សេចក្តីព្រាងគម្រោងក្រមប្រតិបត្តិស៊ីអូស៊ី ទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូង ត្រូវគេគិតថា នឹងក្លាយជាប្រធានបទសំខាន់មួយក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ក្នុងប្រទេសហ្វីលីពីននៅឆ្នាំនេះ ទោះជាវិវាទនេះបានថមថយទៅវិញ បន្ទាប់ពីមានកំណើននៃភាពតានតឹងក្តី។

វ៉ាស៊ីនតោន —ប្រទេសហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានប្តូរវេននៅឆ្នាំនេះ ដែលគេមើលឃើញថា បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង និងការធ្វើសេចក្តីព្រាងគម្រោង ក្រមប្រតិបត្តិស៊ីអូស៊ី (COC) គឺជាប្រធានបទសំខាន់មួយក្នុងកិច្ចប្រជុំអាស៊ានឆ្នាំនេះ។ មានការពិភាក្សាជាច្រើនកើតឡើងអំពីបញ្ហាសមុទ្រចិនខាងត្បូង និងការតាក់តែងគម្រោងក្រមប្រតិបត្តិស៊ីអូស៊ី មុនពេលកិច្ចប្រជុំរបស់ក្រុមមេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ប្រទេស។

សេចក្តីព្រាងគម្រោងក្រមប្រតិបត្តិស៊ីអូស៊ី ទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូងត្រូវគេគិតថា នឹងក្លាយជាប្រធានបទសំខាន់មួយក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ក្នុងប្រទេសហ្វីលីពីននៅឆ្នាំនេះ ទោះជាវិវាទនេះបានថមថយទៅវិញ បន្ទាប់ពីមានកំណើននៃភាពតានតឹងក្តី។

លោកឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានខ្មែរសម្រាប់ការសិក្សាយុទ្ធសាស្ត្របានថ្លែងថាប្រទេសហ្វីលីពីននឹងមិនបោះបង់ចោលទេ ព្រោះវាជាផលប្រយោជន៍ហ្វីលីពីនផង និងផលប្រយោជន៍រួមរបស់អាស៊ានផង។

«អាចមានលទ្ធភាពចេញរួចទាក់ទងនឹងកិច្ចព្រមព្រៀងជាគម្រោង Framework Agreement លើបញ្ហា ស៊ីអូស៊ី នៅតំបន់យើងនេះ។ យើងនៅចាំមើលលទ្ធផលនៃកិច្ចពិភាក្សា‍»។

លោកបានអះអាងថា ស៊ីអូស៊ីក៏ជួយដល់ហ្វីលីពីន ចងប្រទេសដែលមានទំនាស់កុំឲ្យប្រើកម្លាំងប្រដាប់អាវុធ ឬយន្តការហិង្សាណាមួយក្នុងតំបន់។ លោកគិតថា ហ្វីលីពីននៅតែជំរុញស៊ីអូស៊ី។

លោក អាឆ្មាដ រីហ្ស៊ែល ព័ណាម៉ា (Achmad Rizal Purnama) លេខាទូតទី១ នៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងប្រាប់វីអូអេថា គោលបំណងនៃការបង្កើតក្រមប្រត្តិបត្តិស៊ីអូស៊ី គឺដើម្បីបញ្ជៀសជម្លោះ និងបន្ថយភាពតានតឹង។

«ការបញ្ចប់ក្រមប្រតិបត្តិគឺជាវិធីតែមួយគត់ដែលអាស៊ាន និងចិនអាចធ្វើការជាមួយគ្នាបាន ដើម្បីធានាសន្តិភាព ស្ថេរភាព និងសន្តិសុខក្នុងតំបន់‍»។

លោកបានថ្លែងបន្ថែមថា សមាជិកអាស៊ានកំពុងរង់ចាំការសម្រេចរបស់ប្រធានឬ ម្ចាស់ផ្ទះថា តើចង់ឃើញការវិវត្តន៍របស់បញ្ហាសមុទ្រចិនខាងត្បូងត្រូវពិភាក្សាយ៉ាងណា។ តែលោកថាជាធម្មតា បញ្ហាសមុទ្រចិនខាងត្បូងតែងតែស្ថិតក្នុងកម្មវិធីនៃកិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូល។

«តែការរកដំណោះស្រាយអំពីដែនអធិបតេយ្យដែលមានជម្លោះគឺអាស្រ័យទៅលើភាគីពាក់ព័ន្ធ ជាការពិតគឺជាបញ្ហាទ្វេភាគី វាមិនមែនជាបញ្ហាពហុភាគី ឬជាបញ្ហាតំបន់នោះទេ‍»។

ប្រទេសចិនដូចជាអាស៊ានដែរ បានប្តេជ្ញាក្នុងកិច្ចប្រជុំកំពូលកាលពីឆ្នាំទៅក្នុងប្រទេសឡាវថា នឹងបង្កើតសេចក្តីព្រាងគម្រោងក្រមប្រត្តិបត្តិនៅពាក់កណ្តាលឆ្នាំ២០១៧នេះ ដើម្បីឈានទៅតាក់តែងក្រមប្រត្តិបត្តិស៊ីអូស៊ី និងបញ្ចប់ជម្លោះ ទោះជាការអះអាងរបស់ចិននោះមិនមានគេជឿថា ចិននឹងគោរពតាម ដូចចិនមិនគោរពតាមសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (DOC) យ៉ាងណាក៏ដោយ។

