Karim Benzema បានឲ្យសិស្សប្អូន  Kylian Mbappe ដែលជាសិស្សប្អូនរបស់ក្រុមជម្រើសជាតិបារាំង គិតឲ្យបានច្បាស់ក្នុងការផ្ទេរមកលេងនៅក្លឹបធំៗដូចជា៖ Real Madrid, Barcelona, Man Utd …ជាដើមថាការប្ដូរមកលេងក្លឹបធំហាក់រហ័សពេកហើយ។

ខ្សែប្រយុទ្ធវ័យក្មេងរបស់ Monaco កំពុងល្បីខ្លាំងដោយរកគ្រាប់បាល់បាន១៩គ្រាប់ ហើយឲ្យក្លឹបក្នុងរដូវកាលនេះរួមទាំងពីរគ្រាប់ក្នុង Champions League វគ្គ១៦ក្រុមចុងក្រោយ។

កីឡាករក្មេងរូបនេះមានព័ត៌មានជាប់ទាក់ទងទៅនឹងការផ្ទេរទៅលេងនៅក្លឹបធំៗដូចជា៖ Arsenal, Manchester United និង Barcelona  ក្នុងរដូវកាលដំបូងរបស់គេប៉ុន្តែសិស្សច្បង Karim Benzema ខ្សែប្រយុទ្ធ Real Madrid បានព្រមានអំពីការដូរទៅលេងក្នុងក្លឹបធំលឿនពេកធ្វើឲ្យរូបគេមិនអាចជោគជ័យ។

Bezema ដែលបានដឹងច្បាស់ពីការប្ដូរទៅលេងនៅក្លឹបធំគឺពី Lyon ទៅលេងនៅ Real Madrid ក្នុងវ័យដ៏ក្មេងកាលពីឆ្នាំ ២០០៩បានទទូចថា Mbappe អាចពិបាករកកៅអីលេងជម្រើសដំបូងបំផុត ឲ្យតែរូបគេប្ដូរទៅលេងនៅក្លឹបធំៗ ឆាប់រហ័សពេក។

“ ខ្ញុំបានប្រាប់គាត់ហើយថា គាត់ជាកីឡាករអស្ចារ្យ។ និយាយឲ្យស្មោះត្រង់ទៅ ខ្ញុំមិនទាន់បានឃើញគាត់ល្អខ្លាំងនៅឡើយទេ។ គាត់នៅក្មេងខ្លាំងណាស់។ បាល់ទាត់ពិតជាពិបាកណាស់ ពិសេសនៅក្លឹបធំៗ។ ខ្ញុំមកដល់ Real Madrid នៅវ័យ២១ឆ្នាំ ដោយខ្ញុំបានសម្រេចភាពជោគជ័យជាច្រើនរួចទៅហើយនៅ Lyon ប៉ុន្តែពេលដែលខ្ញុំមកដល់ទីនេះ ខ្ញុំបានទះកំផ្លៀងខ្លួនឯង” សម្ដី Bezema។

“ រដូវកាលដំបូងខ្ញុំពិបាកខ្លាំងណាស់ អ្នកនៅឆ្ងាយពីគ្រួសារ ហើយវាមានភាពខុសគ្នា វាពិតជាពិបាកពេលដែលអ្នកអង្គុយក្បែរយើង ដណ្ដើមកៅអីរបស់ខ្លួន។ ប៉ុន្តែបើអំពីអ្វីដែលមនុស្សរាល់គ្នាបាននិយាយ គាត់( Mbappe)ពិតជាកីឡាករល្អ ហើយខ្ញុំសង្ឃឹមថាគាត់នឹងមានអាជីពមួយដ៏អស្ចារ្យ តែត្រូវធ្វើតាមជំហានបន្តិចម្ដងៗ។ ខ្ញុំគិតថាគាត់មិនគួរឆាប់ចាកចេញពេកទេ បើអ្វីៗដំណើរការល្អនោះមិនអីទេ តែបើអ្នកមិនសូវបានចូលលេងវិញ នោះពិតជាពិបាក” កីឡាករវ័យ២៩ឆ្នាំបានបន្ត។

Mbappe ត្រូវបានគេដឹងថាបានរកគ្រាប់២០គ្រាប់ហើយក្នុងការចូលលេងឲ្យ Monaco ៤៦ប្រកួតតាំងបីចូលលេងឈុតធំដំបូងឆ្នាំ២០១៦។ ទម្រង់លេងល្អនេះបានធ្វើឲ្យគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងកោះហៅទៅលេងជម្រុះWorld Cup ៕ ប្រភព៖ kqube