ភ្នំពេញ៖ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ត្រូវបានមេធាវីការពារក្តីសម្ដេច ហ៊ុន សែន ដាក់ពាក្យប្ដឹងទាមទារសំណង៥០ម៉ឹនដុល្លារ ពីបទមួលបង្កាច់និង ទម្លាក់ កំហុសទៅលើគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោក កែម ឡី។ លោក គឹម សុខ បដិសេធថា លោកមិនបានចោទគណបក្សប្រជាជនឡើយ។ លោកថា បណ្ដឹងរបស់សម្ដេច ហ៊ុន សែន គឺគ្រាន់តែចង់កៀបសង្កត់លោកមិនឲ្យតស៊ូមតិក្នុងសង្គមប៉ុណ្ណោះ។

Image may contain: 1 person, standing and suit

ខាងក្រោមនេះជាកិច្ចសម្ភាសតាមទូរសព្ទរវាងលោក រំដួល ចិត្រា ការីនិពន្ធនៃសារព័ត៌មានអេឡិចត្រូនិចថ្មីៗ និងលោក គឹម សុខ ៖

លោក រំដួល ចិត្រា៖ នៅពេលនេះមេធាវីសម្ដេច ហ៊ុន សែន បានប្ដឹងលោក ដែលបានបកស្រាយនៅក្នុងវិទ្យុអាស៊ីសេរី ទាក់ទងនឹងករណីស្លាប់របស់លោក កែម ឡី។ តើលោកមានការឆ្លើយតបបែបណាចំពោះបណ្ដឹងនេះ?

លោក គឹម សុខ៖ មែនទែនទៅ ខ្ញុំអត់បានចោទគណបក្សប្រជាជនដូចពាក្យបណ្ដឹងនេះទេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី ខ្ញុំបានប្រើពាក្យថា«គេ»។ ហើយបើយើងពិនិត្យមើលលើអត្ថន័យរបស់ខ្មែរសព្វនាម «គេ» នេះគឺមិនសំដៅលើនរណាម្នាក់ ឫក្រុមណាមួយឡើយ ដូចនេះបានន័យថាខ្ញុំប្រើពាក្យ«គេ»នេះ គឺអត់បានចោទទៅលើគណបក្សប្រជាជនទេ។ ម្យ៉ាងទៀតខ្ញុំបានប្រើពាក្យពីខាងដើមក្នុងកិច្ចសម្ភាសថា គណបក្សប្រជាជនមិនបានត្រៀមខ្លួនទៅការបោះឆ្នោតទេ តែមានគម្រោងការប្លន់យកអំណាច…។ ខ្ញុំទទួលស្គាល់ថាខ្ញុំបាននិយាយពាក្យនេះ ប៉ុន្តែគាត់មិនបានប្ដឹងត្រង់ចំណុចនេះទេ គាត់បែរជាកាត់តពាក្យខ្ញុំពីខាងដើមដែលមានប្រើពាក្យគណបក្សប្រជាជននេះ មកភ្ជាប់ត្រង់ចំណុចបាញ់សម្លាប់លោក កែម ឡី ហើយថាខ្ញុំចោទគណបក្សប្រជាជន ជាអ្នកសម្លាប់លោក កែម ឡី ទៅវិញ។ ហើយបើពិនិត្យមើលលើប្រយោគ ដែលខ្ញុំនិយាយទាក់ទងនឹងការបាញ់សម្លាប់លោក កែម ឡី នោះ គឺខ្ញុំនិយាយដោយគ្មានប្រើប្រធាន(ឈ្មោះ)ទៀត សូម្បីតែពាក្យថា«គេ»ក៏ខ្ញុំមិនប្រើដែរ។ ដូច្នេះខ្ញុំមានតែរង់ចាំមើលថាតើអ្នកច្បាប់ក្នុងតុលាការគេបកស្រាយយ៉ាងដូចម្ដេចលើខ្លឹមសារនៃពាក្យបណ្ដឹង និងការបកស្រាយរបស់ខ្ញុំក្នុងវិទ្យុអាស៊ីសេរីនេះ។

លោក រំដួល ចិត្រា៖ ក្នុងបណ្ដឹងនោះមេធាវីសម្ដេច ហ៊ុន សែន ទាមទារសំណងជំងឺចិត្តពីលោក រហូតដល់៥០ម៉ឺនដុល្លារ។ តើការទាមទារសំណងបែបនេះលោក អាចទទួលយកបានទេ?

