​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួន​នា​ខេត្ត​ព្រះសីហនុ និង​កោះកុង បង្ហាញ​ការព្រួយបារម្ភ​ជាថ្មីទៀត ចំពោះ​ភាព​ធូរ​លុង របស់​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ នៅតាម​ច្រកព្រំដែន​ប្រទេសជិតខាង​កម្ពុ​ជាមាន​ប្រទេស​ថៃ និង​វៀតណាម​ជាដើម ដែល​គ្មាន​លទ្ធភាព​ទប់ស្កាត់​ការ​នាំចូល​ទំនិញ​ខូចគុណភាព និង​បន្លែ​ត្រី​សាច់​ស្រស់ៗ​គ្រប់​ប្រភេទ មាន​ផ្ទុក​សារធាតុ​គីមី នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ធ្ងន់ធ្ងរ​។

​ពួកគេ​ស្នើ​ឲ្យ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដាក់​ប្រចាំការ​នៅតាម​ច្រកព្រំដែន​នីមួយៗ មាន​ច្រក​ចាំ​យាម ខេត្តកោះកុង ច្រក​ព្រែក​ចាក ខេត្តកំពត និង​ច្រក​នាំចូល​ទំនិញ កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ជាដើម ត្រូវ​បន្ថែម​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​មុខទំនិញ ឬ​មុខម្ហូប ចំណី​ត្រី​សាច់ និង​បន្លែ​ផ្លែឈើ​គ្រប់​ប្រភេទ ដែល​នាំចូល​ពី​ប្រទេសជិតខាង​ឲ្យ​បាន​ច្រើន​ថែមទៀត ព្រោះ​សព្វថ្ងៃនេះ មាន​ទំនិញ​ខូចគុណភាព ឬ​លើស​ថ្ងៃ​ប្រើប្រាស់ និង​មុខម្ហូប​ស្រស់ៗ នាំចូល​ពី​ក្រៅប្រទេស ត្រូវ​មន្ត្រី​ជំនាញ​ពិសោធន៍​រកឃើញ​មាន​ដាក់​សារធាតុ​គីមី នៅលើ​ទំនិញ ឬ​ចំណីអាហារ​ទាំងនោះ​បា​នប​ន្ត​កើតមាន​រហូតមកដល់​ពេលនេះ​។

Loading...

​លោក អ៊ិន គង់​ជិត អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ (Licadho) ប្រចាំខេត្ត​កោះកុង នា​ខេត្ត​ព្រះសីហនុ ក៏​បង្ហាញ​ការព្រួយបារម្ភ លើ​បញ្ហា​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព និង​អាហារ​ត្រី​សាច់​ស្រស់ៗ មាន​ផ្ទុក​សារធាតុ​គីមី ដើម្បី​រក្សា​ឲ្យ​មុខម្ហូប​ទាំងនោះ​នៅ​ស្រស់ និង​អាច​រក្សាទុក​លក់បាន​យូ​រ​ថ្ងៃ​នេះដែរ​។​

​លោក​ស្នើ​ដល់​មន្ត្រី​ជំនាញ​កាំកុងត្រូល និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជំនាញ​ដទៃទៀត ប្រចាំការ​នៅតាម​ច្រកព្រំដែន​កម្ពុជា​ថៃ ច្រក​ចាំ​យាម ខេត្តកោះកុង ឲ្យ​បន្ថែម​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​ចំណីអាហារ ឬ​ទំនិញ នាំចូល​ពី​ប្រទេស​ថៃ ដែល​ត្រូវ​ឈ្មួញ ឬ​អាជីវករ​នាំ​ចូលមក​ដាក់លក់​នៅលើ​ទីផ្សារ​នានា​ក្នុងប្រទេស​កម្ពុជា ដើម្បី​ឈានដល់​ទប់ស្កាត់​ការ​នាំចូល​ទំនិញ​ខូចគុណភាព ឬ​លើស​ថ្ងៃ​កំណត់​ប្រើប្រាស់ ពិសេស​ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី ឲ្យ​បានជា​ស្ថាពរ​នា​ថ្ងៃ​អនាគត​។​

