យុត្តិធម៌​ស្ថិតនៅ​ទីណា ? នៅក្នុង​ឆន្ទៈ, ច្បាប់ ឬ ក្នុង​​បេះដូង​សុច្ចរិត របស់មនុស្សល្អ…

ចៅក្រម Frank Caprio អាយុ ៨០ ឆ្នាំ គឺជាចៅក្រម​​លើស្ថានីយ៍ទូរទស្សន៍នៃកម្មវិធីដ៏ល្បីល្បាញ “Caught in Providence” («ត្រូវចាប់នៅ Providence») ផ្សាយលើឆាណែល WLNE-TV ជំនាញ​ខាងវិនិច្ឆ័យ​បណ្តា​ករណី​បំពាន​ច្បាប់​ចរាចរ​ដូចជា​ចលនា​មធ្យោបាយ​ពេលភ្លើងក្រហម ឬ ចតឡាន​រំលោភ​ច្បាប់នៅ Providence រដ្ឋធានី​នៃរដ្ឋ Rliode Island -រដ្ឋតូច​ជាងគេនៅសហរដ្ឋអាមរិក ។ លោកត្រូវបាន​តែង​តាំងជាចៅក្រម​ប្រចាំក្រុង នាឆ្នាំ១៩៨៥ ហើយរក្សា​​តួនាទីនេះបានដល់ទៅ ៦ អណត្តិ ព្រោះតែ​លោកបានបំពេញមុខនាទីនេះដ៏ល្អកម្រ​ចៅក្រមណាធ្វើបាន ។ ខាងក្រោយជារឿងមួយរបស់លោក បានធ្វើថ្មីៗនេះ ។

Loading...

នាអំឡុង​ខែមីនា ឆ្នាំ២០១៧ នាង Andrea បានចូលមកអង្គសវនាការ​ក្នុង​ស្នាមញញឹម​ពព្រាយ​ ដើម្បី​ឆ្លើយតប​នឹងដីការ​កោះពីបទ​នាង​ពុំព្រម​បង់ប្រាក់​​ពិន័យ​ជាច្រើនដង ដោយការចត​រថយន្ត​រំលោភច្បាប់ ក្នុងអំឡុង​ពេល១០ឆ្នាំ កន្លងមក ។

នៅអាមេរិក គ្រាដែល​មានករណី​បំពាន​ច្បាប់ចរាចរ​ ជាអាទិ៍ៈ បើកបរ​ក្នុងល្បឿន​ហួសកំណត់​ រំលង​ភ្លើងក្រហម​ ចត​រថយន្ត​​ពុំត្រឹមត្រូវ…. ។ល។ នោះប្រសិន​បើត្រូវបានភ្ញាក់ងារ​ប៉ូលីស​បញ្ជារឲ្យឈប់ អ្នក​បញ្ជារយានជំនិះ​ត្រូវអង្គុយ​ស្ងៀម​ រួចដកយក​លិខិតស្នាម មកបង្ហាញ​តាមការកំណត់ ។ ប៉ូលីស​នឹងធ្វើកំណត់ហេតុ តាមនិតិវិធី ហើយពេលនោះឯង​ ពុំមានអ្នកណាម្នាក់​ក្នុងរថយន្ត​ទទួល​បានការអនុញ្ញាតឲ្យចាកចេញទេ ។ ហេតុនេះឯង​ ទើបពុំកើតមានស្ថានភាពវែកញែកប្រកែក​ប្រឆាំង… ។

ក្រោយពីទទួលបានវិក័យបត្រផាកពិន័យ​នោះ ជាធម្មតា​ អ្នកបើកបរ​ត្រូវទៅបង់ប្រាក់​មុន​រយៈពេល៣០ថ្ងៃ បើលើសពិនោះ គឺនឹងកើនឡើង​ទ្វេង ៣ដង ៤ដង …. ចុងក្រោយ​ត្រូវបង្ហាញ​មុខនៅ​តុលាការ ហើយមានភារៈរ៉ាប់រង​សោហ៊ុយកាត់ក្តី​ថែមទៀត ។

ត្រឡប់​មកលោកចៅក្រម​វ័យ ៨០ ឆ្នាំ Frank Caprio វិញ ក្នុងសវនាការនោះ ។ លោកប្រាប់ Andrea ថា នាងបានទទួលនូវវិក័យបត្រ​បង់ប្រាក់​ពិន័យ​តាំងពី​ឆ្នាំ២០០៤, ​២០០៥, ២០០៦ ។ ប៉ុន្តែ សម្លឹង​មើលអកប្បកិរិយា​របស់នាង Andrea នោះនាង​ពុំបាន​ដឹងពី​រឿងវិក័យបត្រ​ទាំងនោះទេ ។

លោកបានប្រកាសពីចំនួនប្រាក់​ដែល Andrea ត្រូវបង់​ពិន័យ​ពេលបំពានច្បាប់​ កាលពីឆ្នាំ២០១៤ និង២០១៥ បូកជាមួយ​ខ្ទង់ប្រាក់​ពិន័យ​ឆ្នាំ២០១៦ នោះនាង​ Andrea ត្រូវបង់​ប្រាក់ ៤០០ ដុល្លារ ។ ឮសូរ​ចៅក្រមថ្លែងបែបនេះ, Andrea បានស្រែក​ទ្រហ៊ោយំ រួចសុំ​និយាយពីសោកនាដកម្ម​១ឆ្នាំកន្លងមករបស់គ្រួសារនាង ។