លោក គឹម សុខ៖ ចំពោះសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារនេះ ខ្ញុំគ្មានអ្វីសងគាត់ទេ។ ខ្ញុំមានលុយមកពីណាសងគាត់ បើខ្ញុំជួលបន្ទប់គេស្នាក់នៅ១ខែតម្លៃ៨០ដុល្លារ? ខ្ញុំចាយវាយរិះថាំមួយខែមិនឲ្យលើសពី១៥០ដុល្លារផង។ ចំណែកគម្រោងការងារសង្គមតាមសាលារៀនក៏គេឈប់ជួលខ្ញុំឲ្យបង្រៀនទៀត។ ក្នុងខ្លួន ខ្ញុំមានតែ IPad មួយគ្រឿង Iphoneពីរគ្រឿង ដែលជាអំណោយដែលគេប្រគល់ឲ្យខ្ញុំទៀត។ តែបើគាត់ចង់បានយកចុះ! ប៉ុន្តែខ្ញុំយល់ថា រឿងប្ដឹងនេះវាគ្រាន់តែជាគំនាបនយោបាយដើម្បីសង្កត់ផ្លូវចិត្ត និងផ្លូវអារម្មណ៍ខ្ញុំមិនឲ្យខ្ញុំតស៊ូមតិក្នុងកិច្ចការសង្គម និងនយោបាយប៉ុណ្ណោះ ហើយវាមិនមែនជាមូលហេតុដែលគាត់ឈឺចិត្ត ហើយប្ដឹងទាមទារប្រាក់ដើម្បីបំពេញចិត្តគាត់នោះឡើយ។

លោក រំដួល ចិត្រា៖ សម្ដេច ហ៊ុន សែន បានផ្ដាំលោកកុំឲ្យរត់ចាកចេញពីប្រទេស ហើយបានបញ្ជាសមត្ថកិច្ចឲ្យតាមឃ្លាំមើលរូបលោកទៀត។ តើលោកមានបំណងចង់គេចពីការប្រឈមមុខនឹងបណ្ដឹងនេះមែនទេ ទើបបានជាសម្ដេច ហ៊ុន សែន ព្រលយពាក្យបែបនេះ?

លោក គឹម សុខ៖ ខ្ញុំមិនរត់ទៅណាទេ ខ្ញុំច្បាស់ហើយថាខ្ញុំមិនរត់ឡើយ។ ហើយខ្ញុំក៏មិនអង្វរអ្នកណាម្នាក់ដែរ។ ខ្ញុំនៅតតាំងរឿងក្តីនេះតាមច្បាប់ ព្រោះខ្ញុំជឿច្បាស់ណាស់លើទង្វើរបស់ខ្ញុំពិត និងសំឡេងពិតចេញពីមាត់ខ្ញុំ។ ប៉ុន្តែខ្ញុំសំណូមពរទៅសម្ដេចនាយករដ្ឋមន្ត្រីវិញថា កុំដាក់កងកម្លាំងឯកសណ្ឋានស៊ីវិលទាំងហ្វូងតាមរំខានការងារខ្ញុំច្រើនពេក ព្រោះវាបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលនៅជិតខ្ញុំ និងប៉ះពាល់ដល់ការងាររបស់ខ្ញុំ។ សម្ដេចគ្រាន់តែដាក់ប៉ូលិសមានឯកសណ្ដានត្រឹមត្រូវពីរនាក់តាមដានដំណើរខ្ញុំទៅបានហើយ ហើយខ្ញុំសន្យាសហការឲ្យបានល្អជាមួយគាត់។ សូមលេងល្បែងផ្លូវច្បាប់មែនទែន ដោយកុំប្រើវិធីបន្លាចរហូតដល់មានការប្រើកងកម្លាំងទៅធ្វើសកម្មភាពដល់ស្រុកកំណើតខ្ញុំទាំងមិនសមជាក្រុមមនុស្សចេះច្បាប់បែបនេះ។

លោក រំដួល ចិត្រា៖ ទាក់ទងនឹងសំណេរលើហ្វេសប៊ុកលោកវិញ លោកបានសរសេរថា ទោះជាមានរឿងអ្វីក៏ដោយ វាគ្រាន់តែបាត់បង់រូបលោកមួយរយៈពេល ឬបាត់បង់លោកម្នាក់ប៉ុណ្ណោះ។ ឃ្លានេះបានន័យដូចម្ដេច?

