​បងប្អូន​ភ្លោះ ៤ នាក់ នៅ​រដ្ឋ Ohio (​អាមេរិក​) បានសម្រេច​ជ្រើស​យក​សកល​វិទ្យាល័យ Yale ដើម្បី​បន្ត​ការសិក្សា ៤ ឆ្នាំ​ទៀត ព្រោះតែ​បញ្ហា​ហិរញ្ញវត្ថុ ទោះបី​មុននេះ ពួកគេ​ទាំង​៤​បាន​ប្រលង​ជាប់​ទាំង​នៅ​សកល​វិទ្យាល័យ Harvard ដ៏​ល្បីល្បាញ​ក៏ដោយ ។​

​បន្ទាប់ពី​ទស្សនា​សកលវិទ្យា​ល័យ Yale នា​ចុងខែ​មេសា កន្លងមក ឃើញថា​កញ្ចប់​ហិរញ្ញវត្ថុ​ពិសេស​អាច​ស្រប​នឹង​ជីវភាព​ពួកគេៗ ក៏​សម្រេច​ជ្រើស​យក Yale

​តាម NBC News នៅ​ថ្ងៃទី​០១ ឧសភា កន្លងមក បាន​ចុះផ្សាយ​ពី​ករណី​កម្រ​មាន​មួយ​ក្នុង​ត្រកូល Wade មកពី​រដ្ឋ Ohio ខណៈពេលដែល​បងប្អូន​ភ្លោះ​៤​រូប សុទ្ធតែ​ប្រលង​ជាប់ ដើម្បី​ចូល​សិក្សា​នៅ​សកល​វិទ្យាល័យ​ល្បីៗ​ទាំង​២​គឺ Yale និង Harvard ។​

​ប៉ុន្តែ ដោយសារ​កញ្ចប់​ជំនួយ​គាំទ្រ​ពិសេស​របស់ Yale វា​លើសពី​សាលាដ​ទៃទៀត បានធ្វើ​ឲ្យ​បងប្អូន ៣ នាក់ ក្នុងចំណោម​នោះ គឺ Nikc, Zack និង Nigel Wade សម្រេចចិត្ត​យក​ភ្លាមៗ ។ ដោយឡែក បងប្អូន​ភ្លោះ​ទី​៤ គឺ Aaron Wade ដែល​ត្រូវបាន​សកលវិទ្យា​ល័យ Stan Ford ទទួលយក​ដែរនោះ មាន​អារម្មណ៍​ពុំ​ដាច់ស្រេច ។​

​ប៉ុន្តែ ចុងក្រោយ ដើម្បី​កុំ​ឲ្យ​ឪពុកម្តាយ​ពិបាក​ចូលរួម​ក្នុង​កម្មវិធី​បញ្ចប់​ការសិក្សា ប្រសិនបើ​ពួកគេ​រៀន​សាលា​ខុសៗ​គ្នា​នោះ ចុងក្រោយ ក៏​សម្រេចចិត្ត​ជ្រើសរើស Yale ទាំង​៤​តែម្តង ។​

​គួររម្លឹកថា អ្នកស្រី Kim Wade អាយុ ៥២ ឆ្នាំ ជា​មាតា​របស់​បងប្អូន​ភ្លោះ​ទាំង​៤​រូបនេះ បាន​លើក​កើត​ពួកគេ​នៅ​ថ្ងៃទី​៨ មករា ១៩៩៩ ក្រោយពេល​ទទួលបាន​ជំនួយ​សំរាប់​ការ​មានគភ៌​ច្រើន​មក ។​

​អាថ៌កំបាំង​នៃ​ជោគជ័យ​របស់​កូន​ទាំង​៤ គឺ​គាត់​លត់​ដំ​ចរិត​វិន័យ ជាហេតុ​ក្នុង​ជីវិត​របស់​ពួកគេ​ទាំង​៤ ពេល​ម្នា​ក់ណា​ប្រទះ​ការលំបាក គឺ​គេ​ជួបប្រជុំ​បងប្អូន​ទាំង​៤ អំឡុងពេល ៥ នាទី ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជួយ​គ្នា​ទៅវិញទៅមក ។ បែប​នេះឯង ទើប​ពួកគេ​ទទួលបាន​ជោគជ័យ​នា​ថ្ងៃនេះ ៕​