​នៅ​ថ្ងៃទី​១៣ ឧសភា នេះ រលក​វាយលុក​ប្រព័ន្ធ​មួយ​បាន «​បោសសំអាត​» លើ​ពិភពលោក​ទាំងមូល ។ បណ្តា​ករណី​វាយលុក​ប្រព័ន្ធ​ទាំងនេះ ច្រើន​បង្ហាញ​វត្តមាន​ក្រោម​រូបភព «​ជំរិត​ប្រាក់​» – តាម​នោះ​គឹ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ពុំ​អាច​ចូលក្នុង​ទិន្នន័យ​បាន លើកលែងតែ​គេ​ឲ្យ​ប្រាក់​ទៅ​ពួកចោរ​ព័ត៌មាន​ជា​គណនី​រូបិយប័ណ្ណ​និម្មិត Bitcoin មួយ ។​

Loading...

​នៅ​អង់គ្លេស មន្ទីរពេទ្យ​ជាច្រើន​ចំណុះ​សេវាកម្ម​សុខាភិបាល​ជាតិ (NHS) ត្រូវ​បានដាក់​ក្នុង​គ្រា​មាន​អាសន្ន បន្ទាប់ពី​ប្រព័ន្ធ​ព័ត៌មាន​រក្សាទុក​រូបភាព X-Ray, លទ្ធផល​វិភាគ​ជំងឺ ឬ ប្រព័ន្ធគ្រប់គ្រង​អ្នកជំងឺ​… សុទ្ធសឹង​ត្រូវ «​ចាក់សោរ​» ជាប់ ។​

​លើ​អេក្រង់​កុំព្យូទ័រ​របស់ NHS បាន​លេចចេញ​អក្សរ «​ឯកសារ​របស់​អ្នក​បាន​ត្រូវ​ប្តូរ​ជា Code» ហើយ​តម្រូវ​ឲ្យ «​ទូទាត់ ៣០០ ដុល្លារ ជា​លុយ Bitcoin» ។​

​បណ្តា​មន្ទីរពេទ្យ​បាន​បង្ខំចិត្ត​បិទ​ទាំងស្រុង នូវ​ប្រព័ន្ធ​ម៉ាស៊ីន​កុំព្យូទ័រ ដើម្បី​ការពារ​ទិន្នន័យ ខណៈពេលដែល​អ្នកជំងឺ​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ទៅកាន់​មន្ទីរពេទ្យ ដែល​ពុំ​រង​ការវាយប្រហារ​ដោយ​ពួកចោរ​ទាំងនោះ ។​

​ក្នុងពេល​ជាមួយគ្នា​នោះដែរ ក្រសួងមហាផ្ទៃ​រុស្ស៊ី បណ្តា​ក្រុមហ៊ុន​ធំៗ​នៅ​អេស្បាញ​ដូចជា សម្ព័ន្ធ​ក្រុមហ៊ុន​ទូរគមនាគមន៍ Telefonica និង​ក្រុមហ៊ុន Fed Ex អាមេរិក សុទ្ធតែ​ប្រកាស​ព័ត៌មាន​ពី​ការវាយលុក​របស់​ពពួក​ចោរ​ទាំងនោះ ។​

​បច្ចុប្បន្ន នៅ​ពុំទាន់​គិតគូរ​បាន​ពី​កំរិត​នៃ​ការវាយប្រហារ​នេះ ឲ្យ​បាន​អស់​ទេ ប៉ុន្តែ តាម​អ្នកវិភាគ​ខ្លះ​ឲ្យ​ដឹងថា ប្រទេស​ចំនួន​រាប់សិប​បាន​រង​ឥទ្ធិពល​ជាអាទិ៍ៈ អង់គ្លេស​, រុស្ស៊ី​, អូ​ទ្រី​ស្ត​, បារាំង​, អាល្លឺម៉ង់​, អ៊ីតាលី​, អេស្បាញ​, អាមេរិក​, ម៉ិចស៊ីកូ ។​ល​។​

​ក្រុម​ប្រតិកម្ម​ហានិភ័យ​កុំព្យូទ័រ​របស់​ក្រសួង​សន្តិសុខ​លើ​ផ្ទៃ​ប្រទេស​អាមេរិក សារភាពថា រលក​វាយប្រហារ​ប្រព័ន្ធ​លើក​នេះ កំពុង​កើតឡើង «​នៅ​ប្រទេស​ច្រើន​លើ​ពិភពលោក​» ខណៈពេលដែល​បណ្តា​ក្រុមហ៊ុន​សន្តិសុខ​បណ្តាញ​ដូចជា Avast ឬ Kaspersky ប៉ាន់ប្រមាណ​ថា មាន​ករណីបែបនេះ​កើតមាន​ប្រមាណ​ពី ៤៥.០០០ ទៅ ៧៥.០០០ ករណី ហើយ​នៅ​ប្រទេស​ពី ៧៥ ទៅ ៩៩ ប្រទេស ។​

​ក្រុមហ៊ុន​ផ្នែក​ទន់ Microsoft នៅ​ថ្ងៃទី​១២ ឧសភា បាន​អះអាងថា គេ​បាន​បន្ថែម​សមត្ថភាព​រកឃើញ និង​ការពារ​កុំព្យូទ័រ​ចាក​ផុតពី Code ជំរិត​ទារប្រាក់ WannaCrypt នេះ ។​

​បច្ចុប្បន្ននេះ ពុំទាន់​មានការ​ចេញមុខ​អះអាង​របស់​ក្រុមចោរ​ព័ត​មាន​ណាមួយ​នៅឡើយ ៕​