និស្សិត​មួយក្រុម​មកពី​សាកលវិទ្យាល័យ​មួយ ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​កម្មសិក្សា មកកាន់​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ និង​បាន​ចុះទៅ​តាម​កោះ​មួយចំនួន នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ បង្ហាញ​ការភ្ញាក់ផ្អើល បន្ទាប់ពី​បានឃើញ សកម្មភាព​ទន្ទ្រាន​កាប់​រាន​បរិវេណ​ព្រៃ​ធម្មជាតិ មាន​ដើម​ដុះ​ធំៗ ដើម្បី​រាន​ដី​ធ្វើ​កម្មសិទ្ធិឯកជន នៅលើ​កោះរ៉ុង​កើតមាន​អនាធិបតេយ្យ និង​មាន​វិសាលភាព​ធំធេង​។

Loading...

​និស្សិត​មួយក្រុម ដែល​ចុះ​ទៅដល់​កោះរ៉ុង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែឧសភា បាន​រិះគន់ អភិបាល ខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​មន្ទីរ​ស្ថាប័ន​ជំនាញ​ក្រោម​ឱវាទ​ខេត្ត​នេះ មាន​មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ជាដើម ថា​មិនបាន​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ដីព្រៃ​ធម្មជាតិ​មាន​ដើម​ធំៗ​ដូច​ម្រាមដៃ លើ​កោះរ៉ុង បែបនេះ​ទៅវិញ​។

​ផ្តើម​ពី​វិនាស​កម្មនេះ ពួកគេ​បារម្ភ​ខ្លាច​ព្រៃឈើ មាន​នៅលើ​កោះរ៉ុង អាច​ត្រូវ​ឈ្មួញ និង​បុគ្គល​មួយចំនួន ដែលមាន​ម​ហិ​ច្ឆិ​តា​លោភលន់ ឃុបឃិត​ចែក​ផលប្រយោជន៍​គ្នា ជាមួយ​មន្ត្រី​ស្ថាប័ន​ខ្លះ ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ កាប់​រាន​ដីព្រៃ​ទាំងនោះ​រលាយ​ហិនហោច​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ បើ​រដ្ឋបាលខេត្ត​នេះ​គ្មាន​វិធានការ​ទប់ស្កាត់​។

​ក្រុមយុវជន​ដែល​ចុះមក​ស្រាវជ្រាវ​លើ​បញ្ហា​បរិស្ថាន នៅលើ​កោះរ៉ុង បានស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ដីព្រៃ​ធម្មជាតិ នៅលើ​កោះរ៉ុង ឲ្យ​បានជា​ស្ថាពរ ទោះ​បរិវេណ​ដី​មាន​ដុះ​ដើមឈើ​ធំៗ​ទាំងនោះ ត្រូវ​បុគ្គល​មួយចំនួន​នោះ​កាន់កាប់​ខុសច្បាប់ ឬ​ស្របច្បាប់​បែបណា​ក្តី ព្រោះ​ជា​ដីព្រៃ​ធម្មជាតិ មាន​ដើមឈើ​ធំៗ​។

​និស្សិត​ទាំងនោះ កត់សម្គាល់ថា បរិវេណ​ដីព្រៃ​ឈើ​ធម្មជាតិ ដែល​ត្រូវគេ​កាប់បំផ្លាញ​នៅលើ​សង្កាត់​កោះរ៉ុង អាច​នឹងត្រូវ​បំផ្លាញ​រលាយ​ហិនហោច ដោយសារ​មាន​ឈ្មួញ និង​មន្ត្រី​មាន​តួនាទី​ខ្ពស់​ទាំង​ថ្នាក់​ខេត្ត​ព្រះសីហនុ និង​ថ្នាក់ជាតិ​ខ្លះ មានឈ្មោះ​នៅ​ពីក្រោយ​បទល្មើស​កាប់​រាន​ដីព្រៃ​នៅលើ​កោះរ៉ុង​ធ្វើ​កម្មសិទ្ធិ ដោយបាន​ជួល​ឲ្យ​កម្មករ កាប់​ដុត​រាន​ដីព្រៃ នៅតាម​តំបន់​ខ្លះ​នៃ​សង្កាត់​កោះរ៉ុង​បាន​បន្ត​កើតមាន​មកដល់ពេលនេះ​។

