ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ គឺជាបេះដូងរបស់ប្រទេសទាំងមូល ព្រោះវាបង្ហាញនូវអត្តសញ្ញាណជាតិសាសន៍របស់ខ្លួន សម្រាប់សម្គាល់ក្នុងចំណោមជាតិសាសន៍ដទៃទៀត ដែលមានវត្តមាននៅក្នុងពិភពលោកនេះ។ កម្ពុជាជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេស ដែលមានវប្បធម៌ល្អវិចិត្រ ប៉ុន្តែយុវជនបច្ចុប្បន្ន ហាក់កំពុងយកវប្បធម៌ខ្លួនឯងមកលេងសើចតាមគំនិតរាក់កំភែលរបស់ខ្លួន ដោយភ្លេចគិតថាអ្វីល្អ អ្វីអាក្រក់។

Image may contain: 2 people, people smiling

ជាក់ស្ដែងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកក៏បានរិះគន់យ៉ាងចាស់ដៃនៅរូបថតមួយសន្លឹករបស់កូនកំលោះក្រមុំមួយគូ ដែលពួកគេថតរូបដាំក្បាលចុះក្រោម ខណៈខ្លួនកំពុងគ្រង់នៅសំលៀកបំពាក់ប្រពៃណីខ្មែរ។ ធ្វើបែបនេះមិនដឹងថា អ្នកទាំងពីរមានន័យយ៉ាងដូចម្ដេចទេ ប៉ុន្តែមតិទូទៅហាក់មិនពេញចិត្តចំពោះទង្វើបែបនេះឡើយ ហើយវាក៏មិនសក្ដិសមទាល់តែសោះ ថ្ងៃសិរីសួស្ដីទាំងមូល បែរយកសំលៀកបំពាក់ប្រពៃណីមកលេងសើចទៅវិញ។

អ្នកលេងបណ្ដាញសង្គមខ្លះបានលើកឡើងថា សម្បត្តិវប្បធម៌ខ្មែរដែលសំខាន់ជាងគេ គឺមនុស្សខ្មែរ ដែលជាអ្នករក្សាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួនឱ្យគង់វង្ស ឋិតថេរចីរកាលតទៅ។ ផ្ទុយទៅវិញបើមនុស្សខ្មែរ មិនចេះថែរក្សា និងស្រឡាញ់វប្បធម៌ជាតិខ្លួនទេ នោះវប្បធម៌នឹងរលាយបាត់ ហើយជាតិខ្មែរ នឹងបាត់បង់អត្ថិភាពរបស់ខ្លួន។ ឈប់បាន ឈប់ទៅ! ។ល។

សូមបញ្ជាក់ថា ប្រពៃណី គឺជាបន្ទាត់កណ្ដាលមួយ សម្រាប់ញ៉ាំងមនុស្សជាតិ ដើម្បីឲ្យឆ្ពោះទៅរកសេចក្ដីថ្លៃថ្នូរ ទាំងបុគ្គលផ្ទាល់ និងសង្គមជាតិទាំងមូល ដូច្នេះយុវជនខ្មែរគ្រប់រូប ត្រូវមានវិចារណៈញាណខ្ពស់ ក្នុងការពិចារណាទង្វើរបស់ខ្លួន មុននឹងសម្រេចចិត្តធ្វើអ្វីមួយ នាំឲ្យជះឥទ្ធិពលអាក្រក់ដល់សង្គម ក៏ដូចជាខ្លួនឯងផ្ទាល់៕

ប្រភព៖ kqube