ទាក់ទិនទៅនឹងអាជ្ញាធរកូរ៉េខាងជើងដែលបានចាប់ឃុំខ្លួនពលរដ្ឋអាមេរិកម្នាក់ ចំពេលរូបគេកំពុងធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Sunan ក្នុងទីក្រុងព្យុងយ៉ាង ពេលនេះបានធ្វើឲ្យរដ្ឋាភិបាលអាមេរិក លោក Mike Pence ខឹងសម្បារយ៉ាងខ្លាំង ដោយបានចាត់ទុកថា មេដឹកនាំផ្ដាច់ការលោក គីម ជុងអ៊ុង ប្រើប្រាស់បុរសរូបនេះមកធ្វើជាថ្នូរក្នុងការចរចារជាមួយនឹងប្រធានាធិបតី ដូណាល់ ត្រាំ ដែលប្រឆាំងនឹងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik នាព្រឹកថ្ងៃទី២៤ ខែមេសានេះ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យទី២៣ ម្សិលមិញ ទីក្រុងព្យុងយ៉ាងបានចាប់ឃុំខ្លួនបុរសម្នាក់ឈ្មោះ Tony អាយុ៥០ឆ្នាំជាបុគ្គលិកផ្ដល់ជំនួយជនជាតិអាមេរិក និងជាអតីតសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅចិន និងកូរ៉េ ដោយការចាប់ខ្លួននេះ គឺចំពេលដែលអាមេរិកបង្កើនកម្លាំងទ័ពនៅកូរ៉េខាងត្បូង ប្រុងវាយប្រហារកម្ទេចរោងចក្រនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

គួរបញ្ជាក់ផងដែរថា បញ្ហាខាងលើនេះកើតឡើងក្រោយពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទូចឲ្យចិនចូលរួមប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និងការពិចារណាដាក់ទណ្ឌកម្មនៅតាំងព្រំដែនជាដើម។ យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិកថ្មីៗនេះមិនទាន់ឃើញធ្វើការឆ្លើយតបត្រឡប់វិញតាមវិធានការណាមួយនៅឡើយទេ៕

ប្រភព៖ kqube