ផ្កាកុលាប គឺជាផ្កាមួយប្រភេទដែលយុវវ័យមួយចំនួន តែងប្រើប្រាស់វាដើម្បីបង្ហាញពីក្តីស្រលាញ់របស់គេទៅកាន់នរណាម្នាក់ ក៏ប៉ុន្តែអ្នកដឹងទេថា វាមានប្រយោជន៍យ៉ាងណា ចំពោះស្បែករបស់អ្នក។ វាមានផ្តុកនូវសារជាតិដ៏សំខាន់ពីរយ៉ាងសម្រាប់ស្បែករបស់អ្នក ដូចជាសារជាតិប្រឆាំងទៅនឹងអុកស៊ីតកម្ម និងវីតាមីនC ដែលជាជំនួយដល់ស្បែករបស់អ្នក ឱ្យមានសុខភាពល្អ ព្យាបាលបញ្ហាស្បែកស្រអាប់ ព្រមទាំងកាត់បន្ថយបញ្ហាកន្ទួលក្រហម ក៏ដូចជាជួយបន្តឹងនូវស្បែកមុខរបស់អ្នកផងដែរ។

គ្រឿងផ្សំ៖

– ស្រទាប់ផ្កាកុលាប ២ស្លាបព្រាកាហ្វេ
– ទឹកដោះគោជួ ១ស្លាបព្រាកាហ្វេ
– សាច់បន្ទាលកន្ទុយក្រពើ កន្លះស្លាបព្រាកាហ្វេ
– ម្សៅដីឥដ្ឋ ១ស្លាបព្រាកាហ្វេ

ការណែនាំ៖

១. ជាដំបូងអ្នកត្រូវចាក់ស្រទាប់ផ្កាកុលាប ជាមួយនិងទឹកធម្មតាមួយចំនួន ចូលទៅក្នុងម៉ាស៊ីនក្រឡុក រួចធ្វើការកិនក្រឡុកវាអោយបានម៉ត់ល្អ។

២. បន្ទាប់មកបន្ថែមគ្រឿងផ្សំទាំងអស់ ចូលទៅក្នុងកូនចានស្អាតមួយ រួចច្របល់គ្រឿងផ្សំបញ្ចូលគ្នាឱ្យបានសព្វល្អ។

៣. សូមលាងសម្អាតផ្ទៃមុខរបស់អ្នក ឱ្យបានស្អាតល្អជាមុនសិន មុននឹងប្រើប្រាស់ល្បាយមួយនេះ។

៤. សូមលាបល្បាយមួយនេះ លើផ្ទៃមុខរបស់អ្នក ដោយប្រើជក់ស្អាតមួយមកជូតលាប ព្រមទាំងរក្សាទុករយៈពេល៣០នាទី។

៥. សូមធ្វើការម៉ាស្សាផ្ទៃមុខរបស់អ្នកថ្នមៗ ដោយប្រើម្រាមដៃរបស់អ្នក បន្ទាប់មកលាងផ្ទៃមុខរបស់អ្នក ជាមួយនឹងទឹកត្រជាក់ធម្មតា៕

ប្រភព៖ ខ្មែរប្រពៃ