«បាទរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការប្រមូលផ្តុំ ហើយសេរីភាពនៃការជួបជុំអីរឹតត្បិតរឹតតែខ្លាំងមែនទែនហើយ»។ នេះបើយោងទៅតាមសម្តីប្រជាពលរដ្ឋមួយរូបមកពីខេត្តកណ្តាល។

ភ្នំពេញ —ខែម ស្រីមុំ ដែលជាអ្នករស់នៅក្រុងភ្នំពេញ តែងតែចេញមុខតវ៉ាជាបន្តបន្ទាប់ បើទោះជានាងមិនមែនជាជនរងគ្រោះក៏ដោយ។

67CB9282-E7E5-4DC6-9DCC-1FDF7241AB47_w1023_r1_sសាលារាជធានីភ្នំពេញចាប់ផ្តើមសាងសង់ទីលានប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឬស្សីកែវ ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីលានប្រជាធិបតេយ្យចាស់។ ទីលានថ្មីនេះអាចនឹងបើកឲ្យប្រើប្រាស់នៅក្នុងរយៈពេល៣ខែទៀត។ (ស៊ុន ណារិន/VOA)

ស្រីមុំ ដែលមានអាយុ៣៧ឆ្នាំ បានរំឭកថានាងបានមកទីលានប្រជាធិបតេយ្យបច្ចុប្បន្ន ដែលមានទីតាំងក្បែរវត្តភ្នំ ក្នុងខណ្ឌដូនពេញជាច្រើនដង ដើម្បីចូលរួមសម្ដែងមតិលើបញ្ហាទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី ការទាមទារដំឡើងប្រាក់ឈ្នួលរបស់កម្មកររោងចក្រកាត់ដេរ និងការរំលោភសិទ្ធិមនុស្សជាដើម។

«ខ្ញុំមិនមែនជាជនរងគ្រោះអី តែក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ដែរក្នុងនាមខ្ញុំជាម្ចាស់ប្រទេសម្នាក់ដែរ បញ្ហាដែលកើតក្នុងសង្គម បញ្ហាជាតិ បញ្ហារួមទាំងអស់គ្នា យើងត្រូវតែមកចូលរួមទាំងអស់គ្នា»។

ស្រីមុំបានមកទីលានប្រជាធិបតេយ្យដែលស្ថិតនៅក្បែរស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជានាពេលព្រឹកមួយ ដើម្បីមើលទិដ្ឋភាពទីលានប្រជាធិបតេយ្យជាលើកចុងក្រោយ។

នាងនិយាយថា៖

«តាមពិតទៅ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្ចាស់ប្រទេស ខ្ញុំអត់ត្រូវការដូរទីលាននេះទៅក្រៅក្រុងទេ។ ខ្ញុំចង់បានទីលាននេះនៅកន្លែងដដែល នៅកណ្ដាលក្រុងតែម្ដង»។

នាងពន្យល់ថា ការតវ៉ានៅទីលានប្រជាធិបតេយ្យចាស់ អាចងាយស្រួលឮដល់រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនានា។

«ធ្វើម៉េចឲ្យនៅកៀករដ្ឋាភិបាលតែម្ដង យើងមិនត្រូវបញ្ជូនឲ្យទៅឆ្ងាយ ឲ្យគាត់ពិបាក ក្នុងការធ្វើដំណើរ ឬក៏វាឆ្ងាយពីទីប្រជុំជន ពីរដ្ឋាភិបាល ពិបាកសំឡេងគាត់ឲ្យរដ្ឋាភិបាលឮ»។

សាលារាជធានីភ្នំពេញកំពុងរៀបចំទីលានប្រជាធិបតេយ្យថ្មីមួយដែលស្ថិតនៅជាប់នឹងដងទន្លេសាបក្នុងខណ្ឌឫស្សីកែវចម្ងាយប្រមាណ៥គីឡូម៉ែត្រពីទីលានប្រជាធិបតេយ្យចាស់។ ទីលានថ្មីនេះគ្រោងនឹងបើកឲ្យប្រើប្រាស់ក្នុងរយៈពេល៣ខែទៀត។

ទីលានប្រជាធិបតេយ្យចាស់ជាកន្លែងដែលគណបក្សសង្រ្គោះជាតិ បានតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ រហូតដល់មានការប៉ះទង្គិចគ្នាដោយហិង្សា។

