សិល្បៈ ៖ នៅព្រឹកនេះមានព័ត៌មានលើកបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបាននិយាយថា តារាចម្រៀងទើបដើរចេញពីទ្រនំចាស់ ស៊ុន ស្រីពេជ្រ បានចូលធ្វើកុងត្រាជាមួយផលិតកម្ម ថោន ប៉ុន្តែព័ត៌មានមិនទាន់ច្បាស់ការនេះត្រូវបានលោក អ៊ិន រិទ្ធីចិត្រ អ្នកគ្រប់គ្រងការផលិតនៅផលិតកម្ម ថោន បានប្រាប់ថា លោកមិនទាន់បានឃើញ ស៊ុន ស្រីពេជ្រ ចូលធ្វើកុងត្រាជាមួយ ថោន នៅឡើយ។

លោក អ៊ិន រិទ្ធីចិត្រ បន្តថា សម្រាប់ព័ត៌មានជាក់លាក់មិនទាន់បានដឹងច្បាស់ទេ ព្រោះការងារជ្រើសរើសតារាចម្រៀង គឺលោកអគ្គនាយក ថោន ជាអ្នកសម្រេចផ្ទាល់ ដោយឡែករូបលោកចាំតែទទួលយកការងារទេ គឺបើមានតារាថ្មីចូលធ្វើកុងត្រារួច ហើយថ្នាក់លើទម្លាក់ការងារឲ្យ ទើបលោករៀបចំបទចម្រៀងឲ្យតារារូបនោះ ពេលនោះហើយ ទើបលោកអាចនិយាយព័ត៌មានផ្លូវការបាន។
អ្នកគ្រប់គ្រងរូបនេះបន្តថា សម្រាប់វត្តមាន ស៊ុន ស្រីពេជ្រ ចូល ថោន អាចដឹងច្បាស់នៅពេលឆាប់ៗនេះ ព្រោះពេលនេះលោកក៏ទទួលបានព័ត៌មានខ្លះៗថា មានតារាចម្រៀងច្រើនត្រៀមចូលធ្វើកុងត្រាជាមួយ ថោន តែមិនទាន់បានដឹងវត្តមានតារារូបណាខ្លះទេ ដែលលោកអគ្គនាយកជ្រើសយក៕
ប្រភព៖ kqube