​ទាក់ទិន​បញ្ហា​នេះ លោកស្រី ជៀប សុធា​រី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ ក៏​ព្រួយបារម្ភ​ខ្លាច​ព្រៃឈើ​មាន​ដើម​ធំៗ នៅលើ​កោះរ៉ុង ត្រូវ​បំផ្លាញ ដូចគ្នា​ដី​គម្រប​ព្រៃឈើ​បៃតង​ឆ្នាំ​២០០២ ដែល​រាជរដ្ឋាភិបាល​បម្រុង​ទុក និង​ដាក់​ឲ្យ​រដ្ឋបាលខេត្ត​នេះ​ថែរក្សា មាន​ទីតាំងនៅ​ចុង​ឆ្នេរ​អូរត្រេះ ឬ​តំបន់​ពយ​ម៉ា​ចូ​វ ស្ថិតក្នុង​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​។ ប៉ុន្តែ​ដី​គម្រប​ព្រៃឈើ​បៃតង​ទាំងនោះ គិត​មកដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៧​នេះ ត្រូវគេ​កាប់​រាន​ព្រៃ​ធម្មជាតិ​ទាំងនោះ​ធ្វើ​កម្មសិទ្ធិ ដោយបាន​រាន​ដី​ពុះ​ច្រៀក​ជា​ឡូៗ សង់ផ្ទះ ធ្វើ​របង​រឹងមាំ​ហ៊ុំព័ទ្ធ កំណត់ចំណាំ​ក្បាលដី​ម្ចាស់​រៀងៗ​ខ្លួន ព្រមទាំង​បាន​ដាំ​ដំណាំ​កសិកម្ម នៅ​លើដី​រដ្ឋ​រក្សាទុក​ទាំ​ង​នោះ​រលាយ​ហិនហោច​ទាំងស្រុង​អស់​ទៅហើយ​។​

​លោកស្រី សុធា​រី ចាត់ទុកថា វិសាលភាព​នៃ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅលើ​កោះរ៉ុង មាន​ទំហំធំធេង ដោយ​បទល្មើស​កាប់​រាន​ដីព្រៃ​នេះ បាន​កើតមាន​ក្រោយពេល មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដ៏ទៃទៀត បាន​ចុះ​វាស់​កំណត់​ក្បាលដី​ជូន​ប្រជាពលរដ្ឋ រស់​នៅលើ​សង្កាត់​កោះរ៉ុង កាលពី​ចុងឆ្នាំ​២០១៦ និង​កម្ម​ភាព​កាប់​ព្រៃ​នេះ​បាន​បន្ត​រហូតមកដល់​បច្ចុប្បន្ន​។

​អ្នកឃ្លាំមើល​សង្គម​រូបនេះ បាន​ទទូច​ដល់ រដ្ឋបាលខេត្ត​ព្រះសីហនុ គួរ​យកចិត្តទុកដាក់ ការពារ​ព្រៃឈើ​ធម្មជាតិ នៅលើ​កោះរ៉ុង ឲ្យ​បាន​គង់វង្ស ព្រោះ​បើ​ព្រៃឈើ​នៅលើ​កោះរ៉ុង ត្រូវ​បំផ្លាញ​រលាយ​ហិនហោច អាច​នាំ​ឲ្យ​ភ្ញៀវទេសចរ ពិសេស​ភ្ញៀវ​អន្តរជាតិ ឈប់​ចាប់អារម្មណ៍​ចូលមក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ នា​ថ្ងៃ​អនាគត​ជាពុំខាន​។

