ព្រះចៅអធិការវត្តមួយអង្គនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ អំពាវនាវឲ្យអាជ្ញាធរខេត្ត បិទរូបភាពព្រះពុទ្ធសាសនាផ្សព្វផ្សាយនៅតាមប៉ាណូកាត់ទទឹងផ្លូវ ជំនួសឲ្យការបិទផ្សាយគ្រឿងស្រវឹង ដើម្បីឲ្យពលរដ្ឋធ្វើដំណើរបានយល់ដឹងអំពីសាសនារបស់ជាតិកាន់តែច្រើន។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីឃើញនៅតាមប៉ាណូកាត់ទទឹងផ្លូវក្នុងខេត្តនេះ ត្រូវបានគេបិទផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជាច្រើនកន្លែង។

ព្រះសង្ឃនៅស្រុកព្រះនេត្រព្រះ មានថេរដីកាថា ផ្ទាំងប៉ាណូកាត់ទទឹងផ្លូវមានសារសំខាន់ណាស់ក្នុងការជួយផ្សព្វផ្សាយព្រះពុទ្ធសាសនា ទៅដល់ស្រទាប់យុវជនឲ្យបានយល់ដឹងឆាប់រហ័ស។

ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល ហៅវត្តខ្ចាស់ ព្រះតេជព្រះគុណ ចាន់ សុជន មានថេរដីកានៅថ្ងៃទី២២ កុម្ភៈ ថា អ្នកធ្វើដំណើរតាមដងផ្លូវភាគច្រើន ចាប់អារម្មណ៍ខ្លាំងទៅលើការបិទផ្សាយរូបភាពនៅតាមប៉ាណូកាត់ទទឹងផ្លូវ ព្រោះមានផ្ទាំងរូបភាពធំមើលឃើញច្បាស់ល្អ។ ព្រះអង្គមានថេរដីកាបន្ថែមថា ផ្ទាំងប៉ាណូនៅតាមផ្លូវជាតិសំខាន់ៗក្នុងខេត្តមួយនេះ ភាគច្រើនបិទផ្សាយពាណិជ្ជកម្មស្រាបៀ ដែលជាមធ្យោបាយទាក់ទាញឲ្យយុវជនឆ្កួតវង្វេងនឹងគ្រឿងស្រវឹង។

ព្រះអង្គអំពាវនាវសុំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ បិទផ្សាយរូបភាពព្រះពុទ្ធសាសនានៅលើប៉ាណូកាត់ទទឹងផ្លូវ ជំនួសឲ្យការផ្សាយគ្រឿងស្រវឹងវិញ ដើម្បីឲ្យពលរដ្ឋខ្មែរងាកមកចាប់អារម្មណ៍សាសនារបស់ជាតិ៖ «នៅប្រទេសថៃ ក៏គេមិនអនុញ្ញាតឲ្យបិទផ្សាយពាណិជ្ជកម្មស្រាបៀនៅលើផ្ទាំងប៉ាណូអ៊ីចឹងដែរ ហើយចម្លែកអីតែស្រុកយើង ឃើញផ្សព្វផ្សាយពាសវាលពាសកាល ហើយថែមទាំងឃោសនាជាពាក្យស្លោកថា ស្រាបៀជាបេះដូងខ្មែរ មោទនភាពជាតិអីទៅ។ អ៊ីចឹងវាដូចជាផ្ទុយនឹងអ្វីដែលប្រទេសយើងកាន់ព្រះពុទ្ធសាសនា តែទីបំផុតបែរជាយកស្រាបៀធ្វើជាបេះដូងទៅវិញ»។

អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២២ កុម្ភៈ ដោយលោកប្រាប់ថាជាប់រវល់ធ្វើសន្និបាត។

ចំណែកប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ លោក យិន យឿន មានប្រសាសន៍ថា លោកមិនហ៊ានសម្រេចតាមការស្នើសុំបាននៅឡើយទេ ក៏ប៉ុន្តែលោកថានឹងនាំសំណើនេះដាក់ទៅថ្នាក់ដឹកនាំខេត្ត ដើម្បីពិចារណាបន្ត៖ «ព្រោះប៉ាណូតាមផ្លូវទាំងអស់ ក្រុមហ៊ុនគេអ្នកធ្វើ ដូច្នេះទាល់តែអាជ្ញាធរខេត្តបានអាចនិយាយបាន។ អ៊ីចឹងរឿងនេះខ្ញុំនឹងជម្រាបទៅអភិបាលខេត្ត គាត់សម្រួលបានកិច្ចការនេះ។ ខ្ញុំក៏ឲ្យបានបិទរូបព្រះពុទ្ធសាសនាមានព្រះសង្ឃមានអីនៅលើប៉ាណូទៅជាការល្អ»។

ប្រធានអង្គការពុទ្ធសាសនា ដើម្បីការអភិវឌ្ឍន៍ប្រចាំខេត្តបាត់ដំបង លោក ប៉ុក សុជាតិ ឯកភាពទៅនឹងសំណើរបស់ព្រះសង្ឃដែលស្នើឲ្យបិទផ្សាយរូបភាពព្រះពុទ្ធសាសនានៅលើផ្ទាំងប៉ាណូតាមផ្លូវ គឺជារឿងល្អ។ លោកបញ្ជាក់ថា ការធ្វើបែបនេះ នឹងជំរុញឲ្យពលរដ្ឋងាកមកចាប់អារម្មណ៍ព្រះពុទ្ធសាសនាកាន់តែច្រើន៖ «បាទ! តាមពិតទៅ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បើយើងបិទរូបភាពព្រះពុទ្ធសាសនាទៅអាចជួយធ្វើឲ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ថែមទៀត ដូចជាក្នុងវិធីបុណ្យជាតិបុណ្យសាសនា ឬក៏ការអប់រំផ្នែកមាឃបូជា ឬពិសាខបូជាថ្ងៃបុណ្យផ្សេងៗជាដើម»។

កាលពីដើមខែកុម្ភៈ កន្លងទៅ ព្រះតេជព្រះគុណ ចាន់ សុជន បានដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ទៅបិទរូបភាពព្រះពុទ្ធសាសនានៅលើផ្ទាំងប៉ាណូកាត់ទទឹងផ្លូវជាច្រើនកន្លែងនៅក្រុងសិរីសោភ័ណ។ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ មួយចំនួនគាំទ្រ និងចាប់អារម្មណ៍ចំពោះរូបភាពដែលបានបិទនៅលើផ្ទាំងប៉ាណូនោះ។ ព្រះអង្គអំពាវនាវឲ្យអាជ្ញាធររក្សាទុករូបភាពទាំងនេះឲ្យបានយូរអង្វែងទៅមុខ និងស្នើឲ្យមានបិទរូបព្រះពុទ្ធសាសនាបន្ថែមនៅតំបន់ផ្សេងៗទៀត៕

ប្រភព៖ RFA