អ្នកឃ្លាំមើល​សង្គម កំពុង​ទន្ទឹងរង់ចាំ​ស្តាប់​លទ្ធផល ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បទបញ្ជា ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយ៍កម្ម និង​សំណង់ និង​ក្រសួងកសិកម្ម និង​រុក្ខាប្រមាញ់ ចុះ​ពិនិត្យ​ឈានដល់​និរាករណ៍ ឬ​លុប​ប័ណ្ណកម្មសិទ្ធិ ព្រមទាំង​ឯកសារ​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ដទៃទៀត ដែល​ជាប់​ពាក់ព័ន្ធ​ដី​ព្រៃកោងកាង នៅតាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ចំនួន​៤​។

Loading...

​ខេត្ត​ជាប់​ឆ្នេរ​ទាំង ៤ រួមមាន​៖ ខេត្ត​កែប ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។ ខេត្ត​ទាំង ៤​នេះ មាន ឆ្នេរសមុទ្រ​សរុប​ចំនួន ៤៤០​គីឡូម៉ែត្រ​។

​មន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាងថា កំពុង​រង់ចាំ​មើល​ការប្រកាស​លទ្ធផល​ជា​សាធារណៈ របស់​ក្រុមការងារ​ចម្រុះ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួងកសិកម្ម ដែល​ចុះ​អនុវត្ត​សេចក្តីសម្រេច ឬ​លិខិត របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ដែល​បើកផ្លូវ​ឲ្យ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជុំវិញ របាយការណ៍​ស្ដីពី​ស្ថានភាព​ព្រៃកោងកាង​នៅតាម​តំបន់ឆ្នេរ​នៃ​ប្រទេស​កម្ពុជា លើ​ចំណុច​និរាករណ៍ ឬ​ដកហូត​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិតបញ្ជាក់​ការកាន់កាប់​ដី របស់​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ដែនដី​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ មាន​ខេត្តកំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ដែលមាន​ការពាក់ព័ន្ធ​ដី​ព្រៃកោងកាង​។​

​អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ ខេត្តកោះកុង លោក អ៊ិន គង់​ជិត ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ រូបលោក​មិនទាន់​ទទួលបាន​លទ្ធផល ដែល​ក្រុមការងារ​ចុះ​អនុវត្ត​បទបញ្ជា របស់​ប្រមុខ​ដឹកនាំ រដ្ឋាភិបាល ទាក់ទង​ដី​ព្រៃកោងកាង ដែល​ត្រូវ​មន្ត្រី​ជំនាញ ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ធ្វើ​កម្មសិទ្ធិ នៅតាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង ៤ នៅឡើយ​ទេ​។

​អ្នកឃ្លាំមើល​សង្គម​រូបនេះ ទទូច​ដល់​ក្រុមការងារ​ចម្រុះ​ស្ថាប័ន​ពាក់ព័ន្ធ ដឹកនាំ​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី និង​ក្រសួងកសិកម្ម បង្ហាញ​អំពី​លទ្ធផល ដែល​ក្រុមការងារ​ទទួលបាន​ពី​ការចុះអនុវត្ត​បទបញ្ជា របស់​ប្រមុខ​ដឹកនាំ​ទៅលើ​ការចេញ​ប្លង់​កម្មសិទ្ធិ នាំ​ឲ្យ​ប៉ះពាល់​ទៅលើ​ដី​ព្រៃកោងកាង នៅ​ឆ្នេរសមុទ្រ ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ជា​សាធារណៈ​។

​លោក អ៊ិន គង់​ជិត អះអាងថា ដី​ព្រៃកោងកាង ដែល​ដុះ​រាប់ពាន់​ហិច​តារ​នៅតាម​ឆ្នេរសមុទ្រ​ខេត្តកោះកុង នៅតែ​បន្តកាន់កាប់​ដោយ​ឯកជន និង​មាន​សកម្មភាព​ដឹក​ដី​ចាក់​លុប ព្រមទាំង​ពុះ​ច្រៀក​ជា​ឡូៗ លក់ដូរ​បន្ត​យ៉ាងសកម្ម​រហូតមកដល់​ពេលនេះ ដោយ​គ្មាន​ថ្នាក់ដឹកនាំ​មកពី​ស្ថាប័ន​ជំនាញ​ណាមួយ​ចេញមុខ​ទប់ស្កាត់​នោះទេ​។

​លោក​បង្ហាញ​ទស្សនៈ​ថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​វិធានការ​ទប់ស្កាត់​ការរំលោភ​យក​ដី​ព្រៃកោងកាង នៅតាម​ឆ្នេរ​ខេត្តកោះកុង ទំនងជា​ការអនុវត្ត របស់​មន្ត្រី​ស្ថាប័ន​ជំនាញ​គ្មាន​ប្រសិទ្ធភាព​ទេ​។

