ក្រោយ​ការជជែក​ពិភាក្សា​ច្រើន​សប្តាហ៍​មក រវាង​បណ្តា​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សាធារណៈរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ ចុងក្រោយ ក៏​ឈានដល់​ការព្រមព្រៀង​បែងចែក​កញ្ចប់​ថវិកា​ត​ម្លៃ​ជាង ១០០០ ពាន់​លាន​ដុល្លារ ជួយ​ឲ្យ​រដ្ឋាភិបាល​បន្តសកម្មភាព​រហូតដល់​ថ្ងៃទី​៣០ កញ្ញា ដែលជា​ខណៈពេល​បញ្ចប់​ឆ្នាំ​ហិរញ្ញវត្ថុ ២០១៧ ។​

Loading...

​តាម​នោះ រដ្ឋការ​លោក Trump នឹង​បានផ្តល់​បន្ថែម​តែ ១៥ ពាន់​លាន​ដុល្លារ សំរាប់​ចំណាយ​លើ​វិស័យ​យោធា គឺ​ស្មើនឹង​ពាក់កណ្តាល​នៃ​សំណើរ​របស់លោក Trump ។​

​កិច្ចព្រមព្រៀង​នេះ​ក៏​ពុំ​ផ្តល់​ថវិកា​ឲ្យ​រដ្ឋាភិបាល​កសាង​របង​តាម​បណ្តោយ​ព្រំដែន​ជាមួយ Mexico និង​ពុំ​កាត់បន្ថយ​ថវិកា​សំរាប់​កម្មវិធី​សាធារណៈ​មួយចំនួន ដូចជា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ និង​អភិវឌ្ឍ​សហគមន៍​តាម​សំណើរ​របស់លោក Trump ។​

​កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវបាន​បោះឆ្នោត​នៅ​សភា​ជាន់​ទាប និង​ព្រឹទ្ធសភា​អាមេរិក មុន​ថ្ងៃទី​៥ ខែឧសភា ខាងមុខ ដើម្បី​អាចដាក់​ជូន​ប្រធានាធិបតី Trump ចុះហត្ថលេខា និង​ដាក់​ឲ្យ​មាន​គុណភាព ដើម្បី​បញ្ចៀស​ការ​គាំង​សកម្មភាព​របស់​រដ្ឋាភិបាល ។​

​ប្រសិនបើ​ពុំ​អាច​ទទួលបាន​អនុម័ត​នៅ​សភាពេញអង្គ​ទាំង​២​នោះទេ បណ្តា​ស្ថាប័ន​រដ្ឋាភិបាល​អាមេរិក បង្ខំចិត្ត​ត្រូវ​រំសាយ​កម្មករ​រាបសិប​ពាន់​នាក់ ហើយ​សំណូមពរ​ឲ្យ​អ្នក​ដទៃទៀត​ធ្វើការ ដោយ​ពុំមាន​ប្រាក់បៀវត្ស ទម្រាំ​ដល់ពេល​សភា​យល់ព្រម​ផ្តល់​ថវិកា​បន្ថែម ។​

​កាលពី​ឆ្នាំ ២០១៣ រដ្ឋាភិបាល​អាមេរិក​បាន​បិទទ្វា​អស់ ១៦ ថ្ងៃ ព្រោះតែ​ជម្លោះ​ប្រកែក​គ្នា ទាក់ទង​ដល់​ថវិកា​សំរាប់​ករ​កែទម្រង់​វិស័យ​សុខាភិបាល​របស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ៕