​បើតាម Ancient Origins នោះ​អ្នកវិទ្យាសាស្ត្រ នៅតែ​ជជែក​វែកញែក​អស់​រយៈ ១៥០ ឆ្នាំ មកហើយ ពី​ប្រធានបទ «​តើ​គួរ​បើក​គំរប​ដប​ស្រា​មាន​អាយុកាល ១៦៥០ ឆ្នាំ​» ដែល​កំពុង​ដាក់​តាំងនៅ​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ Pfalz ទីក្រុង Speyer ប្រទេស​អាល្លឺម៉ង់​ដែរ ឬ ទេ​? ។​

​ទោះបីជា​អ្នកណាៗ ក៏​ចង់ដឹង​ដែរ តែ​គ្មាន​អ្នកវិទ្យាសាស្ត្រ​ណា​ហ៊ាន​បើក​គំរប​ដប​ស្រា​ដែល​បិទ​ជិត​នេះឡើយ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ស្រា​មួយ​ដប​នេះ​នៅ​ឆ្នាំ​១៨៦៧ គ្រា​គេ​ធ្វើ​កំណាយ​ផ្នូរ​មាន​តាំងពី​សតវត្ស​ទី​៤ របស់​អភិជន​ក្រិច ជិត​ទីក្រុង Speyer ។ វា​ជា​ដប​ស្រា​តែ​១​គត់​ដែល​នៅ​ល្អ​ក្នុងចំណោម​ដប​ស្រា ១៦ ទៀត ដែល​ពុំមាន​ទឹក​នៅ​ខាងក្នុង ។​

​ដប​ស្រា​នេះ​មាន​ចំណុះ ១,៥ លីត្រ ពណ៌​លឿង​ក្រ​ម៉ៅ កន្លែង​កាន់​ធ្វើជា​រូប​ត្រី​បា​ឡែ​ន ត្រូវបាន​ផលិត​នៅ​តំបន់​នោះ (Speyer) ខ្ទង់​ចន្លោះ​ឆ្នាំ ៣២៥ – ៣៥០ ។ វា​ជា​ដប​ស្រា Wine បូរាណ​បំផុត​លើ​ពិភពលោក ។ នៅ​បាត​ដប​គឺជា​សារធាតុ​រាវ​ថ្លា​ឈ្វាង រីឯ​ផ្នែក​ខាងលើ​ជា​ល្បាយ​ពណ៌​លឿង​ក្រ​ម៉ៅ​ស្រដៀង​នឹង​ជ័រ Colofan ។ មាត់​ដប​ត្រូវបាន​បិទ​ភ្ជិត​ដោយ​ក្រមួនឃ្មុំ ចាប់តាំងពី​ពេល​ផលិត​រហូតទល់​បច្ចុប្បន្ន ។​

​ស្រា​នេះ​ស្ថិតក្នុង​ផ្នូរ​មាន​ផ្ទុក​អដ្ឋិធាតុ​របស់​បុរស និង​នារី​ម្នាក់ ។ បុរស​នោះ​ត្រូវបាន​ចាត់ទុកជា​បុគ្គល​ល្បីល្បាញ​ម្នាក់​របស់​ក្រិច ហើយ​ស្រា​នោះ​គឺជា​សំណែន​ជូន​ដំណើរ​ឡើងឋានសួគ៌​របស់​បុរស​នោះ ។​

​អ្នកវិទ្យាសាស្ត្រ​លើកឡើង​មតិ​ខុសៗ​គ្នា ជាអាទិ៍ៈ​

– គីមី​វិទូ​យល់ថា ស្រា​ដែល​ទុក​យូរពេក​បែបនេះ វា​ពុំ​សមស្រប​សំរាប់​បរិភោគ​ទេ ។​
– អ្នកឯកទេស​ខាង​មេរោគ «​យើង​ពុំ​ប្រាកដថា ពេល​ប៉ះទង្គិច​នឹង​បរិយាកាស ក្រោយ​ត្រូវ​ឃុំខ្លួន​រយៈពេល​មួយ​វែង​បែបនេះ វា​ទ្រាំទ្រ​បានទេ ?» ។​

​ចំណែក​អ្នក​ផឹក​វិញ​គឺៈ​ ​គាស់​ផឹក​ទៅ ទើប​ដឹងថា​វា​យ៉ាងម៉េច​! មែន​ទេ ប្រិយមិត្ត !?