សិល្បៈ ៖ រយៈពេល​ពី​ថ្ងៃ​ហើយ​ដែល​​កើត​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​លើ​ភាពយន្ត​ ថៃ ​ដែល​យក​រូប​ប្រាសាទ​អង្គរវត្ត​ធ្វើ​ជា​ Poster ​រឿង​ “បារមី​នាគរាជ​” ។​ រូបភាព​ខាងលើ​នេះ​ធ្វើ​ឲ្យ​ទស្សនិកជន​ខ្មែរ​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​ នឹង​រង់ចាំ​ស្ដាប់​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ដោះ​ស្រាយ​ រហូត​មាន​ការ​ចោទ​សួរ​ថា ​ទង្វើ​បែប​នេះ​ខុស​ ឬ​ត្រូវ​ ? តែ​សម្រាប់​ការ​​ចម្លើយ​ពី​ក្រសួង​បាន​ឆ្លើយ​នៅ​ព្រឹក​នេះ​ថា ​មិន​ទាន់​ដឹង​ទេ ​ព្រោះ​កំពុង​ធ្វើ​ការ​មិនទាន់​ក្ដោប​បាន​ព័ត៌មាន​ជាក់​លាក់។

ពីរ​ថ្ងៃ​នេះ​កូន​ខ្មែរ​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍​លើ​បញ្ហា​ភាពយន្ត​ថៃ​យក​ប្រាសាទ​អង្គរវត្ត​ធ្វើ​ជា​ Poster​ ក្នុង​ខ្សែ​ភាពយន្ត​រឿង​ “បារមី​នាគរាជ​”ខ្លាំង ទង្វើ​នេះ​ទោះជា​មិន​បាន​បង្ហាញ​ចេតនា​វិជ្ជមាន​ ឬ​អវិជ្ជមាន​មក​លើ​សម្បត្តិ​បេតិកភណ្ឌ​របស់​ខ្មែរ​ក្ដី​ ក៏​ម្ចាស់​កេរ​ដំណែល​ដ៏​មាន​តម្លៃ​មួយ​នេះ ​បង្ហាញ​ការ​ព្រួយបារម្ភ​ និង​ទាមទារ​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចេញ​មុខ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​​។ នេះ​ជា​បទសម្ភាសន៍​តាម​ទូរស័ព្ទ​រវាង​លោក ​តាន់ ចន្ថា ​ជា​មួយ​ឯកឧត្ដម​ ថៃ នរសត្យា​ អ្នកនាំពាក្យក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ៖

តាន់ ចន្ថា ៖ ​ជម្រាបសួរ​ឯកឧត្ដម​ក្មួយ​ឈ្មោះ ​តាន់ ចន្ថា ​អ្នក​ផលិត​ព័ត៌មាន​នៅ​វេបសាយ​ Kqube.net ​បាទ​ !​ ឯកឧត្ដម​មក​ដល់​ថ្ងៃ​នេះ ​តើ​រឿងរ៉ាវ​ភាពយន្ត​ថៃ​យក​រូប​ប្រាសាទអង្គរវត្ត​ធ្វើ​ជា​ប៊ែន័រ​ផ្សព្វផ្សាយ​នោះ ​ក្រសួង​មាន​ចំណាត់​ការ​ដល់​ណា​ហើយ​ ?

