កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​អន្តរទ្វីប​១​គ្រាប់ នៅវេលា​ព្រឹក​ព្រលឹម​អុរ ថ្ងៃទី​២៩ មេសា នេះ ចំ​ថ្ងៃទី​១០០ ដែល​លោក Trump ឡើងកាន់តំណែង​ប្រធានាធិបតី​ទី​៤៥ របស់​អាមេរិក ។​

​ទី​ភ្ញាក់​ងារ​សារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បាន​ដកស្រង់​សេចក្តីប្រកាស​មួយ​របស់​កូរ៉េខាងត្បូង ឲ្យ​ដឹងថា កាំជ្រួច​របស់​កូរ៉េខាងជើង​ត្រូវបាន​បាញ់​ចេញពី​តំបន់​ប៉ែក​ខាងជើង​ក្រុង​ព្យុងយ៉ាង ។ ជាក់ស្តែង​អគ្គសេនាធិការ​ទ័ព​ចម្រុះ​កូរ៉េខាងត្បូង ឲ្យ​ដឹងថាៈ «​កូរ៉េខាងជើង​បាន​បាញ់​កាំជ្រួច​មួយ​ពុំទាន់​សន្និដ្ឋាន​ប្រភេទ​បាន ពី​ទីតាំង​មួយ​នៅ​ជិត​តំបន់ Bukchang នៅ Pyeongannam-do (​ប៉ែក​ខាងត្បូង​ខេត្ត Pyeongan) នៅ​ព្រឹក​មិញ​នេះ​» ។​

​តាម​សារព័ត៌មាន Bloomberg វិញ គឺ​គ្រាប់​កាំជ្រួច​នោះ​ត្រូវបាន​បាញ់​ចេញ​នៅវេលា​ម៉ោង ៥ និង ៣០ នាទី (​ម៉ោង​នៅ​តំបន់​) ព្រឹក គឺ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយពេល​ប្រមុខ​ការទូត​អាមេរិក Rex Tilerson បាន​ប្រឹងប្រែង​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​បង្ក​សម្ពាធ ដើម្បី​ឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ និង​កាំជ្រួច​អន្តរទ្វីប​ក្នុង​អង្គប្រជុំ​នៅ​អង្គការសហប្រជាជាតិ ។​

​ថ្លែង​ក្នុង​អង្គប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជា​លើកដំបូង បន្ទាប់ពី​ក្លាយជា​ប្រមុខ​ការទូត​អាមេរិក លោក Tilerson បានលើកឡើង​វិធានការ ៣ ដើម្បី​បង្ក​សម្ពាធ​លើ​កូរ៉េខាងជើង ដែល​រួមមានៈ បណ្តា​ប្រទេស​ត្រូវអនុវត្ត​យ៉ាង​ពេញលេញ​បណ្តា​បទបញ្ជា​ដាក់ទណ្ឌកម្ម​ដែលមាន​ស្រាប់​, បន្ថយ​កំរិត ឬ ផ្អាក​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​នេះ និង​បង្កើន​ការ​បង្កក​ហិរញ្ញវត្ថុ​ចំពោះ​កូរ៉េខាងជើង តាមរយៈ​វិធានការ​ថ្មី ដែល​តឹងតែង​ជាង​មុន ។​

​សារព័ត៌មាន Fox News បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​អាមេរិក​២​រូប​បញ្ជាក់ថា កូរ៉េខាងជើង​បាន​បាញ់​កាំជ្រួច​ចេញពី​ប៉ែក​តំបន់​សមុទ្រ​ជប៉ុន តែ​កាំជ្រួច​អន្តរទ្វីប​នេះ​បាន​ផ្ទុះ គ្រា​កំពុង​ហោះហើរ ។ នេះ​ជា​បរាជ័យ​មួយទៀត​របស់​កូរ៉េខាងជើង ។​

​គេ​បាន​វាយតម្លៃថា វា​ជា​ប្រភេទ​កាំជ្រួច KN-17 ដែលជា​កាំជ្រួច​ស្ថិតក្នុង​ស៊េរី Scud ហើយ​ត្រូវបាន​ក្រុម​អ្នកឯកទេស​ជឿថា វា​កំពុង​ត្រូវបាន​សាកល្បង​សំរាប់​វាយលុក​គោលដៅ គឺ​បណ្តា​នាវា​ប្រយុទ្ធ ។​

​កាំជ្រួច​នេះ​ហើរ​បាន​រយៈ​ចម្ងាយ ២៥ ម៉ៃ​ល៍ (៤០ គីឡូម៉ែត្រ) និង​រយៈពេល​ប្រមាណ ១៥ វិនាទី ។​

​មន្ត្រី​១​រូប​របស់​សេត​វិមាន​ឲ្យ​ដឹងថា អាមេរិក​ពុំមាន​ការភ្ញាក់ផ្អើល​ឡើយ ចំពោះ​បរាជ័យ​នៃ​ការសាកល្បង​ថ្មី​មួយ​នេះ​ទៀត ក៏ដូចជា​ទង្វើរ​ផ្គើន​បន្ត​សាកល្បង​កាំជ្រួច​អន្តរទ្វីប​របស់​កូរ៉េខាងជើង ។​

​សេត​វិមាន​កំពុង​តាមឃ្លាំមើល​យ៉ាង​ជិតស្និត ចំពោះ​ស្ថានការណ៍​នេះហើយ ក៏​ប្រឹក្សា​យោបល​ឲ្យ​ចិន ចំពោះ​ទង្វើរ​គឃ្លើន​របស់​មេដឹកនាំ​កូរ៉េខាងជើង ៕