នៅចំពេល ដែលរដ្ឋសភាកម្ពុជាបានបើកសម័យប្រជុំលើកទី៨ នៅថ្ងៃនេះ ព្រះមហាក្សត្រកម្ពុជាបានផ្ញើព្រះរាជសារជូនរដ្ឋសភា ដោយព្រះអង្គទ្រង់បង្ហាញក្តីសង្ឃឹមថា រដ្ឋសភានឹងបន្តខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមចំពោះមុខ បន្តទៀត ដើម្បីធានាបាននូវសង្គមកម្ពុជាមួយ ប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ អ្នកតាមដានសង្គមលើកឡើងថា នេះជាលើកទី២ហើយ ដែលព្រះមហាក្សត្រកម្ពុជាបង្ហាញសារ ជាគន្លឹះសំខាន់ៗ ចំពោះបញ្ហា ដែលកម្ពុជាកំពុងតែជួបប្រទះ។

ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី បានសម្តែងក្តីសង្ឃឹមថា រដ្ឋសភាជាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល នឹងបន្តខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមចំពោះមុខ បន្តទៀត ដើម្បីសម្រេចឲ្យបាននូវ ទិសដៅរួមជាជំហានៗ ធានាបាននូវសង្គមកម្ពុជាមួយ ប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលអានដោយលោកហេង សំរិន ប្រធានរដ្ឋសភានៅក្នុងរដ្ឋសភា នាថ្ងៃទី០៧ ខែមេសា បានឲ្យដឹងទៀតថា ការអភិវឌ្ឍប្រកបដោយចីរភាព និងសីលធម៌ គឺការធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន យូរអង្វែង។

ការបង្ហាញក្តីសង្ឃឹមរបស់ព្រះមហាក្សត្រនៅពេលនេះ គឺចំពេលដែលប្រទេសកម្ពុជាកំពុងតែត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅដើមខែមិថុនាខាងមុខនេះ។ គណបក្សនយោបាយប្រមាណ១២គណបក្ស នឹងចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ ខណៈបក្សប្រឆាំងកំពុងតែមានរឿងចម្រូងចម្រាសរវាងក្រសួងមហាផ្ទៃជុំវិញសមាសភាពអនុប្រធានគណបក្ស។

លោកបណ្ឌិតមាស នី អ្នកតាមដានសង្គមបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថានេះ គឺជាលើកទី២ហើយ ដែលព្រះមហាក្សត្រកម្ពុជា បានបង្ហាញសារ ជាគន្លឹះសំខាន់ៗចំពោះបញ្ហាដែលកម្ពុជាកំពុងតែជួបប្រទះ។ លោកបន្ថែមថា សាររបស់ព្រះមហាក្សត្រនៅពេលនេះហាក់ដូចជាបង្ហាញពីការព្រួយបារម្ភដែរ ចំពោះស្ថានការណ៍ និងការវិវឌ្ឍនយោបាយក្នុងប្រទេស។ លោកបញ្ជាក់ថាព្រះមហាក្សត្រហាក់ដូចជាកំពុងចាប់ផ្តើមបំពេញតួនាទីរបស់ព្រះអង្គ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។

គួរជម្រាបជូនថានៅថ្ងៃទី៧ ខែមេសា នេះរដ្ឋសភាកម្ពុជាបានបើកសម័យប្រជុំរបស់ខ្លួនលើកទី៨ ដោយបានលើកយករបៀបវារៈមួយចំនួនមកពិភាក្សា និងអនុម័ត។ ក្នុងចំណោមរបៀបវារៈទាំងនោះ ក៏មានរបៀបវារៈ ពីការអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការ និងការប្រកាសទទួលស្គាល់លោកជា វ៉ាន់ដេត ជាតំណាងរាស្ត្រថ្មីប្រចាំមណ្ឌលខេត្តតាកែវ ជំនួសលោកសុខ អាន ដែលបានទទួលមរណភាពផងដែរ៕ ប្រភព៖ rfi