នៅ​មុនពេល​លេចចេញ​វត្តមាន​ស្រា​វី​ស្គី​ឈ្មោះ Chivas គឺ​បណ្តា​អ្នកមាន​លុយកាក់ និង​ចូលចិត្ត​ស្រា​វី​ស្គី (Wisky) ភាគច្រើន​មាន​ទំនោរ​ពេញនិយម​យ៉ាងខ្លាំង​ទៅលើ​ស្រា​វី​ស្គី​ឈ្មោះ Johnnie Walker ដែល​នាំចូល​ដោយ​ក្រុមហ៊ុន Attwood Import Export Co.,Ltd. របស់លោក​ស្រី​ឧកញ៉ា លឹម ឈីវហូរ ។ ប៉ុន្តែ ក្រោយមក​ក៏​លេចចេញ​នូវ​ស្រា​ក្លែងក្លាយ​ប្រភេទ Johnnie Walker ធ្វើ​ឲ្យ​ក្រុម​អ្នក​ចូលចិត្ត​ស្រា​វី​ស្គី​ក៏​ងា​កមក​គាំទ្រ​ស្រា Chivas វិញ​យ៉ាង​គគ្រឹកគគ្រេង ជាពិសេស​នៅពេល​មានកម្ម​វិធី​ជប់លៀង​ផ្សេងៗ ឬ​កម្មវិធី​មង្គលការ​ធំៗ ។​

​ឥឡូវនេះ កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ មន្ត្រី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​បានប្រកាស​ជា​លាយលក្ខណ៍អក្សរ​ឲ្យ​ដឹងថា ស្រា​ម៉ាក Chivas និង​ម៉ាក Johnnie Walker មាន​រូបភាព​ក្លែងក្លាយ​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​ជាច្រើន​ករណី ។ សមត្ថកិច្ច​បានប្រកាស​ឲ្យ​ដឹងថា ករណី​ស្រា Chivas និង​ស្រា Johnnie Walker ក្លែងក្លាយ​ទាំងនោះ មាន​មួយចំនួន​ត្រូវបាន​ជនខិលខូច​លួចលាក់​ផលិត​ក្នុងស្រុក និង​មួយចំនួនទៀត​ត្រូវបាន​លួច​នាំចូល​ពី​បរទេស​តាមរយៈ​ការបិទបាំង​បង្កប់​ក្នុង​ទំនិញ​ផ្សេងៗ​ឆ្លងដែន ។​

​លើសពីនេះ អគ្គស្នងការ​នគរបាល​ជាតិ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ជាវ​ស្រា​ម៉ាក Chivas និង Johnnie Walker ពីព្រោះ​បើជា​វ​ប៉ះចំ​ស្រា​ក្លែងក្លាយ​វា​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ។

​ស្រា​វី​ស្គី​ឈ្មោះ Chivas ដ៏​ពេញនិយម​សព្វថ្ងៃ​ត្រូវបាន​នាំចូល​ដោយ​ក្រុមហ៊ុន Cam Sing Import Export Co.,Ltd. ខណៈ​ស្រា​ប្រភេទ​នេះ ត្រូវបាន​ច្រក​ក្នុង​ដប​សរសេរ​ជា​អក្សរ​អង់គ្លេស​ផង និង​ដប​រចនា​សរសេរ​ជា​អក្សរ​ខ្មែរ​ផង (​សម្រាប់​ការ​ជាវ​បម្រើ​ឲ្យ​កម្មវិធី​ជប់លៀង ឬ​កម្មវិធី​អាពាហ៍ពិពាហ៍​ផ្សេងៗ​) ៕  ប្រភព៖ ដើមត្នោត