ថៃ នរសត្យា ៖​ ក្រសួង​មិនទាន់​មាន​ចំណាត់​ការ​ដល់​ណា​ទេ ​ព្រោះ​ពេល​នេះ​ក្រសួង​ត្រូវ​ការ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់ ​ ដើម្បី​ឲ្យ​ដឹង​ពី​មូលដ្ឋាន​ ដើម្បី​ឲ្យ​ដឹង​រឿង​របស់​វា ​បើ​សិន​យើង​គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​តាម​ហ្វេសប៊ុក​ទៅ​ប្រតិកម្ម​ទីណាត់ទីណែង​ទៅ ​ក្រែង​មាន​ប្រតិកម្ម​មិន​ល្អ​កើត​មាន​ ព្រោះ​យើង​មិន​បាន​ដឹង​ច្បាស់​ថា​ ការ​ផ្សព្វផ្សាយ​នេះ​មាន​ប្រភព​មក​ពី​ណា ​តែ​យើង​ក៏​មិន​បណ្ដែតបណ្ដោយ​ថា​មិន​យក​ចិត្ត​ទុក​ដាក់​ដែរ ​ព្រោះ​តែ​រឿង​នេះ​ហើយ​ទើប​ក្រសួង​ឲ្យ​មាន​ការ​សិក្សា​ជុំ​វិញ​រឿង​ហ្នឹង​ច្បាស់ ​ទើប​យើង​ធ្វើ​ការ​ឆ្លើយតប​ ឬ​យើង​បង្ហាញ​ព័ត៌មាន​ហ្នឹង​ទៅ​កាន់​មហាជន​បាន​ ហើយ​បើ​ប្រតិកម្ម​ដោយ​មិនទាន់​បាន​ដឹង​រឿង​ច្បាស់​គឺ​ស្មើ​នឹង​យើង​មិន​ចេះ​ធ្វើ​ការ​មិន​ដឹង​អី​។

តាន់ ចន្ថា ​៖​ តើ​មក​ដល់​ពេល​នេះ​​ខាង​ក្រសួង​មាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​សិក្សា​ពី​បញ្ហា​ហ្នឹង​ហើយ​ ឬ​នៅ​ឯកឧត្ដម​ ?

ថៃ នរត្យា ​៖ យើង​ខ្ញុំ​គ្រាន់​តែ​ប្រាប់​ថា​ ពេល​នេះ​មន្ត្រី​ជំនាញ​របស់​ក្រសួង​កំពុង​ធ្វើ​ការ​ តែ​ប៉ុណ្ណឹង​គឺ​ចប់​សព្វ​គ្រប់​ហើយ​ ចាំ​ទទួល​បាន​ព័ត៌មាន​អី​ ចាំ​ប្រាប់​ជូន​ ​ព្រោះ​គ្មាន​អ្វី​ដែល​ត្រូវ​លាក់​លៀប​ទេ ​ក្នុង​នាម​អ្នក​អភិរក្ស​ អ្នក​ការពារ​ចំពោះ​មុខ​រដ្ឋាភិបាល​ ចំពោះ​មុខ​ប្រទេស​ជាតិ​មាន​រឿង​អី​ត្រូវ​លាក់​ គឺ​យើង​ជៀសវាង​ណាស់​ការ​បក​ស្រាយ​មិន​ច្បាស់​តាម​គេ​តាម​ឯង​។

តាន់ ចន្ថា ៖​ ឯកឧត្ដម​ក្មួយ​មាន​សំណួរ​បន្ថែម ​ពាក់ព័ន្ធ​រូបភាព​ដែល​គេ​បាន​បង្ហាញ​នេះ​ បើ​វា​ជា​ការ​ពិត​ តើ​វា​មាន​កំហុស​ឆ្គង​ម៉េច​ដែរ​ ?

ថៃ នរសត្យា ៖ ​កន្លែង​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ចង់​ជម្រាប​ថា​ បើ​យើង​មិនទាន់​ដឹង​ថា ​អា​ហ្នឹង​វា​មែន​ ឬ​មិនមែន​ ហើយ​ពាក់ព័ន្ធ​នឹង​ច្បាប់​ទម្លាប់​យ៉ាង​ណា ​អា​ហ្នឹង​ហើយ​ដែល​យើង​មិន​អាច​បង្ហាញ​ជូន​ច្បាស់​ ប៉ុន្តែ​គ្រាន់តែ​ចង់​ជម្រាប​ថា​ នៅ​ក្នុង​គោលនយោបាយ​លើ​វិស័យ​វប្បធម៌​របស់​យើង​ យើង​បាន​ដាក់​ទឹក​ដី​កម្ពុជា​នេះ​ជា​កន្លែង​ស្វាគមន៍​ថត​ភាពយន្ត​បរទេស ​អ៊ីចឹង​អង្គរវត្ត​ក្ដី​ បេតិកភណ្ឌ​ផ្សេង​ៗ​ទៀត​ក្ដី​គឺ​សុទ្ធតែ​គេ​អាច​ថត​បាន​ទាំង​អស់​ បើ​សិន​ជា​មាន​ការ​សុំ​ច្បាប់​អ៊ីចឹង​ទៅ ​តែ​រឿង​ផ្សព្វផ្សាយ​ខាងលើ​យើង​មិនទាន់​ដឹង​ថា​មាន​ច្បាប់​ ឬ​អត់​នោះ​ទេ​ ដូច្នេះ​ហើយ​យើង​កំពុង​សិក្សា​លើ​ចំណុច​ហ្នឹង​។

