ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ជាកាលបរិច្ឆេទនៃព្រឹត្តិការណ៍នយោបាយធំៗពីរសំខាន់នៅប្រទេសកម្ពុជា នោះគឺការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតតំណាងរាស្ត្រ។ បើក្រឡេកមើលជ្រុងសេដ្ឋកិច្ច សេដ្ឋកិច្ចកម្ពុជា នឹងបន្តមានសុខភាពរឹងមាំ។ ក៏ប៉ុន្តែសសរស្ដម្ភទាំងបួនដែលកំពុងទ្រសេដ្ឋកិច្ចកម្ពុជា នេះ មានខ្លះងើបឡើង ហើយមានខ្លះទៀតដាំក្បាលចុះ។ ស្ថាប័នជំនាញសេដ្ឋកិច្ចធំៗ ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងការអនុវត្តគោលនយោបាយឲ្យបានកាន់តែម៉ឺងម៉ាត់ សម្រាប់លំនឹងកំណើនសេដ្ឋកិច្ច។

សេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើងដោយអត្រា ៧,១% ក្នុងមួយឆ្នាំនៅរយៈពេលពីរឆ្នាំទៀត (ឆ្នាំ២០១៧ និងឆ្នាំ២០១៨)។ នេះបើតាមការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីដើមខែមេសា។

Loading...

រដ្ឋាភិបាលកម្ពុជា ក៏បានព្យាករកាលពីដើមខែមីនា ថា នៅឆ្នាំ២០១៧ នេះ សេដ្ឋកិច្ចកម្ពុជា អាចសម្រេចបានក្នុងរង្វង់ ៧%។

វិស័យនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង វិស័យសំណង់ វិស័យទេសចរណ៍ និងវិស័យកសិកម្ម នៅបន្តជាចំហេះបញ្ឆេះក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា វិស័យកសិកម្មនឹងកើនល្អប្រសើរឡើងបន្តិច ហើយវិស័យកាត់ដេរនឹងងើបឡើងជាងឆ្នាំ២០១៦ ដោយឡែកវិស័យសំណង់ និងអចលនទ្រព្យ នឹងបន្តថមថយ ដោយសារការកែតម្រូវនូវស្ថានភាពឥណទាន និងការផ្គត់ផ្គង់។

យោងតាមការវិភាគរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ការចំណាយរបស់រដ្ឋាភិបាលសម្រាប់ដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ ក៏រួមចំណែកក្នុងការជួយរុញកំណើនសេដ្ឋកិច្ចផងដែរ។

ធនាគារអភិវឌ្ឍន៍អាស៊ី កត់សម្គាល់ថា ខណៈក្រដាសប្រាក់ដុល្លារត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា កម្ពុជា ត្រូវបង្កើនប្រសិទ្ធភាពការងារត្រួតពិនិត្យថ្លៃពលកម្ម ដើម្បីប្រកួតប្រជែងជាមួយប្រទេសផលិតសម្រាប់ការនាំចេញដទៃទៀត។

ចំណែកធនាគារពិភពលោក (World Bank) វិញ ផ្តល់យោបល់ឲ្យរដ្ឋាភិបាលកម្ពុជា គិតដល់ការរៀបចំផែនការឲ្យម៉ឺងម៉ាត់ ដើម្បីទប់ខ្លួនក្នុងការប្រកួតប្រជែង និងរកទំនិញផ្សេងៗទៀតឲ្យបានច្រើនក្រៅពីសម្លៀកបំពាក់ និងស្បែកជើង ជាមួយនឹងឥទ្ធិពលអាក្រក់ខ្លាំងក្លាលើការនាំចេញសម្លៀកបំពាក់ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EU-Vietnam Free Trade Agreement)។

យ៉ាងណាមិញ កិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម (Trade Facilitation Agreement = TFA) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នលើពិធីសារនៃវិសោធនកម្មកាលពីឆ្នាំ២០១៥ ជួយសម្រួលការបំពេញបែបបទគយ និងកាត់បន្ថយឧបសគ្គរដ្ឋបាលសម្រាប់ការដឹកទំនិញឆ្លងកាត់ព្រំដែន។

Image may contain: 1 person, standing, suit and indoor

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ត៍ (William A. Heidt) បានផ្តល់យោបល់ថា កម្ពុជា អាចទទួលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះដោយការប្ដេជ្ញាពង្រឹងគុណភាពផលិតផលកសិកម្ម សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។

