ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរជាតិ ដែលចូលទៅទស្សនាខេត្តនេះ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ គឺភាគច្រើនពួកគេ មិនទាន់បានចូលរួមការងារថែរក្សាបរិស្ថាន ឲ្យបានត្រឹមត្រូវជាមួយអាជ្ញាធរទេ ដោយបានបោះចោលកាកសំណល់ ឬសំរាម សល់ពីអាហារ គ្មានសណ្តាប់ធ្លាប់នៅតាមឆ្នេរសមុទ្រ និងទីសាធារណៈ។

Image may contain: sky and outdoor

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ សំណូមពរថា ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋរស់នៅមូលដ្ឋាននេះ ត្រូវលះបង់ទម្លាប់អាក្រក់ បោះចោលសំរាមគ្មានសណ្តាប់ធ្លាប់ របស់ខ្លួននាពេលកន្លងមក ត្រូវភ្ញាក់រំលឹកចូលរួមវេចខ្ចប់កាកសំណល់ទាំងនោះឲ្យមានរបៀបរៀបរយ ដើម្បីរួមគ្នាសំអាតបរិស្ថានឲ្យបានទាំងអស់គ្នា។

លោក បន្តថា ការថែរក្សាអនាម័យបរិស្ថានទាំងនៅតាមតំបន់ឆ្នេរ និងនៅតាមទីសាធារណៈ គឺត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ ។

Image may contain: one or more people, sky, beach, outdoor and nature

លោក យន្ត មីន ឲ្យដឹងថា បញ្ហាថែរក្សាអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរសមុទ្រ និងនៅតាមផ្លូវសាធារណៈ មន្ត្រីបំរើការងារនៅតាមស្ថាប័នរដ្ឋនានា ក្រោមឱវាទរដ្ឋបាលខេត្តខេត្តព្រះសីហនុ បានចុះរើសសំរាមឬសំអាតឆ្នេរសមុទ្រជាបន្តបន្ទាប់ជារៀងរាល់ខែ ដើម្បីបំផុសឲ្យប្រតិបត្តិករទេសចរ ពិសេសប្រជាពលរដ្ឋចូលរួមការងារសំអាតបរិស្ថានជាមួយអាជ្ញាធរ ឲ្យបានទាំងអស់គ្នា។ ប៉ុន្តែផ្ទុយទៅវិញ ហាក់ពុំឃើញប្រជាបលរដ្ឋមូលដ្ឋាននេះចូលរួមជាមួយអាជ្ញាធរទេ។

អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ ទទួលស្គាល់ថា ប្រជាពលរដ្ឋមូលដ្ឋាននេះ និងភ្ញៀវទេសចរ ដែលចូលមកទស្សនាខេត្តនេះ ជាបន្តបន្ទាប់មកនេះ គឺមិនសូវចូលរួមសហការសំអាតបរិស្ថានឆ្នេរ ឬទីសាធារណៈ ឲ្យមានអនាម័យ និងសោភ័ណភាពជាមួយរដ្ឋបាលខេត្តនេះទេ។

Image may contain: one or more people, people sitting and outdoor

អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ កត់សម្គាល់ថា កន្លងមក នៅពេលមានពិធីបុណ្យជាតិធំៗ ឬថ្ងៃសំរាកចុងសប្តាហ៍ជាដើម ភ្ញៀវទេសចរជាតិ ដែលបានចូលមកកម្សាន្ត និងអង្គុយទទួលទានអាហារ នៅតាមតូបលក់ដូរតាមតំបន់ឆ្នេរនានា ភាគច្រើនពួកគេ តែងបោះសំរាម ឬកាកសំណល់សល់ពីម្ហូបអាហារ ពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់ទេ។

យ៉ាងជាបែបនេះក្តី អ្នកឃ្លាំមើលសង្គមរូបនេះ ក៏សង្កេតឃើញមានភ្ញៀវទេសចរមួយចំនួន បានរួមការងារថែរក្សាបរិស្ថាននៅតាមទីសាធារណៈ និងតាមតំបន់ឆ្នេរ ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដោយបានវេចខ្ចប់ទុកដាក់សំរាមបានត្រឹមត្រូវ។

បញ្ហានេះដែរ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ឲ្យដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ កាកសំណល់សល់ពីអាហារទទួលទាន ឬសំណល់ផ្សេងៗទៀត គេបោះចោលអនាធិបតេយ្យ នៅតាមទីសាធារណៈ ពិសេសនៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួនមានឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ និងឆ្នេរព្រែកត្រែងជាដើម។

មន្ត្រីរូបនេះ បានសំណូមពរដល់ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ ដែលចូលមកទស្សនាខេត្តព្រះសីហនុ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការងារសំអាតបរិស្ថានតាមផ្លូវសាធារណៈ និងតាមតំបន់ឆ្នេរសមុទ្រ ឲ្យទាំងអស់គ្នា ដើម្បីរួមចំណែកទាកទាញកំណើនភ្ញៀវទេសចរជាតិអន្តរជាតិ ឲ្យចូលមកកម្សាន្តខេត្តនេះ បានច្រើនថែមទៀតនាបណ្តាឆ្នាំខាងមុខ៕ ដែន សីមា

Image may contain: outdoor

Image may contain: sky, tree, cloud and outdoor

Image may contain: one or more people and outdoor

Image may contain: sky, house, outdoor, nature and water

Image may contain: outdoor