តាន់ ចន្ថា ​៖​ ក្មួយ​មាន​សំណួរ​មួយ​ទៀត ​ក្រោយ​ពី​កើត​មាន​ព័ត៌មាន​នេះ​មក​មាន​ព័ត៌មាន​ថា​ ភាពយន្ត​ថៃ​មួយ​នេះ​ក៏​មាន​ការ​ថត​នៅ​លើ​ទីតាំង​អង្គរវត្ត​ខ្លះៗ​ដែរ​ តើ​ក្រសួង​មាន​ធ្លាប់​ទទួល​បាន​លិខិត​ស្នើសុំ​ថត​ ដែរ​ឬទេ​ ?

ថែ នរសត្យា ​៖ ​វា​នៅ​តែ​ជា​ការ​ឆ្លើយ​ពី​ដំបូង​របស់​ខ្ញុំ​ដដែល​អ៊ីចឹង ​រឿង​នេះ​វា​មិន​ទាន់​ច្បាស់​ គឺ​ព័ត៌មាន​តាម​ហ្វេសប៊ុក ​ចឹង​ហើយ​ បើ​យើង​ទៅ​ប្ដឹង​គេ​ តើ​ប្ដឹង​ពី​រឿង​អី​ អង្គហេតុ​យ៉ាង​ម៉េច​ បើ​មិនទាន់​ដឹង​ថា​ គេ​ដាក់​ហ្នឹង​ក្នុង​គោល​បំណង​ល្អ​ ឬ​អាក្រក់​ផង​ហ្នឹង​ ហើយ​ក៏​មិនទាន់​ដឹង​ច្បាស់​ថា​ គេ​ដាក់​មែន​ ឬ​ក៏​មិនមែន​ផង​ហ្នឹង​ ក្នុង​នាម​ក្រសួង​ខិតខំ​ធ្វើ​ការ​ណាស់​មិន​ដូច​ការ​លើក​ឡើង​ថា​ មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​ស៊ី​តែ​ប្រាក់ខែ​រដ្ឋ​គ្មាន​ធ្វើ​ការ​អី​នោះ​ទេ​ ខ្ញុំ​ធ្វើ​ការ​ជិត​ងាប់​ហើយ​នែក!​ ខ្ញុំ​ជជែក​ជា​មួយ​ប្អន​ពេល​នេះ ​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ងាយ​។

ទោះ​ជា​ការ​បក​ស្រាយ​របស់​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ឃើញ​ហើយ​មិន​ហ៊ាន​ថា ​ភាគី​ផលិតករ​ថៃ​យក​រូប​ប្រាសាទ​អង្គរវត្ត​ធ្វើ​ Poster​ក្ដី​ ប៉ុន្តែ​តាម​រយៈ​រូប​ភាព​នៃ​ផ្ទាំង​ផ្សព្វផ្សាយ​គឺ​មាន​ Logoo​ផលិតកម្ម​ ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា ​ការ​ធ្វើ​អាជីវកម្ម​នេះ​គឺ​ឆ្លងកាត់​ពី​ក្រសួង​ពាក់ព័ន្ធ​របស់​ប្រទេស​ថៃ​ច្បាស់​លាស់​ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​កេរដំណែល​ប្រាសាទ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ការ​ផ្សព្វផ្សាយ​របស់​ថៃ​មិន​មាន​ផល​ចំណេញ​មក​ភាគី​យើង​៕ ប្រភព៖ kqube