​ថ្លែង​ក្នុង​ស​ន្នី​សីទ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ប្រមុខ​ការទូត​អាមេរិក Rez Tellerson បាន​អំពាវនាវ​បណ្តា​ប្រទេស ពិសេស​ចំពោះ​ចិន ឲ្យ​ប្រើប្រាស់​ទំនាក់ទំនង​ពាណិជ្ជកម្ម ដើម្បី​បង្ក​ឥទ្ធិពល​គាបសង្កត់​កូរ៉េខាងជើង ។​

​ប៉ុន្តែ ប្រមុខ​ការទូត​ចិន វ៉ាង យី និយាយថា ប្រការ​គន្លឹះ ដើម្បី​ដោះស្រាយ​បញ្ហា​ពុំមែន​ស្ថិតនៅលើ​ប្រទេស​របស់លោក​ទេ -​នេះ​បើតាម BBC ។​

​ស្ថានភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​នេះ កើនឡើង​ថ្មី​មកនេះ អាស្រ័យ​ដោយ​ភាគី​កូរ៉េ​ទាំងពីរ សុទ្ធសឹង​ធ្វើ​សមយុទ្ធ​យោធា ។ អាមេរិក​បាន​ចាត់​នាវា​ប្រយុទ្ធ ហើយ​ដាក់ពង្រាយ​ប្រព័ន្ធ THAAD ដើម្បី​ពង្រឹង​សន្តិសុខ​ដល់​កូរ៉េខាងត្បូង ដែល​វា​ក៏​ជាក​ន្លែ​អ​ដែលមាន​កងទ័ព​អាមេរិក​រាប់ពាន់នាក់ កំពុង​ស្ថិតនៅ​ទីនោះ ។ រីឯ​កូរ៉េ​ខាង​ជើ​វិញ បាន​ព្រមាន​ថា ឋា​ម​ពល​នុយក្លេអ៊ែរ​របស់​ពួកគេ​អាច​បាញ់​ដល់​អាមេរិក​ឯណោះ ។​

​ប្រមុខ​ការទូត​អាមេរិក Tillerson បាន​ព្រមាន​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា វា​ជា​បញ្ហា​ពេលវេលា​ប៉ុណ្ណោះ ហើយ​មុន​ពេលដែល​កូរ៉េខាងជើង​អភិវឌ្ឍន៍​បាន​សមត្ថភាព​វាយលុក​អាមេរិក​នេះ «​បណ្តា​ផលវិបាក​នៃ​សោកនាដកម្ម​» នឹង​កើតមាន ។ អាមេរិក​នឹង​ប្រើប្រាស់​កម្លាំងយោធា ប្រសិនបើជា​តម្រូវការ​ចាំបាច់ ។​

​លោក Tillerson នៅបាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​ដទៃ​បញ្ឈប់​ទំនាក់ទំនង​ការទូត​ជាមួយ​ក្រុង​ព្យុងយ៉ាង ហើយ​ឯកោ​ស្ថាប័នហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ ។​

​ក្នុង​បទ​អន្តរាគមន៍​របស់ខ្លួន ប្រមុខ​ការទូត​អាមេរិក ហាក់ដូចជា​ចង់​ផ្តោតលើ​ចិន ខណៈពេល​លោក​បាន​ថ្កោលទោស​ថា មាន​សមាជិក​ក្រុមប្រឹក្សា​នេះ​ពុំបាន​ប្រតិបត្តិ​ពេញលេញ​នូវ​បទបញ្ជារ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ។ បទបញ្ជារ​ទាំងនោះ រហូតទល់​ពេលនេះ រួមមាន​ហាម​លក់ដូរ​អាវុធ ប្រេងឥន្ធនៈ និង​ផលិតផល​អាច​កែ​ច្នស​ជា​អាវុធ​ឲ្យ​កូរ៉េខាងជើង ។ ហាមឃាត់​ការលក់ទំនិញ​តម្លៃ​ខ្ពស់​លើសពី ២០០០ ដុល្លារ ឡើង ទៅ​ឲ្យ​កូរ៉េខាងជើង ។​

​សំខាន់​ថ្មីៗ​នេះ តាម​ការស្រាវជ្រាវ​មួយ​របស់​អង្គការសហប្រជាជាតិ គឺ​បាន​រកឃើញ​បំណែក​នៃ​កាំជ្រួច​របស់​កូរ៉េខាងជើង​មាន​ផ្ទុក​បរិក្ខារ​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន​ចិន ។​

​ងាក​មក​មើល​ឥរិយាបថ​របស់​អាមេរិក និង​ចិន ថ្មីៗ​នេះ​វិញ ។ ឆ្លើយតប​នឹង​សំណួរ​ថាៈ តើ​មាន​រៀបចំ​កិច្ចចរចារ​ផ្ទាល់​ជាមួយ​កូរ៉េខាងជើង​ដែរ ឬទេ ? ប្រមុខ​ការទូត​អាមេរិក​ឆ្លើយថា ពិតណាស់​! នេះ​អាចជា​វិធី​ដោះស្រាយ​មួយ ។ ប៉ុន្តែ កូរ៉េខាងជើង​ត្រូវ​សំរេចចិត្តថា គេ​ត្រៀមខ្លួន​ចរចារ​ជាមួយ​យើងខ្ញុំ​តាម​កម្មវិធី​មួយ​មែន​ទេ ? ។​

​ខណៈពេល​នោះ​វិញ ប្រមុខ​ការទូត​ចិន​បែរជា​លើកឡើង​ពី​ការប្រឆាំង​តប​អន្តរា​គម​យោធា ។ លោក​ពោលថាៈ ការប្រើ​កម្លាំងបាយ​វា​ពុំ​ដោះស្រាយបាន​នូវ​គម្លាត​ខ្វែងគ្នា​ឡើយ ហើយនឹង​បង្ក​ជា​មហន្តរាយ​ធំ​ជាង​មុន ។​

​ប្រមុខ​ការទូត​រូបនេះ​និយាយថា ចិន​ស្នើ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង មុននឹង​ការដែល​អាមេរិក​-​កូរ៉េខាងត្បូង ឈប់​ធ្វើ​សមយុទ្ធ​យោធា ។ ប៉ុន្តែ អាមេរិក​ប្រឆាំងនឹង​គោល​គំនិត​នេះ ហើយ​និយាយថាៈ កម្មវិធី​នុយក្លេអ៊ែរ​ត្រូវ​បញ្ចប់​ជាមុន ! ៕​