46EF0C69-A315-483F-9483-1D0DF408F3F2_w650_r1_sទីលានប្រជាធិបតេយ្យនៅកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក ម៉ៅ ឆន អាយុ ៣៥ឆ្នាំ ជាពលរដ្ឋម្នាក់រស់នៅក្នុងខេត្តកណ្ដាល មានប្រសាសន៍ថា លោកធ្លាប់មកតវ៉ាជាច្រើនដងនៅទីលានប្រជាធិបតេយ្យ ក្នុងនោះមានការតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោតផងដែរ។

លោកក៏បានលើកហេតុផលថា ទីលានប្រជាធិបតេយ្យថ្មីស្ថិតនៅឆ្ងាយ ពិបាកធ្វើដំណើរទៅសម្ដែងមតិ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនគាំទ្រនិងមិនពេញចិត្តទេទៅលើការដូរទីតាំងនេះ»។

លោកបានលើកជាសំណួរថា ពេលប្រជាពលរដ្ឋត្រូវការដាក់ញត្តិទៅរដ្ឋាភិបាល តើពួកត្រូវធ្វើយ៉ាងណា។

លោកមានប្រសាសន៍ថា៖ «បាទរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការប្រមូលផ្តុំ ហើយសេរីភាពនៃការជួបជុំអីរឹតត្បិតរឹតតែខ្លាំងមែនទែនហើយ»។

ដោយត្រូវបានបង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១០ ទីលានប្រជាធិបតេយ្យចាស់ស្ថិតនៅក្បែរអគារខ្ពស់ចំនួន៣ ដែលមានកម្ពស់ចាប់ពី១០ទៅ៣០ជាន់។ ទីលានបច្ចុប្បន្ននេះ ក្លាយជាកន្លែងវាយបាល់ទះ កន្លែងជនអនាថាអត់ផ្ទះសម្បែងស្នាក់នៅ កន្លែងចតម៉ូតូ រថយន្តនិងជាកន្លែងលក់រថយន្តផងដែរ។

ដោយសារភាពតានតឹងកើតឡើងជាបន្តបន្ទាប់ រដ្ឋាភិបាលបានសម្រេចបិទទីលានប្រជាធិបតេយ្យមិនឲ្យមានការតវ៉ានិងការប្រមូលផ្ដុំនៅទីលាននេះ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤។

EB1B627A-4ABA-4EC4-8466-1FCE5A221CC4_w650_r1_sប្រជាពលរដ្ឋប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។ (រូបថតពី Reuters)

កាលពីខែកក្កដា ឆ្នាំ២០១៤ អំពើហិង្សាបានកើតឡើងរវាងអ្នកគាំទ្របក្សប្រឆាំងនិងក្រុមសន្តិសុខខណ្ឌនៅក្បែរទីលានប្រជាធិបតេយ្យ រហូតដល់មានការចាប់ខ្លួនមន្ត្រី តំណាងរាស្ត្រ និង អ្នកគាំទ្របក្សប្រឆាំង។ អ្នកទាំងនោះ ត្រូវបានតុលាការចោទប្រកាន់ពីបទធ្វើកុបកម្ម។

ក្រោយពីមានកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្រ្គោះជាតិរបស់អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ីទីលានប្រជាធិបតេយ្យដែលត្រូវបានហ៊ុមព័ទ្ធដោយរនាំងដែកនិងលួសបន្លាអស់រយៈពេលជាច្រើនខែ ត្រូវបានបើកឡើងវិញ។ ប៉ុន្តែ ការស្នើសុំសម្ដែងមតិនៅទីនោះត្រូវបានរឹតបន្តឹង ជាពិសេសការតវ៉ាទ្រង់ទ្រាយធំ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់VOAថា ទីលានប្រជាធិបតេយ្យថ្មីនឹងត្រូវសាលាក្រុងដាក់ឈ្មោះថា«សួនប្រជាធិបតេយ្យ»។ សួននេះនឹងត្រូវបានរៀបចំឲ្យមានកន្លែងចតរថយន្ត សួនច្បារកម្សាន្ត បន្ទប់ទឹកនិងឆាកជាដើម។

លោកបញ្ជាក់ថាទីតាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់គោលបំណងពីរ គឺជាកន្លែងសម្ដែងមតិផងនិងកន្លែងដើរលេងតាមសួនច្បារផង។

