ថ្ងៃទី១៧មេសានេះ គឺជាខួប៤២ឆ្នាំនៃការឡើងកាន់អំណាចនៃរបបខ្មែរក្រហម។ នៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិ បានរៀបចំពិធីបង្សុកូល ឧទ្ធិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហម នៅឯសារមន្ទីជើងឯក ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ មានតែគណបក្ស សម រង្ស៊ី និង គណបក្សសង្គ្រោះជាតិទេ ដែលតែងតែប្រារព្ធពិធីស្មឹងស្មាធនេះ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានហៅសកម្មភាពរបស់គណបក្សប្រឆាំងនេះថា គ្រាន់តែដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។

ថ្ងៃទី១៧មេសាឆ្នាំ២០១៧នេះ គឺជាខួប៤២ឆ្នាំគត់ នៃការឡើងកាន់អំណាចនៃរបបខ្មែរក្រហមនៅកម្ពុជា។ នៅថ្ងៃនេះ ឥស្សរជនជាអ្នកនយោបាយខ្មែរមួយចំនួន បានបន្តរំលឹកឡើងវិញនូវការឈឺចាប់ ដែលកើតចេញពីរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើគណនេយ្យហ្វេសបុករបស់លោកថា ដោយសារចង់ទុកពេលសម្រាប់ការរីករាយនៃថ្ងៃចូលឆ្នាំចុងក្រោយ លោកបានពន្យាពេលរំលឹកនូវរឿងឈឺចាប់ដែលលោកបានជួបប្រទះកាលពី៤២ឆ្នាំមុន។ កាលពី៤២ឆ្នាំមុន ពោលគឺនៅថ្ងៃ១៦មេសានោះហើយ ដែលលោកត្រូវរបួសនឹងធ្លាក់ខ្លួនពិការភ្នែកឆ្វេងរហូតសព្វថ្ងៃ។ លោកនាយករដ្ឋមន្ត្រី បានបន្តរៀបរាបថា យុវជនដែលទើបមានវ័យ២៣ឆ្នាំ ការបាត់បង់កែវភ្នែក ហើយធ្លាក់ខ្លួនពិការ បានធ្វើឲ្យលោកឈឺចាប់ ទាំងរូបកាយ និងទាំងផ្លូវចិត្ត ប៉ុន្តែលោកបានខិតខំងើបឈរឡើងដើម្បីការរស់រាន និងសន្តិភាពជូនជាតិ និងប្រជាជន។ ក្រៅពីរំលឹកពីការឈឺចាប់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋកម្ពុជា សូមឲ្យចូលរួមរក្សាសន្តិភាព និងរារាំងសង្គ្រាម កុំឱ្យកើតឡើងវិញនៅលើទឹកដីកម្ពុជា។

ក្រៅពីការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ក៏បានរំលឹកពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដែរ។ ពីទីក្រុងប៉ារីសប្រទេសបារាំង លោក សម រង្ស៊ី បានសរសេរនៅលើគណនេយ្យហ្វេសបុករបស់លោកថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ មានតែគណបក្ស សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិទេ ដែលតែងតែប្រារព្ធពិធីស្មឹងស្មាធ និងឧទ្ទិសបុណ្យកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះរាប់លាននាក់ ដែលបានបាត់បង់ជីវិតនៅក្នុងរបបនេះ។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៧មេសានេះ បានរៀបចំប្រារព្ធពិធីបង្សុកូលឧទ្ធិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហម នៅឯសារមន្ទីជើងឯក ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះ អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានបន្តវាយប្រហារទៅលើរបបថ្មីដឹកនាំដោយលោក ហេង សំរិន ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៥ថា កើតចេញមកពីប្រភពកុម្មុយនីស្តដូចគ្នានៅក្នុងឆ្នាំ១៩៥១។ ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការលើកឡើងរបស់លោក សម រង្ស៊ី ថា គឺដើម្បីកេងចំណេញនយោបាយ និងមិនយល់ពីប្រវត្តិសាស្ត្រ។

ក្រៅពីឥស្សរជនជាអ្នកនយោបាយ ដែលបានរំលឹកពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅថ្ងៃនេះ នៅមានប្រជាពលរដ្ឋកម្ពុជា, បណ្ឌិតបញ្ញាវ័ន្ត និងរហូតដល់ស្ថាប័នមួយចំនួនទៀត ក៏បានរំលឹកឡើងវិញ ពីថ្ងៃឡើងកាន់អំណាចនៃរបបខ្មែរក្រហមនេះដែរ។

គេជឿជាក់ថា ពលរដ្ឋកម្ពុជាជាង១.៧លាននាក់ ទៅ២.២លាននាក់ ត្រូវបានបាត់បង់ជីវិតដោយការសម្លាប់ ការបង្អត់អាហារ និងអំពើអមនុស្សធម៌ផ្សេងៗទៀត៕ ប្រភព៖ rfi