(ដាម៉ាស)៖ ប្រជាជននៅក្នុងរដ្ឋធានីដាម៉ាស់នៃប្រទេសស៊ីរី បានបញ្ចេញប្រតិកម្មរិះគន់ធ្ងន់ៗ ចំពោះការវាយប្រហារដោយមីស៊ីលដល់ទៅជិត៦០គ្រាប់ របស់យោធាសហរដ្ឋអាមេរិក  ទៅលើមូលដ្ឋានទ័ពអាកាសរដ្ឋាភិបាលលោក បាស្សា អាល់ អាស្សាដ និងថែមទាំងបានចាត់ទុកថាជាទង្វើឈ្លានពានប្រឆាំងនឹងប្រជាជាតិស៊ីរីទាំងមូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០១៧។

Loading...

ពលរដ្ឋស៊ីរីម្នាក់បានប្រាប់ទៅកាន់ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT យ៉ាងដូច្នេះថា «នេះគឺជាឧក្រិដ្ឋកម្មសង្រ្គាម សុទ្ធសាធពីព្រោះតែកងទ័ពស៊ីរីទាំងនោះ គឺជាចំណែកនៃប្រទេសរបស់យើង»។ ជនរួមជាតិស៊ីរីម្នាក់ទៀត បានបញ្ជាក់ថា «ក្នុងនាមជាប្រជាជនស៊ីរីយើងពុំមានភាពភ័យខ្លាចរអាសោះឡើយ ហើយពួកយើងដឹងច្បាស់ថា យើងត្រូវបានគេកំណត់គោលដៅ និងមានអ្នកចាំបង្កើតគំរោងការអាក្រក់ដើម្បីប្រឆាំងនឹងប្រជាជាតិយើង។ ជារៀងរាល់ពេលដែលពួកយើងបន្តបោះជំហានឆ្ពោះទៅរកស្ថិរភាពនិងជ័យជម្នះ ពួកគេវាយប្រហារមកយើង ឬមួយក៏បញ្ជូនក្រុមភេរវករមកក្នុងប្រទេសរបស់ពួកយើង ប៉ុន្តែយើងនឹងមិនខ្លាចនរណាម្នាក់ឡើយ ដោយសារយើងជាម្ចាស់នៃដឹកដីនេះ»។ ប្រជាជនស៊ីរីរូបនេះបានបន្ថែមទៀតថា «ប្រជាជននៃស៊ីរីទាំងមូលថ្កោលទោសយ៉ាងខ្លាំង ចំពោះបទឧក្រិដ្ឋនេះ ដែលត្រូវបានប្រព្រឹត្តដោយប្រទេសមួយ ដែលតែងតែបានអះអាងថាជាអ្នកការពារសិទ្ធិមនុស្ស»។

ឆ្លើយតបចំពោះការបាញ់ស្រោចមីស៊ីលរបស់សហរដ្ឋអាមេរិក ប្រជាជនស៊ិរីដទៃទៀតបានលើកឡើងថា «បើសិនជាអ្នកចង់បានការពិត គឺថាវាគ្រាន់តែជាលេសដើម្បីចូលរុករានប្រទេសស៊ីរីប៉ុណ្ណោះ ដូចអ្វីដែលពួកគេបានធ្វើនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសផ្សេងៗទៀតអ៊ីចឹង ហើយបើតាមគំនិតខ្ញុំវាគឺជាទង្វើដ៏សែនខុសឆ្គងមួយ ដែលយើងគួរតែធ្វើការឆ្លើយតបទៅវិញ»។

គួរបញ្ជាក់ថានៅថ្ងៃសុក្រម្សិលមិញនេះ មីស៊ីលប្រភេទ Tomahawk សរុបចំនួន៥៩គ្រាប់ត្រូវបានចាញ់ចេញពីនាវាពិឃាតសហរដ្ឋអាមេរិក នៅឯភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ក្រោមការបញ្ជារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ទៅលើមូលដ្ឋានទ័ពអាកាសមួយកន្លែង ស្ថិតនៅក្បែរខេត្ត Homs របស់ស៊ីរី ដើម្បីធ្វើជាការឆ្លើយតបចំពោះការវាយប្រហារ ដោយអាវុធគីមីនៅភាគពាយ័ព្យប្រទេសមជ្ឈិមបូព៌ា របស់កងយន្តហោះចម្បាំងរដ្ឋាភិបាលស៊ីរី ដែលបានសម្លាប់ជីវិតជនស្លូតត្រង់ជិត១០០នាក់ បូករួមទាំងកុមារតូចៗ។ ដោយឡែកនៅក្នុងការបាញ់ស្រោចមីស៊ីលរបស់ទីក្រុងវ៉ាស៊ីនតោនវិញ យោងតាមអភិបាលខេត្ត Homs បានឲ្យដឹងថា មនុស្សយ៉ាងតិច១៤នាក់ស្លាប់ នៅក្នុងនោះមានជនស៊ីវិលចំនួន០៩នាក់ និងមួយចំនួនទៀតបានទទួលរងរបួស៕ ប្រភព៖ Freshnews

2017-04-07t041423z_1962501191_rc1e4dee15a0_rtrmadp_3_mideast-crisis-syria