អ្នកនាំពាក្យរូបនោះឲ្យដឹងទៀតថាទីតាំងថ្មីនេះមានទំហំប្រមាណ១,៣ហិចតា ដែលធំជាងទីតាំងចាស់ប្រមាណកន្លះហិកតា។

លោក មាស ភក្តី បន្ថែមថាការផ្លាស់ប្ដូរទីតាំងគឺដោយសារមានការរអ៊ូរទាំពីប្រជាពលរដ្ឋនៅជុំវិញទីលានប្រជាធិបតេយ្យ។

«អញ្ចឹងហើយបានជាយើងគិតគូវិធានការធានាថាអ្នកសម្ដែងមតិនៅតែអាចមានទីកន្លែងសម្ដែងមតិហើយមិនប៉ះពាល់ដល់អ្នកដទៃ។ ហើយយើងគិតគូហើយបានជាចុងក្រោយ យើងគិតថាទីតាំងហ្នឹង គឺជាទីតាំងដែលសមរម្យជាងគេ ក្នុងការដែលយើងសម្រេចប្ដូរពីតាំងចាស់មក»។

អ្នកនាំពាក្យរូបនោះនិយាយថា លោកសង្ឃឹមថា នឹងមិនមានការតវ៉ាបិទផ្លូវជាតិលេខ៥ក្បែរទីលានប្រជាធិបតេយ្យថ្មី ឬការដង្ហែញត្តិចេញពីទីតាំងថ្មីមកទីក្រុងភ្នំពេញនោះទេ។

អ្នកនាំពាក្យសាលាក្រុងបញ្ជាក់បន្ថែម ថាទីតាំងចាស់នឹងត្រូវផ្លាស់ប្ដូរទៅជាសួនច្បារនិងកន្លែងសម្ដែងរបស់ជនពិការតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បានចាត់ទុកទីលានប្រជាធិបតេយ្យបច្ចុប្បន្នជា«ទីតាំងល្អគួរសម» ព្រោះទីតាំងនេះស្ថិតនៅទីប្រជុំជននិងចំកណ្ដាលក្រុង។ លោកស្រីបន្តថាការផ្លាស់ប្ដូរទៅទីតាំងចាស់ មិនអំណោយផលដល់ការបញ្ចេញមតិនោះទេ។

លោកស្រី ចក់ សុភាព បន្ថែមទៀតថាការផ្លាស់ប្ដូរទីតាំងទីលាននេះហាក់ផ្ទុយពីច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយសារការធ្វើឲ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រមូលផ្ដុំជាកាតព្វកិច្ចរបស់រដ្ឋ។

លោកស្រីថ្លែងប្រាប់VOAថា៖

«ការដែលយើងរុះរើហើយទៅកែប្រែទីលានប្រជាធិបតេយ្យទៅកន្លែងផ្សេង ហើយដែលឆ្ងាយពីទីប្រជុំជន ហើយបង្កនូវការលំបាក ដល់ពលរដ្ឋក្នុងការបញ្ចេញមតិបាននោះ ខ្ញុំមើលទៅជាចេតនាមួយផ្ទុយពីគោលបំណងច្បាប់នោះ»។

5DF0F13E-1327-4FA3-B4B6-C809A74AF6F0_w650_r1_sលោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ប្រាប់ VOA ថា ក្រោយបញ្ចប់កិច្ចពិភាក្សាពាក់ព័ន្ធនឹងសំឡេងយុវជនក្នុងនយោបាយកម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

មាត្រា២៨នៃច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីបានចែងថា រាជធានីនិងខេត្តនីមួយៗត្រូវបង្កើតកន្លែងបញ្ចេញមតិជាសាធារណៈ ដោយត្រូវជ្រើសរើសទីធ្លាឬមណ្ឌលសមស្របមួយកន្លែងដែលមនុស្សទូទៅងាយស្ដាប់ ឭនិងមើលឃើញនៅក្នុងទឹកដីនៃដែនសមត្ថកិច្ចរបស់ខ្លួន សម្រាប់ធ្វើបាតុកម្មដោយសន្តិវិធីឬបញ្ចេញមតិជាសាធារណៈ។

លោកស្រី ចក់ សុភាព បញ្ជាក់ថាលំហនៃប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរួមតូចទៅៗ ដោយសារស្ថានភាពនយោបាយបច្ចុប្បន្ននេះ។

