ការប្រកាន់ជំហរមិនឈ្លោះ មិនឆ្លើយ មិនឆ្លងរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចំពោះការទម្លាយសារសំឡេងទូរស័ព្ទឆ្លើយឆ្លងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់កំពុងធ្វើឲ្យលោក ហ៊ុន សែន ក្តៅស្លឹកត្រចៀកកាន់តែខ្លាំង។ លោក ហ៊ុន សែន ព្រមាននៅថ្ងៃទី៦ មីនា ថា នឹងទម្លាយសារឆ្លើយឆ្លងរវាងលោកជាមួយលោក កឹម សុខា បន្តទៀត បើលោក កឹម សុខា មិនព្រមទទួលស្គាល់ការពិត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែមិនបង្ហាញពីបំណងចាត់វិធានការទប់ស្កាត់ ឬបើកការស៊ើបអង្កេតតាមចាប់ខ្លួនម្ចាស់គណនីហ្វេសប៊ុក (Facebook) ឈ្មោះ សីហា ដែលហ៊ានបញ្ចេញសារឆ្លើយឆ្លងរបស់លោក និងលោក កឹម សុខា ប៉ុណ្ណោះទេ តែផ្ទុយទៅវិញ លោកបានចេញមុខទទួលស្គាល់សំឡេងរបស់លោក ហើយបែរជាខឹងលោក កឹម សុខា ដែលប្រកាន់ជំហរមិនឈ្លោះ មិនឆ្លើយ មិនឆ្លង ចំពោះការលេចធ្លាយសារនេះ។

ការប្រកាសគំរាមទម្លាយសារឆ្លើយឆ្លងជាមួយលោក កឹម សុខា នៅពេលនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីបក្សប្រឆាំងថ្លែងថា គណបក្សមិនចាប់អារម្មណ៍នឹងការបែកធ្លាយសារសំឡេងសម្ងាត់ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ជាសំឡេងសន្ទនារវាងលោក និងលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ។ ក្នុងពេលជាមួយគ្នា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏បានសរសេររបៀបឌឺដងនៅលើទំព័រហ្វេសប៊ុក កុំឲ្យពលរដ្ឋឲ្យតម្លៃទៅលើសារដែលគេបានទម្លាយនោះ ហើយដែលលោក សម រង្ស៊ី ចាត់ទុកថាជាការកាត់តយកមកផ្សព្វផ្សាយ ដើម្បីបំបែកបំបាក់ផ្ទៃក្នុងបក្សប្រឆាំងប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោក ហ៊ុន សែន វិញបានចេញមុខទទួលស្គាល់ថា សំឡេងដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សីហា បានបញ្ចេញនោះ គឺពិតជាសំឡេងរបស់លោក ១០០%។ លោកថែមទាំងបបួលលោក កឹម សុខា ទៅស្បថនៅព្រះអង្គដងកើ មុខព្រះបរមរាជវាំងទៀតផង បើលោក កឹម សុខា មិនទទួលស្គាល់សំឡេងរបស់ខ្លួន។

ប្រហែលជាដោយសារភាពព្រងើយកន្តើយ និងការឌឺដងរបៀបបញ្ឈឺចិត្តនេះហើយ ទើបលោក ហ៊ុន សែន មិនអាចទប់កំហឹង ហើយចាប់ផ្ដើមព្រមានទម្លាយសារឆ្លើយឆ្លងជាមួយលោក កឹម សុខា ឲ្យអស់៖ «អ្នកឯងចង់សាកអី បើចង់សាកខ្ញុំទម្លាយទាំងអស់ តាំងពីក្នុង Whatsapp SMS តិចអ្នកឯងថាខ្ញុំជាមនុស្សមិនបានការ គ្រាន់តែឯកសារដែលស្តុកដែលអ្នកឯង SMS មកខ្ញុំ អ្នកឯង Whatsapp មកខ្ញុំ អ្នកឯង Telegrams មកខ្ញុំ អ្នកឯង Line មកខ្ញុំ អ្នកឯងចង់ឲ្យខ្ញុំបញ្ចេញអី? ខ្ញុំនឹងបញ្ចេញឲ្យអ្នកឯងមើលទាំងអស់។ នៅស្រុកខ្មែរមានអ្នកណាជេរ ហ៊ុន សែន ថាអាយ៉ង ក៏ប៉ុន្តែមកធ្វើអាយ៉ងរបស់ ហ៊ុន សែន មានឈ្មោះថាម៉េច? និយាយឲ្យច្បាស់ អ្នកឯងកុំព្រហើន»។

ក្រៅពីថ្លែងគំរាមទម្លាយសារឆ្លើយឆ្លងទាំងអស់ជាមួយលោក កឹម សុខា លោក ហ៊ុន សែន ក៏និយាយឌឺដងទៅឲ្យលោក សម រង្ស៊ី ដែលលោកថាបានចេញមុខនិយាយជំនួសលោក កឹម សុខា និងចោទថាសារសំឡេងឆ្លើយឆ្លងទាំងនោះជាការកាត់ត។