ធនាគារពិភពលោក លើកឡើងថា ការជំរុញគាំទ្រដល់វិនិយោគិនក្នុងស្រុកឲ្យចូលរួមក្នុងឧស្សាហកម្មសម្លៀកបំពាក់ ដោយសម្រួលឲ្យពួកគេវិនិយោគរួមគ្នាជាមួយអ្នករកស៊ីមកពីក្រៅប្រទេស។

វិស័យទេសចរណ៍សម្រាប់ឆ្នាំខាងមុខ នឹងផ្តល់ប្រាក់ចំណេញច្រើនដល់សេដ្ឋកិច្ចកម្ពុជា ដដែល ក៏ប៉ុន្តែ កម្ពុជា ត្រូវរៀបចំកន្លែង និងសកម្មភាពទេសចរណ៍ដទៃទៀតក្រៅពីតំបន់អង្គរ ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យស្នាក់នៅប្រទេសកម្ពុជា ឲ្យបានយូរ។ ភ្ញៀវស្នាក់នៅកម្ពុជា កាន់តែយូរ មានន័យថា ពួកគេចាយលុយនៅកម្ពុជា កាន់តែច្រើន ហើយវាល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា។ នេះជាការពន្យល់របស់ធនាគារអភិវឌ្ឍន៍អាស៊ី។

ចំណែកតួលេខរបស់ធនាគារពិភពលោក បង្ហាញថា នៅត្រឹមពាក់កណ្ដាលឆ្នាំ២០១៦ គម្រោងវិនិយោគផ្នែកសាងសង់ចំនួន ១.២០០គម្រោងដែលមានតម្លៃជិត ៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានអនុម័ត។

ទោះបីជាក្រាហ្វិកបង្ហាញឲ្យឃើញការកើនឡើងលឿននៃវិស័យសំណង់ក៏ដោយ ក៏ក្តីបារម្ភក្នុងចំណោមអ្នកវិនិយោគក៏មានដែរ ដោយសារការផ្គត់ផ្គង់លើសតម្រូវការដែលបាននាំឲ្យក្រុមហ៊ុនមួយចំនួន បង្ខំចិត្តផ្អាកគម្រោង ឬផ្នែកខ្លះនៃគម្រោងសាងសង់វិញ។

ធនាគារពិភពលោក ឲ្យអនុសាសន៍ថា រដ្ឋាភិបាលត្រូវចាំបាច់ត្រួតពិនិត្យវិស័យសំណង់ និងអចលនទ្រព្យឲ្យបានដិតដល់ ក្នុងការកាត់បន្ថយសន្ទុះកំណើន មុននឹងវាផ្ទុះគ្រោះថ្នាក់ ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ មធ្យោបាយការពារមានដូចជា ការរឹតបន្តឹងរូបិយវត្ថុ និងការរឹតបន្តឹងសារពើពន្ធ ដូចជាពន្ធអចលនទ្រព្យ ពន្ធលើការទិញលក់ និងពន្ធលើចំណេញមូលធន។

សម្រាប់ឆ្នាំបន្ទាប់ វិស័យកសិកម្មត្រូវការការយកចិត្តទុកដាក់បន្ថែម ដោយសារការប្រែប្រួលអត្រាកំណើន។ ជាការកត់សម្គាល់ចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១២ វិស័យកសិកម្ម បានកើនក្នុងអត្រា ៥,៨% ក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែអត្រានេះថយចុះត្រឹម ១% វិញចាប់ពីឆ្នាំ២០១៣ មក។

ចំពោះបញ្ហានេះ ធនាគារពិភពលោក ផ្តល់យោបល់ថា ការពង្រឹងវិស័យកសិកម្ម ត្រូវការកិច្ចខិតខំប្រឹងប្រែងច្រើន ពិសេសការបង្កើនផលិតភាពនៃដំណាំដែលមានស្រាប់ និងការងាកទៅរកការដាំដុះដំណាំដែលផ្តល់ទិន្នផលច្រើន និងដំណាំដែលជាតម្រូវការទីផ្សារ។

ការសិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោកកាលពីឆ្នាំ២០១៥ បង្ហាញនូវគន្លឹះមួយចំនួនដើម្បីពង្រឹងប្រសិទ្ធភាពទិន្នផល និងការសម្របខ្លួនដាំដំណាំចម្រុះរបស់កសិករ តាមរយៈការប្រើប្រាស់ពូជមានគុណភាពខ្ពស់ ការប្រើប្រាស់ជីកសិកម្មតាមស្តង់ដារ និងការរៀបចំប្រឡាយទឹកស្រោចស្រពដំណាំឲ្យបានគ្រប់គ្រាន់។

