ដូចមិត្តអ្នកស្តាប់ ជ្រាបស្រាប់មកហើយថា រឿង First They Killed My Father ឬ«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ផលិតដោយតារាហូលីវូដលោកស្រី Angelina Jolie គឺបានបញ្ចាំងជាលើកដំបូង នៅក្នុងខេត្តសៀមរាប កាលពីយប់មិញ។ ភាពយន្តនេះ ត្រូវចាក់បញ្ចាំង ក្រោមព្រះរាជវត្តមានរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ហើយអ្នកមុខអ្នកការច្រើនផ្សេងទៀត។ ចំពោះអ្នកទស្សនាខ្លះ ដែលជាអ្នកបានឆ្លងកាត់របបខ្មែរក្រហម គឺនៅតែបន្តរន្ធត់ នឹកស្រណោះអតីតកាល រហូតដល់សម្រក់ទឹកភ្នែកទៀតផង។ ទន្ទឹមនេះ មនុស្សមួយចំនួនសោកស្តាយដែលគ្មានឱកាសបានចូលមើលនឹងគេ។

បើទោះបីជា របបខ្មែរក្រហម បានផុតរលត់ជិត៤០ឆ្នាំទៅហើយ តែការចងចាំ គឺនៅតែដិតជាប់ និងបន្តលងបន្លាចអារម្មណ៍ពលរដ្ឋខ្មែរមួយចំនួនដដែល។

Loading...

ចំពោះអ្នកដែលបានចូលរួមទស្សនាភាពយន្ត«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នៅសៀមរាម កាលពីយប់ ១៨កុម្ភៈ គឺបានចែករំលែកអារម្មណ៍ជាហូរហែ ថារឿងនេះ គឺបង្ហាញពីទុក្ខវេទនារបស់កុមារីម្នាក់ ដែលខំត្រដររស់ និងហែលឆ្លងកាត់របបគ្រប់គ្រងដ៏ជូរចត់ គឺវាស្រដៀងនឹងជីវិតក្មេងៗដទៃទៀត។ រឿងនេះ បានធ្វើឲ្យអ្នកទស្សនានឹកដល់អតីតកាលរបស់ខ្លួន ដែលលំបាកវេទនា កាលពីនៅក្នុងកងកុមារ ជាក្មេងដើររើសជីអាច់គោឲ្យអង្កការបក្ស។ ហើយរឿងនេះ ក៏បានធ្វើឲ្យគេស្រក់ទឹកភ្នែកផងដែរ ដោយទប់នឹងអារម្មណ៍រំជួលចិត្តពុំបាន។

ទន្ទឹមនឹងការសោកស្តាយរបស់អ្នកដែលបានចូលទស្សនា, អ្នកចាស់ស្រុកនៅសៀមរាម អ្នកទៅពីខេត្តដទៃ ខេត្តឆ្ងាយៗដូចជាអ្នកខ្លះបានស្កាត់ទៅពីខេត្តកំពង់ចាមជាដើម ទៅទាំងគ្រួសារយាយតា កូនៗនិងចៅៗ ព្រមទាំងអ្នកកាសែតជាតិនិងអន្តរជាតិមួយចំនួន ក៏បានសម្តែងការសោកស្តាយដែរ ព្រោះគ្មានឱកាសអាចចូលមើលរឿងបាននឹងគេ។ ដ្បិតទី១ ដោយគ្មានលិខិតអញ្ជើញ ហើយទី២ ដោយការរៀបចំមិនរលូន លំបាកទាក់ទងសុំលិខិត និងណាត់ជួបអ្នករៀបចំកម្មវិធីជាដើម។

ទោះជាយ៉ាងណាក្តី ចំពោះអ្នកផលិតកុននេះ លោកស្រី Angelina Jolie ជាតារាហូលីវូដដ៏ល្បាញល្បី បានបញ្ជាក់ ថា ភាពយន្តនេះ គឺបានបង្ហាញពីការតស៊ូ ការខិតខំប្រឹងប្រែងរបស់ពលរដ្ឋខ្មែរ និងនឹងស្តែងពីទេពកោសល្យសម្តែង របស់តួអង្គខ្មែរ ក្នុងរឿងនេះ។ ការផលិតភាពយន្ត រឿងនេះឡើង ក៏ជាការថ្លែងអំណរអរគុណដល់ប្រទេសខ្មែរ ដែលបានផ្តល់ជីវិតថ្មីឲ្យរូបគាត់ផងដែរ។ កម្ពុជាបានផ្លាស់ប្តូរជីវិតរបស់លោកស្រី ជូលី ព្រោះថា លោកស្រីនឹងមិនអាចក្លាយជាម្តាយដ៏ល្អម្នាក់នោះទេ បើគ្មានប្រទេសកម្ពុជា។ នេះបើតាមការគូសបញ្ជាក់ក្នុងសន្ទរកថាខ្លីជាភាសាអង់គ្លេស។

តារាហូលីវូដសញ្ជាតិខ្មែររូបនេះ បញ្ជាក់ថា កូនប្រុសច្បង Maddox កូនខ្មែរដែលលោកស្រីយកទៅចិញ្ចឹម គឺមិនត្រឹមតែជាផ្នែកមួយនៃជីវិតរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែជាចំណែកមួយនៃកម្ពុជា និងដែលតែងតែនៅជាមួយគាត់។

គួរបញ្ជាក់ជាថ្មីថា ភាពយន្តរឿង First They Killed My Father ឬ «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះ នឹងបន្តទៅបញ្ចាំងជាថ្មីទៀត នៅភ្នំពេញ នៅថ្ងៃអង្គារ៍ ទី២១ ខែកុម្ភៈខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ចំណែកនៅខេត្តបាត់ដំបង រឿងនេះ នឹងបញ្ជាំងជាសាធារណៈ នៅសួនច្បារនាគបាញ់ទឹក នៅថ្ងៃព្រហ្បត្តិ៍ ទី២៣ ខែកុម្ភៈ សប្តាហ៍ក្រោយ។ ក្រោយមកទៀត គឺរឿងនេះ នឹងចេញផ្សាយនៅលើគេហទំព័រ Netflix នៅខែកញ្ញា ខាងមុខនេះ៕

ប្រភព៖ RFI