​លោកស្រី សុធា​រី ក្នុងនាម​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​រស់នៅ ខេត្ត​ព្រះសីហនុ​យូរ​ឆ្នាំ​មកហើយ បានស្នើ​ដល់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ជួយ​ថែរក្សា​ការពារ​ព្រៃឈើ​ដុះ​នៅលើ​កោះរ៉ុង ដែល​កន្លងមកនេះ ត្រូវ​ឈ្មួញ និង​មន្ត្រី​កំពុង​បំរើកា​រងារ​នៅតាម​ស្ថាប័នរដ្ឋ​ខ្លះ​ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឃុបឃិត​ចែក​ផលប្រយោជន៍ ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​ជួល​កម្មករ​ឲ្យ​ចូលមក​ផ្តួលរំលំ​ដើមឈើ​ធំៗ នៅលើ​កោះរ៉ុង​ដើម្បី​រាន​ដី​ធ្វើ​កម្មសិទ្ធិ បន្ត​កើតមាន​ទៀត​ទេ​។

​អ្នកឃ្លាំមើល​សង្គម​រូបនេះ​កត់​ស្គាល់​ថា រាល់ថ្ងៃនេះ ឃើញ​មាន​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ មាន​កម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​ជាដើម បាន​ចុះ​ល្បាត​នៅតាម​គោលដៅ​មួយចំនួន នៅលើ​កោះរ៉ុង ប៉ុន្តែ​មិនអាច​ស្កាត់​សកម្មភាព​បទល្មើស​កាប់​ព្រៃ នៅលើ​កោះរ៉ុង មាន​ប្រសិទ្ធភាព​ទេ ព្រោះ​អ្នក​នៅ​ពីក្រោយ​បទល្មើស​កាប់​រាន​ដីព្រៃ ឬ​អ្នកមាន​ចំណែក​ក្បាលដី នៅលើ​ដីព្រៃ​កាប់​រាន​នោះ​មួយចំនួន​នោះ ពួកគេ​មាន​តួនាទី​ខ្ពស់​ទាំង​ក្នុង​ជួរ​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ​។

​ទាក់ទិន​បញ្ហា​នេះដែរ លោក ឈុន ប៊ុន​ថា តំណាង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) មាន លោក គិត ម៉េង ជា​អគ្គនាយក ដែល​ក្រុមហ៊ុន​នេះ ទទួលបាន​សិទ្ធិ​វិនិយោគ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​កំពុង​សង់​សំណង់​សណ្ឋាគារ​ប្រណិត​លំដាប់​ផ្កាយ ៥ មាន​ទីតាំងនៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង​។ តំណាង​រូបនេះ បាន​ទទួលស្គាល់ថា ពិត​ជាមាន​សកម្មភាព​កាប់​រាន​ដីព្រៃ​អនាធិបតេយ្យ​នៅលើ​កោះរ៉ុង​ពិតមែន​។

​លោក ឈុន ប៊ុន​ថា ក៏​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ព្រៃ​ធម្មជាតិ ដែ​មាន​នៅលើ​កោះរ៉ុង​ទាំង​ប៉ុន្មាន ត្រូវ​កាប់បំផ្លាញ​រាន​ដី​ធ្វើ​កម្មសិទ្ធិ​ទាំងស្រុង ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ បើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ទប់ស្កាត់ ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​។​

​លោក​ថា នៅពេល​ព្រៃឈើ​ធម្មជាតិ​នៅលើ​កោះរ៉ុង ត្រូវ​បំផ្លាញ​រលាយ​ហិនហោច នៅពេលនោះ ភ្ញៀវទេសចរ ទាំង​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ទំនងជា​នឹង​លែង​ចាប់អារម្មណ៍ ចូលមក​កម្សាន្ត នៅតាម​ឆ្នេរ​នានា​ជា​បន្តទៀត​ទេ​នា​ថ្ងៃ​អនាគត ដែល​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ភ្ញាក់រលឹក​រួមគ្នា​ការពារ​ព្រៃឈើ​លើ​កោះរ៉ុង កុំ​ឲ្យ​មាន​សកម្មភាព​កាប់​រាន​ជា​បន្តទៀត​។