លោកស្រី Wan-Hea Lee តំណាងការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាប្រាប់VOAតាមសារអេឡិចត្រូនិកថាការតវ៉ានិងសាររបស់អ្នកតវ៉ា ត្រូវតែបានឃើញនិងឭដោយក្រុមមនុស្សដែលជាគោលដៅរបស់អ្នកតវ៉ាហើយនេះជាផ្នែកមួយសំខាន់នៃសេរីភាពនៃការបញ្ចេញមតិនិងការប្រមូលផ្ដុំ។

«ការប្តូរទីតាំងទីលានប្រជាធិបតេយ្យទៅកន្លែងឆ្ងាយពីក្រុមគោលដៅរបស់ពួកគេ បណ្ដាលឲ្យបាត់បង់តម្លៃនៃការប្រមូលផ្ដុំ ដូច្នេះហើយច្បាស់ណាស់នឹងជាឧបសគ្គនៃការអនុវត្តសិទ្ធិសំខាន់ៗ»។

លោកស្រីមានប្រសាសន៍បន្ថែមថា៖

«ម្យ៉ាងវិញទៀត ប្រសិនបើរដ្ឋាភិបាលធានាថាសិទ្ធិទាំងនោះត្រូវបានអនុញ្ញាតឲ្យប្រជាពលរដ្ឋសម្ដែងមតិរបស់ពួកគេ តាមរយៈការប្រមូលផ្ដុំនៅទីសាធារណៈផ្សេងៗ តាមផ្លូវ ការផ្លាស់ប្ដូរទីតាំងទីលានប្រជាធិបតេយ្យ មិនសូវជាបញ្ហានោះទេ»។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ លោក ហ៊ុន សែន មានប្រសាសន៍ថាទីតាំងចាស់របស់ទីលានប្រជាធិបតេយ្យប៉ះពាល់ដល់ពាណិជ្ជកម្មទេសចរណ៍និងបង្កភាពរញ៉េរញ៉ៃ។

លោកបញ្ជាក់នៅពេលនោះថា៖ «តំបន់នេះយើងធ្វើខុសហើយ តំបន់នេះវាទាក់ទងទីតាំងប្រវត្តិសាស្ត្រវត្តភ្នំ។ អញ្ចឹងតែមានស្អីនៅកន្លែងហ្នឹងនរណាមកទេសចរណ៍វត្តភ្នំ? អញ្ចឹងយកទៅក្រៅទៅ។ ហើយបើថាមិនពេញចិត្ត លើកទៅដាក់មុខស្ថានទូតអាមេរិក មានតែប៉ុណ្ណឹង។ អាហ្នឹងសិទ្ធិរបស់យើងតើ»។

A2735278-3809-494C-AE79-A2CC5F4ED8BC_w650_r1_sរូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិលើកទីមួយស្ដីអំពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នៅថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

លោក ហ៊ុន សែន បានបញ្ជាក់ទៅក្រុមអ្នករិះគន់អំពីការប្ដូរទីតាំងនេះថា ក្រុមអ្នកតវ៉ានឹងនៅតែអាចបង្ហាញសាធារណជនឲ្យដឹងអំពីការបញ្ចេញមតិរបស់ពួកគេដដែល ទោះបីជាទីលានប្រជាធិបតេយ្យថ្មីនេះនៅឆ្ងាយបន្តិចក្ដី។

លោកថ្លែងថាអ្នកដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នៅតែអាចមើលឃើញសកម្មភាពសម្ដែងមតិនៅទីតាំងថ្មីនេះដដែល។

អ្នកទិតៀន លើកឡើងថា ការប្ដូរទីតាំងនៃទីលានប្រជាធិបតេយ្យនេះ ទំនងជារដ្ឋាភិបាលបញ្ចៀសការតវ៉ាទាំងឡាយណារបស់បក្សប្រឆាំងដែលអាចកើតមាន នៅពេលមានការបោះឆ្នោតឃុំ សង្កាត់នៅខែមិថុនា ឆ្នាំ២០១៧និងបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថាគណបក្សប្រឆាំងមិនគាំទ្រឲ្យប្ដូរទីលានប្រជាធិបតេយ្យនោះទេ។