កម្ពុជាដែលជាសមាជិកអាស៊ានមួយត្រូវគេរាយការណ៍មកថា អាចនឹងរៀបចំកិច្ចប្រជុំអំពីការតាក់តែងគម្រោងក្រមប្រតិបត្តិស៊ីអូស៊ី នៅក្នុងពេលឆាប់ៗផងដែរ នៅពេលក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងចូលរួមកិច្ចប្រជុំអាស៊ាននៅក្នុងប្រទេសហ្វីលីពីននៅសប្តាហ៍ខាងមុខ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះធ្វើឡើង មុនពេលដែលកិច្ចប្រជុំកំពូលថ្នាក់ប្រមុខរដ្ឋ និងមេដឹកនាំប្រទេសជួបប្រជុំគ្នានៅចុងឆ្នាំ ដើម្បីពិភាក្សាបញ្ហាតំបន់និងបញ្ហាសាកលជាដើមក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ី បូព៌ាជាដើមនោះ។

BC312943-A365-428F-94F9-B66013C73391_w650_r0_sរូបភាពពីលើអាកាសបង្ហាញកប៉ាល់បូមខ្សាច់របស់ចិនកំពុងធ្វើសកម្មភាពនៅតំបន់ថ្មប៉ប្រះទឹក Mischief Reef នៅតំបន់ប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង

បើតាមការអះអាងរបស់លោកស្រី ស៊ីហូកុ ហ្គោតុ (Shihoko Goto) អ្នកស្រាវជ្រាវនៃ អង្គការតាក់តែងគោលនយោបាយ ឬមជ្ឈមណ្ឌល Woodrow Wilson Centerក្នុងរដ្ឋ ធានីវ៉ាស៊ីនតោន បានដាក់សំណួរចំពោះកិច្ចប្រជុំកំពូលក្នុងប្រទេសហ្វីលីពីនរបស់អាស៊ាន ហើយសង្ស័យអំពីតួនាទីចិនក្នុងតំបន់។

«ដូច្នេះនៅពេលដែលមានកិច្ចប្រជុំកំពូលមួយទៀតដែលរំពឹងថា តើវាគ្រាន់តែជាការចាប់ផ្តើមកិច្ចប្រជុំ ឬមួយវានាំទៅដល់លទ្ធផលជាក់ស្តែង? អ្វីទៅជាលទ្ធផលជាក់ស្តែងទាំងនោះ? លទ្ធផលជាក់ស្តែង គឺថាចិនត្រូវបញ្ឈប់ការកសាងសំណង់ ហើយជាការពិតតម្រូវឲ្យទទួលស្គាល់ការកាត់សេចក្តីរបស់តុលាការអន្តរជាតិ‍»។

លោកស្រីបានបន្ថែមអំពីក្តីរំពឹងទុកដែលកើតចេញពីកិច្ចប្រជុំកំពូលអាស៊ានថា៖

«ប្រសិនបើកិច្ចប្រជុំកំពូលខាងមុខនឹងពិភាក្សាអំពីការដាក់កំហិត ឬព្យាយាមធ្វើឲ្យការសម្រេចរបស់តុលាការអន្តរជាតិចូលជាធរមាន នោះគឺជាក្តីរំពឹងដ៏ធំធេងចំពោះរឿងនេះ។ តែខ្ញុំមិនគិតថា កិច្ចប្រជុំកំពូលនោះនឹងត្រូវនិយាយអំពីរឿងនេះជាសំខាន់ទេ‍»។

តុលាការអន្តរជាតិក្នុងទីក្រុងឡាអេហៅថា The Permanent Court of Arbitration បានកាត់សេចក្តីឲ្យហ្វីលីពីនឈ្នះក្តីកាលពីពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅ តែចិនមិនបានទទួលយកសាលដីកានោះទេដោយចាត់ទុកថា ដែនអធិបតេយ្យរបស់ខ្លួនបានចារក្នុងប្រវត្តិសាស្ត្រចិនជាង២ពាន់ឆ្នាំហើយ។

បើតាមអ្នកការទូតអាស៊ានម្នាក់វិញបានអះអាងថា ប្រទេសហ្វីលីពីនជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះទំនងជានឹងដាក់ឲ្យជជែកអំពីរឿងសមុទ្រចិនខាងត្បូងខ្លះដែរ ហើយនឹងធ្វើសេចក្តីថ្លែងការណ៍ផង តែក៏មិនរំពឹងថា នឹងធ្វើឲ្យមានការរង្គោះរង្គើរដល់ទំនាក់ទំនងថ្មីរបស់ហ្វីលីពីននិងចិន ដែលបានធ្វើឲ្យស្ថានការណ៍ធូរស្រាលក្នុងតំបន់អាស៊ាននោះដែរ។

ប្រទេសអាស៊ានទាំង១០ កំពុងអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (DOC) ដែលមានស្រាប់ ទោះជាភាគីចិនមិនបានគោរពតាមជាអចិន្ត្រៃយ៍ក្តី។ ប្រទេសដែលមានការទាមទារកម្មសិទ្ធិក្នុងសមុទ្រចិនខាងត្បូង គឺហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងដែនដីតៃវ៉ាន់។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ដែលរងសម្ពាធពីអន្តរជាតិ ជាពិសេសមហាអំណាចពិភពលោកនោះ គឺជាតំបន់ទីផ្សារសេដ្ឋកិច្ចទី៥ ក្នុងពិភពលោក ដែលមានផលិតផលសរុបរួមគ្នារហូតដល់ទៅជិត២លានលានកន្លះដុល្លារ។ ប្រទេសទាំង១០នេះរួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ភូមា ថៃ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ព្រុយណេ និងវៀតណាម៕

ប្រភព៖ VOA