អ្នកឃ្លាំមើលអង្គសវនាការជុំវិញរឿងក្ដីឃាតកម្មលើលោកបណ្ឌិត កែម ឡី នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១ ខែមីនា សម្ដែងការខកចិត្ត និងចាត់ទុកសវនាការនោះថា ជាឆាកល្ខោនដែលគេរៀបចំទុកជាមុន ឬធ្វើឡើងដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ។

9aca7b9f-957d-44dc-a778-60c6832bc926ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧

Loading...

ទោះបីយ៉ាងណាក្តី ក្នុងអង្គសវនាការនោះ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានស្នើសុំឲ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចចោទប្រកាន់ និងផ្ដន្ទាទោសដាក់ពន្ធនាគារលើជនសង្ស័យឈ្មោះ អឿត អាង ឬ ជួប សម្លាប់ ទៅតាមបទល្មើសដែលបានប្រព្រឹត្ត។

អ្នកសង្កេតផ្នែកសិទ្ធិមនុស្ស យល់ឃើញថា ការជំនុំជម្រះដែលប្រើពេលប្រមាណ ៥ម៉ោងនោះ ធ្វើឡើងមិនគ្រប់ជ្រុងជ្រោយ ដោយនៅមានចំណុចមន្ទិលសង្ស័យជាច្រើនលើជនជាប់ចោទ ដែលតុលាការព្យាយាមមិនជីកកកាយ និងមិនទាន់ស៊ើបអង្កេតបន្ថែមទៀតនៅឡើយ។

មន្ត្រីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ដែលតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងសវនាការ និងបរិយាកាសខាងក្រៅ ពាក់ព័ន្ធរឿងក្តីនេះ បានប្រាប់អាស៊ីសេរីថា អង្គសវនាការករណីឃាតកម្មបណ្ឌិត កែម ឡី ធ្វើឡើងដោយខ្វះធាតុផ្សំជាច្រើន ដូចជាសមាសភាពសំខាន់ៗក្នុងក្រុមគ្រួសារជនរងគ្រោះ ដែលជាដើមបណ្តឹងរដ្ឋប្បវេណី មិនបានចូលរួម សាក្សីសំខាន់ៗជាសមត្ថកិច្ចក៏អវត្តមានដែរ។

ក្រៅពីនេះ នៅមានភាពខ្វះចន្លោះច្រើនទៀត និងភាពមិនស៊ីសង្វាក់គ្នារវាងចម្លើយសារភាពរបស់ជនជាប់ចោទ និងអង្គហេតុជាក់ស្តែងទាំងមុន និងក្រោយហេតុការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដែលធ្វើឲ្យសាធារណជនទូទៅនៅមានមន្ទិលសង្ស័យជាច្រើន៖ «នៅក្នុងអង្គសវនាការ ទោះធ្វើទៅតាមនីតិវិធី ក៏យើងពិនិត្យឃើញថា វាមានចំណុចមួយចំនួននៅមានការខ្វះចន្លោះ ដូចជាការបញ្ចាំងនូវវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅស្តារម៉ាត កាល់តិចនោះ មានរូបភាពមិនច្បាស់ ហើយអត់បញ្ចាំងត្រង់សកម្មភាពជនជាប់ចោទបាញ់ លោក កែម ឡី ទេ»។

ជនជាប់ចោទបានបដិសេធនៅក្នុងអង្គជំនុំជម្រះថា ខ្លួនពុំមែនឈ្មោះ អឿត អាង ដូចក្នុងរបាយការណ៍ស៊ើបអង្កេតរបស់តុលាការឡើយ។ មិនតែប៉ុណ្ណោះ ឈ្មោះ ជួប សម្លាប់ នេះបញ្ជាក់ថា ខ្លួនជាកូនកំព្រាតាំងពីកុមារភាព ហើយថែមទាំងពុំមានប្រពន្ធកូន និងទីលំនៅក្នុងខេត្តសៀមរាប ទៀតផង។

ការបដិសេធនេះ គឺផ្ទុយនឹងរបាយការណ៍របស់សមត្ថកិច្ច ដែលបានបង្ហាញពីអត្តសញ្ញាណជនជាប់ចោទ និងផ្ទុយពីប្រភពក្រុមគ្រួសារ និងប្រភពដទៃទៀតដែលពាក់ព័ន្ធជាមួយជនជាប់ចោទ។

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ព្រះអង្គមិនចាប់អារម្មណ៍ចំពោះសវនាការនេះឡើយ ដោយព្រះអង្គចាត់ទុកថា គឺជារឿងល្ខោនដែលមានអ្នករៀបចំឡើង ឬមានអ្នកដឹកនាំរឿងប្រកបដោយបច្ចេកទេសខ្ពស់៖ «តាំងពីដើមឡើយ ចាប់ពីបាញ់បណ្ឌិត កែម ឡី មក គឺអាត្មាថា គឺជាល្ខោន ដែលមានអ្នកដឹកនាំរឿងដដែលៗ ហើយស្ទាត់ជំនាញក្នុងការដឹកនាំរឿងសោកនាដកម្មសម្លាប់ជីវិតមនុស្ស ប៉ុន្តែអកុសលលេងក្នុងរោងដែលអត់វាំងនន ដែលមនុស្សក៏មើលឃើញ ទេវតាក៏មើលឃើញ»។

មេធាវីការពារក្ដីឲ្យជនជាប់ចោទ ជួប សម្លាប់ ឬ អឿត អាង គឺលោក យុង ផានិត និងសាក្សីជាសមត្ថកិច្ច អ្នកជំនាញ និងបុគ្គលិកកាល់តិច ព្រមទាំងជនជាប់ចោទបានព្យាយាមបដិសេធរាល់របាយការណ៍មួយចំនួនដែលតុលាការបានលើកឡើងនៅក្នុងសវនាការ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក លាង សំណាត់ សម្រេចលើកពេលប្រកាសសាលក្រមរឿងក្ដីឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់ នៅថ្ងៃទី២៣ ខែមីនា នៅពេលស្ដាប់សេចក្ដីសន្និដ្ឋានចុងក្រោយរបស់តំណាងអយ្យការ និងមេធាវីការពារក្ដីរបស់ជនជាប់ចោទ ព្រមទាំងស្ដាប់សំណូមពររបស់ជនជាប់ចោទរួច។

អ្នកឃ្លាំមើលអង្គសវនាការជុំវិញរឿងក្ដីឃាតកម្មលើលោកបណ្ឌិត កែម ឡី ភាគច្រើនមិនរំពឹងថា លទ្ធផលសវនាការដែលតុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី២៣ ខែមីនា ខាងមុខនោះ នឹងទទួលបានលទ្ធផលល្អ ឬអាចផ្ដល់យុត្តិធម៌ដល់គ្រួសារជនគ្រោះឲ្យស្ងប់ចិត្តបានឡើយ៕

ប្រភព៖ RFA