​ចំណែក អ្នកសម្របសម្រួល​សមា​គម​អាដហុក ខេត្តកោះកុង លោក ញៀប សំអឿន ក៏​ចង់​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​លោក វេ​ង សាខុន ក្រសួងកសិកម្ម បង្ហាញ​លទ្ធផល​ចុះ​ពិនិត្យ​ការចេញ​ប្លង់​កម្មសិទ្ធិ ប៉ះពាល់​បរិវេណ​ដី​ព្រៃកោងកាង នៅតាម​មូលដ្ឋាន​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង ៤​មាន ៖ ខេត្ត​កែប ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ជា​សាធារណៈ​នេះដែរ​។

​លោក ញៀប សំអឿន បានស្នើ​ដល់​ក្រុមការងារ​ថ្នាក់ជាតិ ដែល​ចុះ​អនុវត្ត​បទបញ្ជា របស់លោក​នាយករដ្ឋមន្ត្រី ជុំវិញ​ផែនការ​ការពារ​ព្រៃកោងកាង​ជា​ជំ​រកត្រី​សមុទ្រ​បន្ត​ពូជ ត្រូវ​បង្ហាញ​លទ្ធផល​ជា​សាធារណៈ ទៅលើ​លទ្ធផល​ការងារ របស់ខ្លួន​ថា តើ​បាន​ដល់​ដកហូត ឬ​និរាករណ៍​កម្មសិទ្ធិ​ដីធ្លី ដែល​ចេញរួច​នោះ បាន​ចំនួន​ប៉ុន្មាន​ប្លង់​កម្មសិទ្ធិ ដើម្បី​បង្ហាញ​ឲ្យ​សាធារណៈជន​បានដឹង អំពី​ប្រសិទ្ធភាព​ការងារ របស់​រដ្ឋាភិបាល​។

​លិខិត​ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី មាន​ចុះហត្ថលេខា និង​បោះត្រា​រដ្ឋលេខាធិការ លោក ស៊ូ ភិរិន្ទ បាន​ជម្រាបជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ឆ្លើយតប​ទៅនឹង​របាយការណ៍​ស្ដីពី​ស្ថានភាព​ព្រៃកោងកាង​នៅតាម​តំបន់​ឆ្នេរសមុទ្រ​នៃ​ប្រទេស​កម្ពុជា​។​

​បញ្ហា​នេះ យោងតាម​ចំណារ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ជម្រាបជូន លោក ជា សុផារ៉ា លើ​ករណី​របាយការណ៍​ស្ដីពី​ស្ថានភាព​ព្រៃកោងកាង​នៅតាម​តំបន់ឆ្នេរ​សមុទ្រ នៃ​ប្រទេស​កម្ពុជា ដោយ​ផ្តល់​មតិ​សំខាន់​ទៅលើ​ចំណុច​និរាករណ៍ ឬ​ដកហូត​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិតបញ្ជាក់​ការកាន់កាប់​ដី​របស់​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ដែនដី​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ មាន​ខេត្ត​កែប ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ដែល​ប៉ះពាល់​ដល់​ដី​ព្រៃកោងកាង​។​

​ទោះយ៉ាងណា ខ្មែរ​ស្ថាបនា មិនទាន់​អាចទាក់ទង លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ស្នើ​បំភ្លឺ ជុំវិញ​លទ្ធផល របស់​ក្រុមការងារ​ជំនាញ ដែល​ចុះ​អនុវត្ត​បទបញ្ជា របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ដាក់បទបញ្ជា ឲ្យ​មន្ត្រី​ជំនាញ​ពិនិត្យ និង​ឈានដល់​លុបចោល​បណ្ណ​កម្មសិទ្ធិ ទាំងឡាយណា ដែល​ចេញ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ចំណី​ដី​ព្រៃកោងកាង​តាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង ៤ បាន​នៅឡើយ​ទេ​។

​យ៉ាងនេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​ការងារ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​ខេត្តកោះកុង ក៏បាន​ស្នើ​ដល់​លោក ជា សុផារ៉ា ត្រូវ​កោះហៅ​មន្ត្រី​មួយចំនួន ដែល​បំរើ​ការងារ​នៅតាម​ស្ថាប័នរដ្ឋ​ជំនាញ​តាម​ខេត្ត​ទាំង ៤ ដែលមាន​ឈ្មោះ​បាន​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ឯកជន ទៅ​លើដី​ចំណី​ព្រៃកោងកាង របស់​រដ្ឋ ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ​៕ ដែន សីមា​