​សកម្មភាព​ទិញ​លក់​បរិវេណ​ដីព្រៃ​ឈើ​ធម្មជាតិ​នៅលើ​កោះរ៉ុង ក្រុងព្រះសីហនុ ដែល​ត្រូវ​ប្រជាពលរដ្ឋ ឬ​ឈ្មួញ​ខ្លះ​បាន​ជួល​កម្មករ ឲ្យ​ចូលទៅ​កាប់​រាន​ផ្តួលរំលំ​ដើមឈើ​ធំៗ​ដុតចោល នៅតាម​ចំណែក​ក្បាលដី​នីមួយ បន្ទាប់ពី​ត្រូវ​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ បាន​ចុះ​វាស់​កំណត់​ក្បាលដី ជូន​ប្រជាពលរដ្ឋ នឹង​ត្រៀម​ផ្តល់​បណ្ណ​កម្មសិទ្ធិ​នា​ថ្ងៃ​ខាងមុខ បច្ចុប្បន្ននេះ បរិវេណ​ដីព្រៃ​មាន​ដើម​ដុះ​ល្អ និង​គ្មាន​មនុស្ស​រស់នៅ​ទាំងនោះ កំពុង​ត្រូវបាន​ពុះ​ច្រៀក​លក់ដូរ​បន្ត​យ៉ាង​អនាធិបតេយ្យ​។

Loading...

​ចលនា​នៃ​ការទិញ​លក់​ដីព្រៃ​ទើប​កាប់​រាន នៅលើ​កោះរ៉ុង​រាល់ថ្ងៃនេះ គឺ​បុគ្គល​ដែល​អះអាងថា ជា​ម្ចាស់​ដី​បរិវេណ​ព្រៃឈើ​ធម្មជាតិ​ទើប​កាប់​រាន​ថ្មីៗ នៅតាម​តំបន់​មួយចំនួន ស្ថិត​ក្នុងភូមិ​សុខសាន្ត ភូមិ​កោះ​តូច ភូមិ​ដើម​ស្វាយ និង​ភូមិ​ដើមថ្កូវ​។ ហើយ​ភាគច្រើនបំផុត នៃ​អ្នកមាន​ចំណែក​ក្បាល​ដីព្រៃ​កាប់​រានមាន​ទំហំ​ធំ នៅតាម​ទីតាំង​នីមួយៗ ចាប់ពី​រាប់សិប​ហិច​តារ ទៅ​ជាង រយ​ហិច​តារ គឺជា​មន្ត្រី​មាន​តួនាទី​កំពុង​បំរើកា​រងារ នៅក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​មន្ត្រីរាជការ​ខ្លះទៀត​កំពុង​បំរើកា​រងារ នៅក្នុង​រដ្ឋបាល​សង្កាត់​កោះរ៉ុង​ផ្ទាល់​តែម្តង​។​

​ចលនា​នៃ​ការទិញ​លក់​នេះ កន្លងមក​ក៏មាន​បុគ្គល​មួយចំនួនបំរើកា​រងារ​នៅក្នុង​រដ្ឋបាល​សង្កាត់​កោះរ៉ុង ពួកគេ​បាន​ពុះ​ច្រៀក​បរិវេណ​ដីព្រៃ​ធម្មជាតិ ដែល​រាន​កាន់កាប់​នោះ លក់ដូរ​បន្ត ទទួលបាន​លុយ រាប់សិប​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ម្នាក់ៗ កាលពីពេល​ថ្មីៗ​នេះ​។

​ផ្តើម​ពី​បញ្ហា​នេះ អ្នកឃ្លាំមើល​សង្គម នៃ​អង្ក​ការមិន​មែនរដ្ឋាភិបាល បង្ហាញ​ការព្រួយបារម្ភ​ខ្លាច​ព្រៃឈើ​ធម្មជាតិ​នៅលើ​កោះរ៉ុង ដែល​ត្រូវ​ឃុបឃិត​រាន​កាន់កាប់​ធ្វើ​កម្មសិទ្ធិ​ពី​សំណាក់​ឈ្មួញ ពលរដ្ឋ និង​មន្ត្រី​មានអំណាច​មួយចំនួន​នាពេល​កន្លងមក អាច​នឹងត្រូវ​រលាយ​ហិនហោច ក្នុង​រយៈពេល​ដ៏​ឆាប់​។ ព្រោះ​រាល់ថ្ងៃនេះ គេ​សង្កេតឃើញ​មាន​ចលនា នៃ​ការទិញ​លក់​បរិវេណ​ដីព្រៃ​ឈើ​ទើប​កាប់​រាន​ថ្មីៗ មាន​សកម្មភាព​គួរ​ឲ្យ​ពួយ​បារម្ភ បើ​គ្មាន​ការទប់ស្កាត់​ពី ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ឲ្យ​បាន​ទាន់ពេល​ទេ​។​

