទាញប្រជាប្រិយភាពសម្រាប់កម្មវិធីកីឡាដែលមានលោកជាប្រធានផ្នែកដ៏ឆ្នើមនិងឈ្លាសវៃ។

Loading...

បន្ថែមពីនេះក្នុងហ្វេសប៊ុកផ្លូវរបស់សម្តេចក៏បានបញ្ចេញសារបញ្ជាក់ពីអារម្មណ៍កើតទុក្ខរបស់សម្តេចតេជោមួយទៀតផងដែរ បន្ទាប់បានត្រឡប់មកពីពិធីបញ្ចុះខណ្ឌសីមានៅវត្តព្រែកប្រានៅព្រឹកនេះ។

សម្តេចបានសរសេរយ៉ាងដូច្នេះថា៖ “ថ្ងៃនេះទោះបីខ្ញុំរីករាយជាមួយបុណ្យបញ្ចុះខណ្ឌសីមានៅវត្តព្រែកប្រាក៏ដោយ តែខ្ញុំនៅមានទុក្ខជាមួយការបាត់បង់មិត្តភ័ក្ដិគឺលោក ម៉ាសេរី ដែលបានលាចាកលោកនេះនាព្រឹកមិញនេះ។ ខ្ញុំបានជួបលោក ម៉ា សេរី តាមទូរស័ព្ទ បន្ទាប់មកបន្តឆ្លងឆ្លើយគ្នាតាម line ដែលខ្ញុំបង្ហាញជូននេះ។

តាមគម្រោងព្រឹកនេះ ខ្ញុំនឹងផ្ញើសារសួរសុខទុក្ខគាត់ទៀតតែមិននឹកស្មានថាខ្ញុំទទួលសារពីលោក ហ៊ុយ វណ្ណៈ ថាលោក ម៉ាសេរី ទទួលមរណភាពទៅហើយ។ ខ្ញុំបាត់ដៃគូរដែលតែងហៅរកសួរនាំពីបញ្ហាកីឡា។ក្រៅពីសាររំលែកទុក្ខខ្ញុំគ្មានពាក្យអ្វីក្រៅពីពាក្យថាលាហើយជាមួយទឹកភ្នែកដើម្បីជូនដំណើរនោះឡើយ”

ប្រភព៖ kqube