​បញ្ហា​នេះដែរ​កន្លងមក លោក នួន ប៊ុន​ថុល នាយក​ទីចាត់ការ​អន្តរ​វិស័យ សាលាខេត្ត​ព្រះសីហនុ ដែល​ត្រូវ​ថ្នាក់ដឹកនាំ បញ្ជូន​ឲ្យ​ទៅ​ប្រចាំ​ការមើល​ការខុសត្រូវ​នៅលើ​កោះរ៉ុង បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​បាន​ចុះ​ល្បាត​នៅតាម​តំបន់​គោលដៅ ដែល​សង្ស័យ​មាន​សកម្មភាព​កាប់​ព្រៃឈើ របស់​រដ្ឋ​បម្រុង​ទុក នៅលើ​កោះរ៉ុង ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ​។

​ជាង​នេះ​កន្លងមក កម្លាំង​ជំនាញ ក៏បាន​ចាប់ខ្លួន​កម្មករ​ស៊ីឈ្នួល​កាប់​រាន​ដីព្រៃ នៅលើ​កោះរ៉ុង​បាន​មួយចំនួន​បញ្ជូន ទៅកាន់​តុលាការ​ផ្តន្ទាទោស និង​អប់រំ​ធ្វើ​កិច្ចសន្យា ឲ្យ​ឈប់​ទទួល​ស៊ីឈ្នួល​កាប់​រាន​ដីព្រៃ​លើ​កោះរ៉ុង ជា​បន្តទៀត​នា​ថ្ងៃ​ខាងមុខ​។​

​បន្ថែម​លើ​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មាន​លំនៅឋាន​នៅ លើ​កោះរ៉ុង ពិសេស​ប្រតិបត្តិ​ករ​ទេសចរ​នានា ឲ្យ​រួមគ្នា​ថែរក្សា​ការពារ​ព្រៃឈើ នៅលើ​កោះ ឲ្យ​បាន​គង់វង្ស ទោះ​បរិវេណ​ដីធ្លី​មាន​ដុះ​ព្រៃឈើ​ទាំងនោះ ស្ថិតនៅក្នុង​ចំណែក​ក្បាលដី ដែល​មន្ត្រី​ជំនាញ​បាន​ចុះ​វាស់​កាត់​ឆ្វៀល នឹង​ត្រៀម​ដល់​ផ្តល់​សិទ្ធិ​ស្របច្បាប់​បែបណា​ក្តី​។

​លោក យន្ត មីន ទទួលស្គាល់ថា បរិស្ថាន​ព្រៃឈើ​នៅលើ​កោះរ៉ុង ពិតជា​សក្តានុពល​ដ៏​សំខាន់ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ឲ្យ​ចូលមក​ទស្សនា​តំបន់ឆ្នេរ ប៉ុន្តែ​ផ្ទុយទៅវិញ បើ​ព្រៃឈើ​ត្រូវ​កាប់បំផ្លាញ​រលាយ​ហិនហោច ពេលនោះ​ភ្ញៀវ​ទេចរ នឹង​លែង​ចាប់​អា​ម្មណ៍ ចូលទៅ​ទស្សនា​តាម​តំបន់ឆ្នេរ នៅលើ​ដី​កោះ​ទៀត​ទេ​នា​ថ្ងៃ​ខាងមុខ​។

​លោក យន្ត មីន សង្កត់ធ្ងន់ថា បើ​ប្រតិបត្តិ​ករ​ទេសចរ និង​ប្រជាពលរដ្ឋ រស់​នៅលើ​កោះរ៉ុង ឬ​មាន​ចំណែក​ក្បាលដី នៅលើ​កោះរ៉ុង ត្រូវការ​អភិវឌ្ឍ​ពង្រីក​មុខរបរ​អ្វីមួយ នៅលើ​បរិវេណ​ដី របស់ខ្លួន ដែលមាន​ដុះ​ដើមឈើ ហើយ​ត្រូវ​កាប់​ចេញ គឺ​ស្នើ​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងនោះ ត្រូវ​ជូនដំណឹង​ឬ​សុំ​ការអនុញ្ញាតិ ពី​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ជាមុន បើ​មិន​ផ្តល់ដំណឹង​ទេ អាច​នឹងត្រូវ​ផ្តន្ទាទោស​។