​មន្ត្រី​សង្គម​ស៊ីវិល ឲ្យ​ដឹងថា សកម្មភាព​កាប់​រាន​ដី​ព្រៃឈើ​ធម្មជាតិ មាន​ដុះ​ដើម​ល្អៗ និង​មាន​ទំហំ​ធំ នៅលើ​សង្កាត់​កោះរ៉ុង​ជា​បន្តបន្ទាប់​មកនេះ គឺ​បាន​កើតឡើង​ក្រោយពេល មន្ត្រី​ជំនាញ នៃ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដ៏ទៃទៀត​បាន​ចុះ​វាស់​ចំណែក​ក្បាលដី​ជូន​ប្រជាពលរដ្ឋ ប៉ះចំ​បរិវេណ​ដីព្រៃ​ឈើ​ធម្មជាតិ​មាន​ដើម​ដុះ​ធំៗ​។ បច្ចុប្បន្ន​បរិវេណ​ដីព្រៃ​ដែល​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ បាន​ចុះ​វាស់​ចែកជូន​ពលរដ្ឋ​ភាគច្រើន នៅលើ​កោះរ៉ុង ត្រូវគេ​កាប់​ព្រៃ​បំផ្លាញ​ដុតចោល និង​បាន​ពុះ​ច្រៀក ប្រកាស​លក់ដូរ​បន្ត មានតម្លៃ​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយ​ប្លង់ៗ​។​

​សកម្មភាព​ទិញ​លក់​ដីធ្លី នៅលើ​កោះរ៉ុង នាពេល​បច្ចុប្បន្ននេះ គឺ​ភាគច្រើន​កើត​មាននៅ ភូមិ​ដើម​ស្វាយ ភូមិ​ដើមថ្កូវ ភូមិ​សុខសាន្ត និង​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​។

​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ធម្មជាតិ​រាន​យក​ដី និង​កំពុងពុះ​ច្រៀក​ជា​ឡូៗ លក់ដូរ​បន្ត ដីព្រៃ​ឈើ​ទើប​កាប់​រាន រាល់ថ្ងៃនេះ គឺជា​ប្រភេទ​ដីព្រៃ​ធម្មជាតិ​មាន​ដើម​ធំៗ ប៉ុន្តែ​មិនមាន​មនុស្ស ឬ​ពលរដ្ឋ សង់ផ្ទះ​រស់ នៅ​ជាក់ស្តែង​ជា​អចិន្ត្រៃយ៍​នោះទេ​។ បច្ចុប្បន្ន​បរិវេណ​ដីព្រៃ ដែល​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ បាន​ចុះ​វាស់វែង​តាម​ក្បាលដី​នីមួយៗ តាម​ការចង្អុលបង្ហាញ របស់​ប្រជាពលរដ្ឋ​ទាំងនោះ ត្រូវគេ​ជួល​កម្មករ ឲ្យ​ចូលទៅ​កាប់បំផ្លាញ​ដីព្រៃ​ឈើ​ទាំងនោះ​ដុតបំផ្លាញ​ចោល ហើយ​ពេលនេះ​ម្ចាស់​ក្បាលដី​ភាគច្រើន ពួកគេ​បានប្រកាស​ពុះ​ច្រៀក​លក់ដូរ​បន្ត​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយ​ប្លង់ៗ​។​

​ភ្ញៀវទេសចរ​រិះគន់ថា សកម្មភាព​កាប់​រាន​ដី​ព្រៃឈើ​ធម្មជាតិ នៅលើ​កោះរ៉ុង​រាល់ថ្ងៃនេះ បើសិនជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ចេញ​បទបញ្ជា​ក្តៅ​ទៅ​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មាន​រដ្ឋបាលខេត្ត​ព្រះសីហនុ​ជាដើម ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ នៅពេល​ដ៏​ខ្លី​ខាងមុខ ព្រៃឈើ​ធម្មជាតិ ដែល​នៅ​សេសសល់​លើ​សង្កាត់​កោះរ៉ុង នឹងត្រូវ​បំផ្លាញ​អស់​គ្មាន​សល់ ដោ​យម​ហិ​ច្ឆិ​តា​ល្មោភ​របស់​មនុស្ស​មួយចំនួន​។​

​បញ្ហា​នេះ ក្រុមមន្ត្រី​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល និង​ពលរដ្ឋ​រស់​នៅលើ​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ បាន ស្នើ​ដល់​ប្រមុខ​ដឹកនាំ ជួយ​បញ្ជូន​មន្ត្រី​ឯករាជ្យ ឲ្យ​ចុះ​ស៊ើបអង្កេត ទៅលើ​សកម្មភាព​កាប់​រាន​ដីព្រៃ​ធម្មជាតិ រាន​យក​ដី​ធ្វើ​សកម្ម​សិទ្ធិ ដែល​កើតមាន​អនាធិបតេយ្យ លើ​សង្កាត់​កោះរ៉ុង​ជា​បន្តបន្ទាប់​មកនេះ ដើម្បី​ចង់ដឹងថា តើ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល ឈ្មួញ ឬ​មន្ត្រីរាជការ​ថ្នាក់​ណាខ្លះ មានឈ្មោះ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ឈើ​ធម្មជាតិ មាន​ដើម​ដុះ​ដូច​ម្រាមដៃ​ដោយ​ជួល​កម្មករ​ឲ្យ​កាប់​រាន និង​ថែមទាំង​បានប្រកាស​លក់​ដីព្រៃ​ធម្មជាតិ​នេះ បន្ត​ជា​បន្តបន្ទាប់​មកនេះ ដើម្បី​ឈានដល់​ជួយ​ថែរក្សា​អភិរក្ស​ព្រៃឈើ​ធម្មជាតិ ដែល​នៅ​សេសសល់​នៅលើ​កោះរ៉ុង ឲ្យ​គង់វង្ស សម្រាប់​បំរើ​ដល់​វិស័យ​ទេសចរណ៍​នា​ថ្ងៃ​អនាគត​៕ ដែន សីមា