លោក គឹម សុខ៖ ឃ្លាថាបើបាត់បង់រូបខ្ញុំមួយរយៈពេលនេះ មានន័យថាបើខ្ញុំចាញ់ក្តី គេនឹងចាប់ខ្ញុំដាក់គុក ព្រោះនេះជាការប៉ុនប៉ងរបស់គេ។ ហើយបើខ្ញុំគ្មានលុយបង់ឲ្យគេទៀត គេនឹងចាប់ដាក់គុក ដូច្នេះវាមានន័យថាគេចមិនរួចពីគុកទេ។ តែបើមានអ្វីធ្ងន់ធ្ងរទៀតដល់បាត់បង់ជីវិតនោះ មានន័យថាវាអាចបាត់បង់ខ្ញុំតែម្នាក់ទេ ហើយបើសិនមានការបាត់បង់ខ្ញុំមែនវាក៏គ្មានអ្វីដែលត្រូវស្ដាយឡើយ។ ខ្មែរគ្រប់រូបមិនចាំបាច់តវ៉ាអ្វីដើម្បីខ្ញុំដែរ។ ប៉ុន្តែខ្មែរទាំងអស់ត្រូវរួមគ្នា ជាកម្លាំងប្រជាធិបតេយ្យឲ្យធំ ហ៊ានតស៊ូមតិប្រឆាំងភាពអយុត្តិធម៌ក្នុងសង្គម។ ហើយមានតែការផ្លាស់ប្ដូរទៅកាន់ប្រជាធិបតេយ្យពិតប្រាកដទើបពលរដ្ឋរស់នៅដោយភាពថ្លៃថ្នូរ ពលរដ្ឋលែងជួបរឿងយំសោក។

លោក រំដួល ចិត្រា៖ ដូច្នេះបានន័យថា លោក គឹម សុខ ដឹងខ្លួនថានឹងចាញ់ក្តីនេះ ?

លោក គឹម សុខ៖ ខ្ញុំមិនគិតថា ប្រព័ន្ធច្បាប់នៅកម្ពុជាសព្វថ្ងៃ អាចផ្ដល់យុត្តិធម៌ដល់ខ្ញុំទេ ពីព្រោះយើងគិតទៅមើលអ្វីៗដែលជាដំណើរការកន្លងមក គឺវាវិវត្តទៅតាមតែអ្វីដែលថ្នាក់ដឹកនាំចង់បានទៅវិញទេ។ ប៉ុន្តែការបង្ហាញជំហរមិនរត់ចោលការទទួលខុសត្រូវរបស់ខ្ញុំ ការបង្ហាញជំហរមិនរត់ចោលការតវ៉ា និងរកខុសត្រូវក្នុងកាលៈទេសៈនេះរបស់ខ្ញុំ គឺដើម្បីប្រាប់ពលរដ្ឋថា សង្គមមួយបើយើងចង់បាននីតិរដ្ឋពិតប្រាកដ ត្រូវក្លាហាននៅតទល់ នៅតវ៉ាប្រឆាំងសម្ពាធដែលធ្លាក់មកលើយើង។

លោក រំដួល ចិត្រា៖ ក្រោយរងបណ្ដឹងនេះ តើលោកនៅតែបន្តវិភាគទៀតដែរទេ?

លោក គឹម សុខ៖ អ្វីដែលជាសម្ពាធរបស់គេ គឺគេមិនចង់ឲ្យខ្ញុំនិយាយ មិនចង់ឲ្យខ្ញុំជួបពលរដ្ឋ មិនចង់ឲ្យខ្ញុំស្រាវជ្រាវនៅក្នុងសង្គមកម្ពុជានេះទៀត។ ប៉ុន្តែខ្ញុំមើលឃើញដូច្នេះ កាលណាយើងបាក់ស្មារតីរបៀបហ្នឹង មានន័យថាយើងកំពុងបំពេញបំណងនៃការចង់បានតាមផ្នែកនយោបាយរបស់គេហើយ។ បើយើងបំពេញបំណងផ្នែកនយោបាយរបស់គេ គឺយើងមិនអាចនាំសង្គមយើងឲ្យក្លាយជាសង្គមនីតិរដ្ឋពិតប្រាកដទេ។ ពលរដ្ឋ គឺជាបេះដូងប្រជាធិបតេយ្យ ហើយខ្ញុំចង់បង្ហាញពលរដ្ឋថា ខ្ញុំនៅបន្តចូលរួមទោះបីក្នុងកាលៈទេសៈគ្រោះថ្នាក់យ៉ាងណាក៏ដោយ៕

ប្រភព៖ ថ្មីៗ