Image may contain: 5 people, people standing and suit

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ មេសា ថ្លែងក្នុងសន្និសីទបិទបញ្ចប់ការប្រជុំការងាររបស់ក្រសួងកសិកម្ម ថា រដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះកសិករនោះទេ។ លោកសន្យាថា រដ្ឋាភិបាលនឹងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្តល់ទឹកគ្រប់គ្រាន់សម្រាប់ឲ្យកសិករប្រើប្រាស់ ហើយនឹងពង្រីកទីផ្សារកសិកម្មជូនកសិករ។

ធនាគារពិភពលោក ផ្តល់អនុសាសន៍ថា រដ្ឋាភិបាលកម្ពុជា គួរបន្ធូរបន្ថយថ្លៃការនាំចូលជីកសិកម្ម លើកកម្ពស់ការយល់ដឹងស្ដីពីសុវត្ថិភាពនៃការប្រើប្រាស់ជីគីមីកសិកម្ម ជួយឲ្យកសិករងាយស្រួលទទួលបានគ្រាប់ពូជដែលមានគុណភាពខ្ពស់ ដែលកសិករអាចមានប្រាក់ទិញបាន និងស្ដារប្រព័ន្ធស្តុកទឹកស្រោចស្រពដំណាំឡើងវិញ។

ចំពោះភាពក្រីក្រនឹងបន្តថយចុះថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ ដោយការរីកចម្រើនវិស័យកាត់ដេរ សំណង់ សេវាកម្មនៅតាមតំបន់ទីប្រជុំជន ពិសេសវិស័យកសិកម្ម ដែលជួយកាត់បន្ថយភាពក្រីក្របានច្រើនជាងគេ។

ឆ្នាំ២០១៥ ចំណូលជាតិដុលក្នុងពលរដ្ឋកម្ពុជា ម្នាក់ៗមាន ១.០៧០ដុល្លារ។ ចំណូលនេះវាលើសពីចំនួនកំណត់របស់ធនាគារពិភពលោក សម្រាប់កំណត់ក្រុមប្រទេសមានប្រាក់ចំណូលទាប (១.០២៥ដុល្លារ)។

មួយឆ្នាំក្រោយមក គឺកាលពីឆ្នាំ២០១៦ ធនាគារពិភពលោកបានលើកប្រទេសកម្ពុជា ដាក់ក្នុងចំណោមប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយឆ្នាំដដែលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកម្ពុជា ថាជាខ្លាសេដ្ឋកិច្ចអាស៊ី ក៏ប៉ុន្តែធនាគារពិភពលោកកត់សម្គាល់ថា ទោះបីមានការកាត់បន្ថយភាពក្រីក្រធ្ងន់ធ្ងរក្តី ចំណែកនៃគ្រួសារមិនក្រតែមានអសុវត្ថិភាពផ្នែកសេដ្ឋកិច្ច កំពុងកើនឡើង ដែលនាំឲ្យពួកគេផ្លាស់ប្ដូរទីកន្លែងទៅរកកន្លែងអាចរស់នៅបាន។ បញ្ហានេះ មួយផ្នែកដោយសារពួកគេខ្វះខាតចំណេះដឹង និងគ្មានដីធ្លីគ្រប់គ្រាន់។

ដំណោះស្រាយ គឺត្រូវលុបបំបាត់ភាពខ្វះចន្លោះលើការអភិវឌ្ឍធនធានមនុស្ស និងកសាងមូលដ្ឋានគ្រឹះសម្រាប់សង្គមថ្នាក់កណ្ដាល។

ធនាគារពិភពលោក ក៏បានបង្ហាញពីគ្រោះមួយចំនួនដែលអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា រង្គោះរង្គើ ដូចជាការប្រែប្រួលអត្រាប្ដូរប្រាក់ដុល្លារសហរដ្ឋអាមេរិក ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក និងភាពមិនច្បាស់លាស់សំខាន់ៗទាក់ទងនឹងការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំក្រោយ។

អ្នកសេដ្ឋកិច្ចកម្ពុជា ប្រមើលមើលថា ប្រសិនបើជាមានការប្រែប្រួលអ្វីមួយដោយសារព្រឹត្តិការណ៍នយោបាយធំៗទាំងនេះ ដែលធ្វើឲ្យពលរដ្ឋមានការភ័យខ្លាចនោះ អាចនាំឲ្យពលរដ្ឋ និងអ្នកវិនិយោគផ្អាកការវិនិយោគ ដោយការប្រើយុទ្ធសាស្ត្រ «រង់ចាំមើល» និងផ្អាកការចំណាយធំៗមួយចំនួនដែលជារឿងមួយមិនល្អ និងធ្វើឲ្យសេដ្ឋកិច្ចថមថយ៕ ប្រភព៖ rfa