ប្រភពព័ត៌មានពីរដ្ឋបាលខេត្តសៀមរាប និងសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថា វិវាទការងាររវាងនិយោជក និងបុគ្គលិកនិយោជិតសណ្ឋាគារVictoria Angkor Resort & Spa មានទីតាំងឋិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការពាក់ព័ន្ធយ៉ាងស្និទ្ធជាមួយសហព័ន្ធសហជីពកម្មករ និយោជិតវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា មានលោក ម៉ម រិទ្ធី ជាប្រធាន រហូតបង្កឲ្យមានសំណុំរឿងនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលផង សំណុំរឿងនៅស្ថាប័នតុលាការផង (ទាំងសំណុំរឿងព្រហ្មទណ្ឌ ទាំងសំណុំរឿងរដ្ឋប្បវេណី) នោះ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរហើយក្រោមរូបមន្ត«នយោបាយឈ្នះ-ឈ្នះ» ដែលមានការសម្របសម្រួលដោះស្រាយយ៉ាងសកម្មពីសំណាក់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាសមាជិកគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា(គ.ក.ប) ។

Victoria-2

សេចក្តីរាយការណ៍បានឲ្យដឹងថា ដំណោះស្រាយវិវាទការងារក្រោមរូបមន្ត«នយោបាយឈ្នះ-ឈ្នះ» រវាងភាគីនិយោជក និងភាគីបុគ្គលិក និយោជិតសណ្ឋាគារVictoria Angkor Resort & Spa នោះ គឺភាគីបុគ្គលិក និយោជិតបានយល់ព្រមទទួលយកការទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីភាគីនិយោជក និងភាគីនិយោជកបានព្រមព្រៀងដកពាក្យបណ្តឹងទាំងអស់ពីស្ថាប័នតុលាការដែលបានប្តឹងប្រឆាំងនឹងភាគីបុគ្គលិក និយោជិត ព្រមទាំងសហព័ន្ធសហជីពលោក ម៉ម រិទ្ធី ដើម្បីបង្កកនូវភាពសុខដុមនីយកម្មរវាងគ្នានិងគ្នាទៅវិញទៅមក ៕

Victoria-1ប្រភព៖ DTN7