«ហើយប៉ុណ្ណឹងផង នៅស្ថាប័នរដ្ឋខ្លះ ពេលដែលប្រជាពលរដ្ឋធ្វើការជួបជុំគ្នាបញ្ចេញមតិហ្នឹងមិនទាំងយកចិត្តទុកដាក់ផង។ ហើយចុះទម្រាំតែយកទៅដាក់នៅឆ្ងាយពីភ្នែកពីច្រមុះផង តើស្ថាប័នរដ្ឋទាំងអស់ហ្នឹងអើពើ ដោះស្រាយបញ្ហាប្រជាពលរដ្ឋទេ?»។

បើទោះបីជាមានការយល់ឃើញអវិជ្ជមានទៅលើការផ្លាស់ប្ដូរទីតាំងទីលានប្រជាធិបតេយ្យក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ក៏បានសម្ដែងការពេញចិត្តចំពោះការផ្លាស់ប្ដូរទីតាំងទីលានប្រជាធិបតេយ្យទៅកន្លែងថ្មី។

អ្នកស្រី សួន ចរិយា អាយុ៣០ឆ្នាំ ដែលជាអ្នកលក់ចាប់ហួយនៅជាប់ផ្លូវ៥១និងជាម្ចាស់ហាងលក់ឡាន ក្បែរទីលានប្រជាធិបតេយ្យ មានប្រសាសន៍ថា ការបង្ក្រាបការតវ៉ារបស់គណបក្សប្រឆាំងកាលពីកន្លងទៅ បានប៉ះពាល់ដល់ការរកស៊ីលក់រថយន្ត ដោយសារអ្នកស្រី បានបិទហាងដល់ទៅកន្លះខែ។

អ្នកស្រីមានប្រសាសន៍ថា៖

«បើខ្ញុំ ខ្ញុំចង់ឲ្យផ្លាស់ប្ដូរ ពីព្រោះវានៅកណ្ដាលក្រុង។ ពិបាក ពេលដែលមានការអីពិបាក តិចគេបិទផ្លូវ កូនទៅរៀនក៏អត់កើតដែរ តែបើនៅកណ្ដាល ស្ទះចង្អៀតតែម្ដង។ បើនៅទីឆ្ងាយបន្តិច វាទូលាយជាងអី តែប៉ុណ្ណឹង។ ពេលដែលគេចុះបង្ក្រាប ធម្មតា ប៉ះពាល់ពួកខ្ញុំហើយ ចេញចូលអត់កើត លក់ដូរក៏អត់កើត លក់ឡានក៏អត់កើតដែរ»។

ចំណែកពលរដ្ឋម្នាក់ទៀត លោកស្រី ហៅ ឆវី អាយុ៦២ឆ្នាំ ជាអ្នកលក់បបរគ្រឿងនៅតាមផ្លូវលេខ៥១ដែរនោះ បានបារម្ភពីសុវត្ថិភាពក្រុមគ្រួសារកាលពីគណបក្សប្រឆាំងតវ៉ានិងមានការបង្ក្រាប។

ទោះជាយ៉ាងណា លោកស្រីថាការប្ដូរឬមិនប្ដូរទីតាំងទីលានប្រជាធិបតេយ្យមិនមានបញ្ហាអ្វីចោទចំពោះលោកស្រីនោះទេ។

«ខ្ញុំអត់មានអីប្រឆាំង ស្រេចតែរាជរដ្ឋាភិបាល។ …វាប៉ះពាល់តិចតួចអញ្ចឹងដែរ តែធ្វើម៉េចវាម្ដងម្កាល។ ចេះតែទ្រាំទៅ វាមិនជាអីរាល់ថ្ងៃណា។ បើមានក៏មាន អត់ក៏ធម្មតា មានជាបញ្ហាអី»។

ទោះជាមានទីលានប្រជាធិបតេយ្យថ្មីក៏ដោយ នាង ខែមស្រីមុំ លើកឡើងថានាងនឹងមិនទៅសម្ដែងមតិនៅទីតាំងថ្មីនោះទេ។ នាងបញ្ជាក់ថា៖ «ខ្ញុំគិតថាគួរតែទៅរដ្ឋសភាតែម្ដងទៅ ព្រោះអីជាកន្លែង ស្ថាប័នរបស់ជាតិ របស់រដ្ឋ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ពេលណាប្រជាពលរដ្ឋមានកង្វល់អី យើងទៅស្ថាប័នរបស់រដ្ឋសភាតែម្ដងទៅ មិនបាច់ទៅទីលានថ្មី វាឆ្ងាយពិបាកធ្វើដំណើរ»៕

ប្រភព៖ VOA