(វ៉ាស៊ីនតោន)៖ នាវាចម្បាំងរុស្ស៊ីបានចល័តចូលដែនទឹកភាគខាងកើត នៃសមុទ្រមេឌីទែរ៉ាណេនៅថ្ងៃសុក្រនេះ ហើយកំពុងតែសំដៅឆ្ពោះទៅរកតំបន់ ដែលជាទីនាវាពិឃាតចំនួនពីរគ្រឿងរបស់សហរដ្ឋអាមេរិក បានបើកការវាយប្រហារមីស៊ីលយ៉ាងចាស់ដៃ ទៅលើមូលដ្ឋានទ័ពអាកាសរបស់រដ្ឋាភិបាលស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News មុននេះបន្តិចនៅយប់ថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។

មន្រ្តីការពារជាតិអាមេរិកមួយរូប បានឲ្យដឹងថា នាវាចម្បាំងរបស់រុស្ស៊ីឈ្មោះ Admiral Grigorovich RFS-494 បំពាក់ដោយគ្រាប់មីស៊ីលដ៏ទំនើប Kalibr បានធ្វើដំណើរឆ្លងកាត់ចក្រសមុទ្រ Bosphorus នៅប៉ុន្មានម៉ោងមុននេះ ដោយចេញពីសមុទ្រខ្មៅ ហើយមកទល់ពេលនេះវាកំពុងតែស្ថិតនៅភាគកើតសមុទ្រមេឌីទែរ៉ា និងសំដៅទៅកាន់ទិសដៅ នៃនាវាពិឃាតរបស់សហរដ្ឋអាមេរិក។ យ៉ាងណាមិញសារព័ត៌មានរុស្ស៊ី ដោយផ្អែកលើប្រភពពីកម្លាំងយោធា នៃរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានបញ្ជាក់ថា នាវាចម្បាំងនេះ មានគោលដៅធ្វើដំណើរទៅកាន់មូលដ្ឋានដឹកជញ្ជូនរបស់កងទ័ពជើងទឹករុស្ស៊ី នៅក្នុងទីក្រុង Tartus នៃប្រទេសស៊ីរី។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបាញ់ស្រោចគ្រាប់មីស៊ីលចំនួន៥៩គ្រាប់ ទៅលើបន្ទាយទ័ពអាកាសមួយកន្លែង របស់ប្រទេសស៊ីរី ជាការសងសឹកចំពោះការវាយប្រហារដោយអាវុធគីមីដ៏ឃោឃៅបំផុត របស់លោក បាស្សាដ អាល់ អាស្សាដ ប្រឆាំងនឹងប្រជាជនស៊ីវិលស្លូតត្រង់ រួមមានទាំងទារកនិងកុមារតូចៗ៕

Image may contain: ocean, sky, outdoor and water

Image may contain: one or more people

ប្រភព៖ freshnewsasia