ក្នុងពេលដែលលោក ហ៊ុន សែន ថ្លែងគំរាមទម្លាយសារឆ្លើយឆ្លងរបស់លោក កឹម សុខា នៅភ្នំពេញ នៅឯស្រុកស្អាង ខេត្តកណ្ដាល ឯណោះវិញ ក្នុងពេលថ្លែងទៅកាន់មន្ត្រីសកម្មជន និងអ្នកគាំទ្របក្សប្រឆាំង លោក កឹម សុខា មិនបានលើកឡើងពីការបែកធ្លាយសារសំឡេងឆ្លើយឆ្លងជាមួយលោក ហ៊ុន សែន នោះទេ។ ប្រធានថ្មីបក្សប្រឆាំងរូបនេះ ថ្លែងតែពីការពង្រឹងគណបក្ស ដើម្បីឈានដល់ការទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតនៅពេលខាងមុខប៉ុណ្ណោះ។

រីឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា លោកមិនមានអ្វីត្រូវឆ្លើយតបចំពោះការគំរាមរបស់លោក ហ៊ុន សែន នោះទេ។ លោកបញ្ជាក់ថា កិច្ចការដែលបក្សប្រឆាំងត្រូវធ្វើចំពោះមុខ គឺរៀបចំបេក្ខជន រៀបចំសារនយោបាយ និងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងពេលខាងមុខ។ លោក យឹម សុវណ្ណ សង្កត់ធ្ងន់ដែរថា បក្សប្រឆាំងមិនមានការបារម្ភពីការបែកបាក់ផ្ទៃក្នុង ដោយសារការទម្លាយសារឆ្លើយឆ្លងនេះទេ៖ «ដំណើរការទៅធម្មតា ថ្នាក់ដឹកនាំជួបគ្នា ចុះទៅធ្វើការជាមួយគ្នាតាមធម្មតា ដូចឃើញរូបភាពកាលពីព្រឹកមិញនេះ ឃើញថ្នាក់ដឹកនាំមានលោក កឹម សុខា មានលោកស្រី ជូឡុង សូមូរ៉ា គាត់អញ្ជើញចុះទៅខេត្តកណ្ដាល ដើម្បីទៅជួបសំណេះសំណាលជាមួយសកម្មជន ជាមួយថ្នាក់ដឹកនាំគណបក្ស»។

ទាក់ទងផ្លូវច្បាប់វិញ ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោក សុក សំអឿន មានប្រសាសន៍ថា ច្បាប់ទូរគមនាគមន៍កម្ពុជា មិនអនុញ្ញាតឲ្យបុគ្គលដែលហៅទូរស័ព្ទទៅភាគីមួយទៀតថតសំឡេងភាគីមួយទៀតបានឡើយ បើមិនមានការព្រមព្រៀងរបស់ភាគីមួយទៀត។ ចំពោះការបញ្ចេញសំឡេងឆ្លើយឆ្លងតាមទូរស័ព្ទវិញ លោកថាជារឿងខុសច្បាប់ បើភាគីមួយទៀតមិនព្រមព្រៀង៖ «បើសិនជាអត់មានព្រមព្រៀងទេដូចជាខុស ព្រោះអីគេអត់ព្រមផង! ប៉ុន្តែបើទូរស័ព្ទវាមានករណី២។ ទី១ បើអ្នកឯងខល (Call) មកខ្ញុំ ខ្ញុំមានសិទ្ធិថត ព្រោះអ្នកឯងចូលផ្ទះខ្ញុំ។ តែបើសិនយើងខល (Call) ទៅគេ ហើយយើងលួចថត ហ្នឹងអត់ត្រូវទេ ទាល់តែយើងប្រាប់គេ។ បើតាមទូរស័ព្ទអត់បញ្ចេញបានទេ បញ្ចេញទាល់តែមានការព្រមព្រៀង។ នេះបើយោងតាមច្បាប់ទូរគមនាគមន៍»។

ការលួចថតសំឡេង និងបញ្ចេញសារឆ្លើយឆ្លងរបស់បុគ្គលឯកជន កំពុងក្លាយជាជំងឺសង្គមថ្មីមួយទៀតនៅកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីមានការទម្លាយសារឆ្លើយឆ្លងបុគ្គលឯកជនរយៈពេលជិត ១ឆ្នាំនេះមក គេមិនទាន់ឃើញអាជ្ញាធរចាប់ខ្លួនអ្នកប្រព្រឹត្តិបានម្នាក់ណាឡើយ។ ផ្ទុយទៅវិញ ដោយសារការបញ្ចេញសារឆ្លើយឆ្លងជាបន្តបន្ទាប់នេះ បានធ្វើឲ្យលោក កឹម សុខា មន្ត្រីបក្សប្រឆាំង និងមន្ត្រីការពារសិទ្ធិមនុស្សមួយចំនួនទៀត ត្រូវបានតុលាការកាត់ទោស និងរហូតមកទល់ពេលនេះ អ្នកខ្លះកំពុងជាប់ក្នុងពន្ធនាគារនៅឡើយ៕

ប្រភព៖ RFA