នេះ​ជា​រឿង​ពិត​កើត​មាននៅ​ស្រុក Rajnandgaon, រដ្ឋ Chhattisgarh នា​ប្រទេស​ឥណ្ឌា ។​

​អាស្រ័យ​ដោយ​រង​ទទួល​នូវ​ជំងឺ​លូតលាស់​សរសៃប្រសាទ​ពី​កំណើត​ពុំ​ប្រក្រតី បានធ្វើ​ឲ្យ​បងប្អូន​ស្រី​២​នាក់ គឺ Rajeshwari Kumar បងស្រី​អាយុ ២៥ ឆ្នាំ និង Surendera ប្អូនស្រី​អាយុ ២០ ឆ្នាំ មាន​រូបរាង​ចម្លែក​ខុស​មនុស្ស​ធម្មតា ព្រមទាំង​ត្រូវ​សហគមន៍​រើសអើង តិះដៀល ។ ដោយ​ទ្រាំទ្រ​លែង​បាន ពួកគេ​បានសម្រេច​ចិត្ត​នាំគ្នា​ចាកចេញ​ពី​ភូមិកំណើត ចូលទៅ​រស់នៅ​ក្នុងព្រៃ​ដូច​មនុស្ស​សម័យ​បុព្វកាល ។​

​ចំពោះ​មនុស្ស​ធម្មតា ជីវិត​ក្នុងព្រៃ​អាចជា​ការលំបាក​ណាស់ ។ ប៉ុន្តែ ចំពោះ​នាង​ទាំង​២​វិញ បែរជា​ចាត់ទុកថា​ជា​ជីវិត​ដ៏​ប្រពៃ​មួយ និង​រីករាយ ។ ព្រោះថា ពុំមាន​ការរង​ការរិះគន់ ដៀល​ប្រមាថ​ចំពោះ​ពួកគេ ហើយ​ពួកគេ​អាចធ្វើ​រឿង​គ្រប់យ៉ាង តាម​ចំណង់​ចំណូលចិត្ត ជាមួយនឹង​ធម្មជាតិ ។ គេ​ទាំង​២​ប្រាស្រ័យ​ទាក់ទង​ជាប្រចាំ​នឹង​សត្វ​ទាំងឡាយ ហើយក៏​ស្និត​ស្នាល​ជាមួយ​ពួកវា សូម្បីតែ​សត្វ​សាហាវៗ​ដូចជា​ខ្លា ក៏​ពុំដែល​ធ្វើ​អ្វី​ឲ្យ​ពួកនាង​ខ្លាច​ដែរ ។​

​ចរិត​ស្និទ្ធស្នាល និង​ល្អ របស់​ពួកនាង ត្រូវបាន​ក្មេង​នៅ​ភូមិ​ជិតៗ​នោះ ស្រឡាញ់ ។ ម្តងម្កាល ពួកវា​មកលេង ហើយ​នាំយក​ចំណី​ឲ្យ​ពួកនាង​ផងដែរ ។​

​ម្តាយ​របស់​នាង​ទាំង​២ គឺ Pancho Bai អាយុ ៤៥ ឆ្នាំ ឲ្យ​ដឹងថា កូនស្រី​ទាំង​២​របស់ខ្លួន​ចាប់ផ្តើម​មាន​អាការ​ប្លែកៗ​តាំងពី​អាយុ​បាន​មួយ​ខួប ។ គេ​ទាំង​២​មិនអាច​និយាយស្តី​បាន ហើយ​តែង​ចលនា​ដោយ​ប្រើ​អវៈយវៈ​ទាំង​៤ ។ អ្នក​ទាំង​២​បាន​ត្រឹម​ប្រើពាក្យ​២​ម៉ាត់​គត់ គឺ ម៉ែ និង​ពុក ហេតុនេះ ការប្រាស្រ័យ​ជាមួយ​អ្នកដទៃ គឺ​ពុំ​អាចទៅរួច​ឡើយ ។ ថ្វីបើ​ឈឺចាប់ ព្រោះ​កូន​ត្រូវ​បង្ខំ​មក​រស់នៅ​ក្នុងព្រៃ ចាកចោល​ស្រុកកំណើត​ក្តី តែ​ទោះយ៉ាងណា នាង​ជា​ម្តាយ​នៅតែ​អរគុណ​ព្រះ​ម៉ែ​ធម្មជាតិ ដែលមាន​ក្តីមេត្តា​ករុណា​ធម៌​ផ្តល់​ការរស់នៅ​សុខសាន្ត និង​រីករាយ​មួយ​ដល់​កូនៗ​ទាំង​២​នាក់​នេះ ៕