ដើមខែមីនា ឆ្នាំ២០១៦ កូនប្រុសរបស់ Andrea បានត្រូវបងប្រុស​បង្កើត​របស់នាងសម្លាប់ ដោយនាងសុំពុំនិយាយពីមូលហេតុ​ ។ ២ខែក្រោយមក នាងទទួលបាន​ការប្រកាស​ប្រាប់ពីបំណុល​របស់កូន ៧៥ ដុល្លារ ត្រូវបង់​ឲ្យផ្នែកសុវត្ថិភាព​សង្គម ។

មិនយូរប៉ុន្មាន​ក្រោយមក ម្ចាស់ផ្ទះ​បានបញ្ចប់​កិច្ចសន្យាជួលមុនពេល​កំណត់​ ហើយបង្ខំ​ឲ្យនាង​ចាកចេញពីផ្ទះ ។ នាងសម្រេចចិត្តដាក់ពាក្យប្តឹង ប៉ុន្តែ នាងបាន​​ចាញ់ក្តីក្តាំងនេះ ។ ពេលចេញពី​សវនាកា​រកាត់ក្តី​នោះ នាងបានរងការពិន័យ​ ព្រោះ​តែចត​រថយន្ត​ហួស​ម៉ោងកំណត់​ ទោះបី​ជាបង្គោល​គិតលុយនោះវាខូចក៏ដោយ ។

នាងបាន​ទៅកាន់​ការិយាល័យ​​មេធាវី ហើយសុំ​ជំនួយ​ផ្លូវច្បាប់ពីការ​សម្រេច​ចិត្ត​ខាងលើ​របស់តុលាការ ។ ជាថ្មី​ទៀត ពេលចេញមក​វិញ នាងបន្ត​ទទួលបាន​វិក័យបត្រ​ពិន័យ​រឿងចតរថយន្ត ។

និយាយរួម នៅក្នុងនោះ​ពេលកំពុងប្រឹងប្រែង​ទូទាត់ចំណាយ​ធ្វើបុណ្យសព​របស់កូនប្រុស​នាង ត្រូវរងនូវ​ខ្ទង់ចំណាយ​បន្ថែមពីលើនោះទៀត រហូត​ដល់ថ្នាក់​ត្រូវ​ប្រើថ្នាំ​ប្រឆាំង​រោគសោកសៅ​ផ្លូវចិត្ត… ។ ស្ថានភាពដ៏កំសត់​របស់គាត់​បានធ្វើឲ្យ​លោកចៅក្រម​រន្ធត់ចិត្ត​ខ្លាំង ពិសេស​គ្រានាង​ពោលថាៈ «ខ្ញុំពិតជាឆ្លងកាត់​​សភាពដ៏លំបាកវេទនា១ឆ្នាំហើយៗ ខ្ញុំ​កំពុង​នៅពឹងពាក់លើប្រាក់ធានា​រ៉ាប់រង​​ពិការភាព​សុខមាលភាពសង្គម ហេតុនេះ ខ្ញុំពិត​ជាពុំមាន​លុយ​ ៤០០ ដុល្លារ​ ដើម្បី​ប្រគល់​ជូនលោកទេ! » ។

ក្រោយការពិចារណា ចៅក្រម​​រូបនេះ បានសម្រេច​កាត់ចោល​ប្រាក់ពិន័យ​ ៣៥០ ដុល្លារ ដោយតម្រូវ​ឲ្យ Andrea បង់​ត្រឹម​ ៥០ ដុល្លារប៉ុណ្ណោះ ។ នាងពិតជារំភើប​​ជាទីបំផុត ។

ប៉ុន្តែ ​រឿង​ដែលគួរឲ្យរំភើប​ចិត្ត​បំផុតនោះ គឺនៅខណៈពេល​លោក​ចៅក្រម​​សួរ​សំណួរ​​ចុងក្រោយថាៈ តើក្រោយ​ពេលបង់ប្រាប់​ពិន័យ​ ៥០ ដុល្លារ​ហើយ តើនាង​នៅសល់​លុយ​ខ្លះដែរឬទេ? ។ លើកដៃ​ខ្ទប់មុខ​ជូតទឹកភ្នែកបណ្តើរ​ នាងប្រាប់​ថា នាងនៅសល់…. ៥ ដុល្លារ ដែរ ។

បន្ទប់​កាត់ក្តីពេលនោះ ឡើងស្ងាត់ជ្រងំ​ ដោយកែវភ្នែក​ទាំងអស់​បានងាក​សម្លឹង​លោកចៅក្រម​ រួចស្នូរទះដៃ​បានបន្លឺ​ឡើង គ្រា​ចៅក្រម​​ចិត្តធម៌​រូបនេះបានប្រកាស​ជាសាធារណៈ​ថាៈ រាល់បណ្តឹង​លើរូបនាងត្រូវ​លុបចោល​ទាំងអស់ ។

​សវនាការ​បានបញ្ចប់​ក្នុងទឹកភ្នែក​នៃក្តីរំភើប! ។ គុណធម៌​​ ចិត្តមេត្តា សណ្តោសប្រណី…. នេះឯង​ជាឆន្ទានុសិទ្ធិរបស់ចៅក្រម​ តើមែនដែរឬទេ ប្រិយមិត្ត!!!???