​លោក អ៊ិន គង់​ជិត ព្រួយបារម្ភ ដែលជា​បន្ត​បន្ទាប់មក​នេះ មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល នៅតាម​បណ្តាល​ខេត្ត​ជាច្រើន​បាន​ចុះ​ពិនិត្យ​ទំនិញ​ដាក់លក់​នៅលើ​ទីផ្សារ រកឃើញ​ទំនិញ​ខូចគុណភាព និង​លើស​កាលបរិច្ឆេទ​ប្រើប្រាស់ មាន​ដាក់លក់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​។ ជាង​នេះ ក៏មាន​អាហារ​ស្រស់ ឬ​មុខម្ហូប​សមុទ្រ​ស្រស់ៗ ដែល​ដាក់លក់​នៅលើ​ទីផ្សារ ទាំងមុខ​ម្ហូប​រកបាន​នៅក្នុង​ស្រុក ទាំងមុខ​ម្ហូប​ស្រស់​នាំចូល​ពី​ក្រៅប្រទេស មាន​ផ្ទុក​សារធាតុ​គីមី ដើម្បី​ឲ្យ​មើលឃើញ​ស្រស់ និង​រក្សាទុក​លក់បាន​យូរថ្ងៃ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ឬ​ជ្រើស​យកទៅ​ទទួលទាន​។

​ចំណែក លោកស្រី ជៀប សុធា​រី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​(Adhoc) ប្រចាំខេត្ត​ព្រះសីហនុ ក៏​ទទូច​ដល់​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន នៅតាម​ច្រកព្រំដែន​កម្ពុជា​ថៃ និង​វៀតណាម ឲ្យ​បន្តសកម្មភាព​ចុះ​ពិនិត្យ​ទំនិញ ឬ​អាហារ​ត្រី​សាច់ និង​បន្លែ​ផ្លែឈើ​គ្រប់​ប្រភេទ នាំចូល​ពី​ប្រទេសជិតខាង ដើម្បី​ឈានដល់​ទប់ស្កាត់​ការ​នាំចូល​ទំនិញ​ខូចគុណភាព​ឲ្យ​មាន​ប្រសិទ្ធភាព​។

​អ្នកឃ្លាំមើល​ការងារ​អភិវឌ្ឍ​សង្គម ប្រចាំខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត​ជាដើម មាន​ម​ន្ទឹ​ល​ថា ការ​នាំចូល​ទំនិញ​ខូចគុណភាព​គ្រប់​ប្រភេទ របស់​ឈ្មួញ ពី​ប្រទេសជិតខាង ចូលមក​កាន់​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា នៅតាម​ច្រកព្រំដែន​គោក និង​ច្រកព្រំដែន​ទឹក មាន​ច្រក​កំពង់ផែ​ជាដើម ប៉ុន្តែ​គ្មាន​ការហាមឃាត់​ពី​សមត្ថកិច្ច ទំនងជា​អាចមាន​ជាប់​ពាក់ព័ន្ធ ជាមួយ​មន្ត្រី​ជំនាញ​ស្ថាប័ន​ខ្លះ ប្រចាំការ​នៅតាម​ច្រកព្រំដែន​នីមួយៗ ទើប​គ្មាន​ការទប់ស្កាត់ ហើយ​ឈ្មួញ​អាចធ្វើ​សកម្មភាព​បាន​ដោយ​រលូន​មកដល់ពេលនេះ​។

​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​លោក​រដ្ឋមន្ត្រី​នៅ​ត​មា​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់ជាតិ មាន​ក្រសួងកសិកម្ម និង​រុក្ខាប្រមាញ់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិសេស​ក្រសួងមហាផ្ទៃ​ជាដើម ឲ្យ​ជួយ​តាមដាន​សកម្មភាព របស់​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ នៅតាម​ស្ថាប័ន​ជំនាញ​នីមួយៗ ដែល​ប្រចាំការ​នៅតាម​ច្រកព្រំដែន​កម្ពុជា​ថៃ និង​វៀតណាម មាន​ច្រក​ចាំ​យាម ខេត្តកោះកុង ច្រក​ព្រែក​ចាក ខេត្តកំពត និង​ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ជាដើម ដើម្បី​ជំរុញ​ឲ្យ​ជំរុញ​ឲ្យ​មន្ត្រី​ទាំងនោះ​អនុវត្ត​ការងារ ឲ្យ​ស្របតាម​ច្បាប់ និង​មាន​ប្រសិទ្ធភាព​៕ ដែន សីមា