ក្រុមរដ្ឋឥស្លាមបានអះអាងថាខ្លួនបានបំផ្ទុះគ្រាប់បែកនៅឯព្រះវិហារសាសនាគ្រិស្តនិកាយ Coptic នៅក្នុងប្រទេសអេហ្ស៊ីប ដែលបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់៤៤នាក់ និងធ្វើឲ្យរបួសជាង១០០នាក់ទៀត ខណៈដែលអ្នកកាន់គ្រិស្តសាសនាកំពុងប្រមូលផ្តុំគ្នាដើម្បីប្រារព្ធពិធីបុណ្យ Palm Sunday។

ការបំផ្ទុះគ្រាប់បែកលើកទីមួយបានកើតឡើងនៅទីក្រុង Tanta ដែលជាការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងក្នុងអំឡុងពេលប្រារព្ធពិធី Palm Sunday នៅឯព្រះវិហារ St. George’s ដែលបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់២៧នាក់ និងធ្វើឲ្យមនុស្ស៧៨នាក់ទៀតរងរបួស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍របស់រដ្ឋ។ ឧបករណ៍បំផ្ទុះត្រូវបានបង្កប់នៅក្រោមកៅអីមួយនៅក្នុងសាលបន់ស្រន់ធំ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋដដែលនោះ។

បន្តិចក្រោយមក មានមនុស្សយ៉ាងហោចណាស់១៧នាក់ទៀតត្រូវបានសម្លាប់និងរងរបួស៤១នាក់ នៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅព្រះវិហារ Cathedral St. Mark’s សាសនាគ្រិស្តនិកាយ Coptic Orthodox នៅក្នុងទីក្រុង Alexandria។

នៅក្នុងទីក្រុង Alexandria សម្តេចប៉ាប Tawadros II ដែលជាប្រធានព្រះវិហារសាសនាគ្រិស្តនិកាយ Coptic បានចូលរួមជាមួយនឹងអ្នកផ្សេងទៀតនៅក្នុងព្រះវិហារនេះ ប៉ុន្តែទ្រង់មិនបានរងរបួសនោះទេ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ៕ ប្រភព៖ VOA