​យ៉ាងនេះ​ក្តី អ្នកឃ្លាំមើល​ការអភិវឌ្ឍ​សង្គម ប្រចាំខេត្ត​ព្រះសីហនុ បាន​កត់​ស្គាល់​ថា កន្លងមក អាជ្ញាធរ ជំនាញ​នៅតាម​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ ខេត្ត​នេះ តែង​បាន​ទៅរក​រឿង និង​ដាក់ពាក្យ​ប្តឹង​តំណាង​សហគមន៍ និង​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​គ្មាន​ខ្នងបង្អែក ដែល​ចូលទៅ​កាប់​រាន​ដីព្រៃ​ធ្វើ​ជំរក​រស់នៅ ឬ​កាប់​ព្រៃ​នៅក្នុង​ចំការ​ដំណាំ​កសិកម្ម​ធ្លាប់​បង្កបង្កើនផល នៅលើ​ដីព្រៃ​សាធារណៈ​របស់ រដ្ឋ​បន្តិចបន្តួច ដោយ​ចាប់បញ្ជូន​ទៅកាន់​តុលាការ ហើយ​មាន​ពលរដ្ឋ​ស្ថិតក្នុង​គ្រួសារ​ក្រីក្រ​មួយចំនួន ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ដា​ក់​ព័ន្ធ​នាគារ​។ ប៉ុន្តែ​ផ្ទុយទៅវិញ សម្រាប់​រី​មន្ត្រី​មាន​តួនាទី​ខ្ពស់​កំពុង​បំរើកា​រងារ នៅក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​ខ្លះទៀត​កំពុង​បំរើកា​រងារ នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ​ថ្នាក់ជាតិ ក្នុង​ជួរ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន និង​ឈ្មួញ​មានទ្រព្យ​មាន​ងារ​ជា​ឧកញ៉ា ដែល​បាន​ជួល​កម្មករ ឲ្យ​ចូលទៅ​កាប់​រាន​ដី​គម្រប​ព្រៃឈើ​បៃតង ឆ្នាំ​២០០២ មាន​ទីតាំងនៅ​តំបន់​ពយ​ម៉ា​ចូ​វ ចុង​ឆ្នេរ​អូរត្រេះ និង​ដី​ព្រៃឈើ​មាន​ដើម​ធំៗ នៅតាម​តំបន់​ខ្លះ នៃ​សង្កាត់​កោះរ៉ុង​ជាដើម មិន​ត្រូវបាន​ស្ថាប័ន​រដ្ឋបាល​ព្រៃឈើ ឬ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​
​សីហនុ ចេញមុខ​ទប់ស្កាត់ ឬ​ប្តឹង​អ្នកប្រព្រឹត្តិ​ល្មើស​ទាំងនោះ ទៅកាន់​តុលាការ ដើម្បី​ផ្តន្ទាទោស​ជន​ប្រព្រឹត្តិ​ល្មើស​ទាំងនោះ ដាក់គុក​ច្រ​វ៉ា​ក់​ម្តងណា​ទេ​។​

​ត្រង់ចំណុច​នេះ លោកស្រី ជៀប សុធា​រី មន្ត្រី​សមាគម​អាដហុក ស្នើ​ទៅ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ត្រូវ​ពិចារណា​ចំពោះ​ទង្វើ ឬ​សកម្មភាព​របស់ខ្លួន ដែល​បាន​អនុវត្ត​ច្បាប់​នាពេល​កន្លងមក ថា​តើ​បាន​អនុវត្ត​ស្មើភាព​គ្នា រវាង​មន្ត្រី​មានអំណាច ឈ្មួញ​មានទ្រព្យ និង​ប្រជាពលរដ្ឋ​ក្រីក្រ គ្មាន​ខ្នង់បង្អែក បាន​ត្រឹមត្រូវ​ដែរឬទេ​?៕ ដែន សីមា​