ទោះបី​វេជ្ជបណ្ឌិត​ និងស្វាមី​ សុទ្ធតែ​ចាត់ទុក​ថាកូន​ប្រុសពិការ​ខួរក្បាល​ដោយសារថប់ដង្ហើម​ពេលកើត នឹងជាអំរែក​ធ្ងន់ធ្ងរ​ចំពោះគ្រួសារ​ តែមាតា​ជនជាតិ​ចិនរូបនេះ នៅតែ​ប្តេជ្ញា​រក្សា​ និងចិញ្ចឹម​ថែទាំកូន​ក្លាយជាមនុស្ស​ដ៏ជោគជ័យ ។

Ding Ding ​អាយុ ២៩ ឆ្នាំ និងម្តាយ

Loading...

Ding Ding កើតនៅឆ្នាំ ១៩៨៨ ត្រូវពិការ​​ខួរក្បាល​ដោយសារ​ផលវិបាក​នៃជំងឺ​ថប់ដង្ហើម​ពេលកើត ។ ពេលនោះ វេជ្ជបណ្ឌិត​ក្នុងមន្ទីរពេទ្យ​ ហ៊ូប៉ិ សុទ្ធតែ​ទូន្មាន​អ្នកស្រី Zhou Hongyan ​គួរបោះបង់​កូនចោល ។ ​ពួកគេចាត់ទុក​ថា សង្គ្រោះជីវិត​ក្មេង គឺគ្មានប្រយោជន៍​ ព្រោះវានឹង​ពិការ​គំនិតប្រាជ្ញា​ពេលពេញវ័យ ។ សូម្បី​​តែឪពុក​ Ding Ding ក៏ទូន្មាន​ប្រពន្ធ​ឲ្យបោះបង់កូនចោល​ ជាមួយនឹង​មូលហេតុ​ថាវានឹងជាអំរែក​ធ្ងន់ធ្ងរ​ សម្រាប់​គ្រួសារ​អស់មួយជីវិត ។ ប៉ុន្តែ អ្នកស្រី​ Zou ដាច់ខាត​រក្សាទុកកូន​ និងលែងលះស្វាមី ។

ដើម្បី​ចិញ្ចឹម​កូនឲ្យបានធំ​ចម្រើនវ័យ អ្នកស្រី​ត្រូវ​ធ្វើការ​យ៉ាងច្រើន ដោយធ្វើជាកម្មាភិបាល​នៅសកលវិទ្យាល័យ​ផង ធ្វើបន្ថែម​ដូចជាលក់​ធានារ៉ាប់រង​, បណ្តុះបណ្តាល​អ្នកពិធីការ ។ ពេលទំនេរ​ អ្នកស្រី​តែងនាំ Ding Ding ទៅកាន់​ផ្នែក​ព្យាបាល​ដោយចលនា ។ អ្នកស្រី​រៀនវិធី​ម៉ាស្សាឲ្យកូន, បង្រៀន Ding Ding ល្បែងរំញោច​ប្រាជ្ញាឈ្លាសវៃ និងដោះស្រាយ​ចំណោទ​ល្បងប្រាជ្ញា ។

អ្នកស្រី​ Zou ធ្វើការ​យ៉ាងច្រើន ដើម្បីមានប្រាក់​ចិញ្ចឹម​ខ្លួនឯង និងកូនប្រុស

អ្នកស្រី Zou ចាត់ទុក​ថាកូន​ប្រុសចាំបាច់​ត្រូវរៀនវិធីជំនះពិការភាព​ដោយការហ្វឹកហាត់អំណត់ព្យាយាម ។

«ខ្ញុំមិន​ចង់ឲ្យ​កូន​មានអារម្មណ៍​អៀនខ្មាស ដោយសារខ្លួនពិការ», អ្នកស្រី​និយាយ «ព្រោះគេខ្សោយ​ជាងមនុស្ស​ធម្មតាលើច្រើនទិដ្ឋភាព ហេតុនេះ ខ្ញុំ​តម្រូវ​ឲ្យកូនហ្វឹកហាត់​យ៉ាងតឹងរ៉ឹង» ។

ពេលទំនេរ​ អ្នកស្រី Zou បង្រៀន​កូននូវល្បែងរំញោចខួរក្បាលរីកចម្រើន

Ding Ding បញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​វិទ្យាសាស្រ្ត​ និងបច្ចេកទេសបរិស្ថាន, សកលវិទ្យាល័យ​ប៉េកាំង​ឆ្នាំ២០១១ និងរៀន​បន្ត​សញ្ញាប័ត្រ​ច្បាប់ ក្នុងសាលា ។ ចុងឆ្នាំមុន Ding Ding បានទៅសិក្សាបន្តនៅសកលវិទ្យាល័យ​ហាវ៉ាដ ។

Ding Ding ​ជានិច្ចកាល​នឹកទៅដល់​ម្តាយ​នៅប្រទេសចិន និងនិយាយថា ម្តាយជា «មិត្តស្មារតី» របស់ខ្លួន ។ ចំណែក​អ្នកស្រី​ Zou មានមោទនភាពដោយសារ «ម្តាយកូនទាំងពីរស្និទ្ធស្នាលគ្នាបំផុត» ៕