បុរស​ម្នាក់​នៅ​ទីក្រុង Prata, ប្រេ​ស៊ី​ល ដោយសារ​នឹក​បងប្រុស​ដែល​បាន​ស្លាប់​ខ្លាំងពេក ក៏​សម្រេច​គាស់​ផ្នូរ​លើក​មឈូស​ដាក់​លើក​ង់ ដឹក​កំសាន្ត​ជុំវិញ​ក្រុង ។​

​នៅ​យប់​ថ្ងៃអាទិត្យ (២៨ ឧសភា​) កន្លងទៅនេះ ប្រជាជន​នៅ​ទីក្រុង Prata ប្រេ​ស៊ី​ល បាន​ទូរស័ព្ទ​ប៉ូលីស ពេល​ឃើញ​មាន​ក្លិនស្អុយ​ជះ​ចេញពី​មឈូស​ដឹក​លើ​កង់​របស់​បុរស​ម្នាក់​ឈ្មោះ Elderlandes Rosa (​អាយុ ២៩ ឆ្នាំ​) ជិះ​តាម​ដងផ្លូវ ។ ភ្លាមៗ​នោះ ប៉ូលីស​បាន​ទៅដល់ និង​បញ្ជា​ឲ្យ​ឈប់ ។ ដំបូង Elderlandes បដិសេធ​មិន​ស្តាប់​តាម​បញ្ជា ចុងក្រោយ​ប៉ូលីស​បង្ខំ​ត្រូវ​ចាប់ខ្លួន និង​វាយ​ខ្នោះដៃ ។​

​ពេល​ត្រូវបាន​សួរចម្លើយ Rosa ឲ្យ​ដឹងថា អ្នក​នៅក្នុង​មឈូស គឺជា​បងប្រុស​របស់ខ្លួន Eri Erisberto ដែល​បាន​ស្លាប់​មុននេះ​ជាង​១​ឆ្នាំ ។ ទង្វើ​របស់ Rosa ផ្តើមចេញពី​ក្តី​នឹករលឹក​បងប្រុស​របស់​ខ្លួន ។​

«​ខ្ញុំ​បាន​យល់សប្តិ​ឃើញ​បងប្រុស​ជាច្រើន​ដង ។ Eri និយាយថា ចង់​ជិះ​កង់​ដើរលេង​ដូច​កាលពី​គាត់​នៅរស់ ។ ដោយ​គិតថា Eri ពន្យល់​ស​ប្តិ ខ្ញុំ​ទៅ​គាស់​ផ្នូរ​គាត់ រួច​ដឹក​ដើរលេង និង​សំណេះសំណាល​ជាមួយគ្នា​», Rosa ប្រាប់​ប៉ូលិស ។​

Elderlandes Rosa បាន​ត្រូវ​ចាប់ខ្លួន​ពីបទ​បំពាន​ផ្នូរ​អ្នកស្លាប់ និង​អាច​ត្រូវ​ទទួលទោស​ជាប់គុក ៣ ឆ្នាំ ។ Elderlandes បាន​ឆ្លើយតប​កិច្ចសម្ភាសន៍​ថា នោះ​ជា​ពាក្យសន្យា​របស់គាត់​ចំពោះ​បងប្រុស ។​

«​ខ្ញុំ​បាន​ប្រាប់ Eri ថា ប្រសិន​គាត់​ស្លាប់​មុន ខ្ញុំ​នឹង​នាំ​គាត់​ដើរលេង ទៅកាន់​កន្លែង​ដែល​គាត់​ចូលចិត្ត ។ ខ្ញុំ​បាន​អនុវត្ត​ពាក្យសន្យា​នោះ ។ គ្រប់គ្នា​អាច​សើចចំអក​ថា​ខ្ញុំ​ឆ្កួត តែ​ខ្ញុំ​មិន​ចាប់អារម្មណ៍​», Rosa ឲ្យ​ដឹង ។​

​គ្រួសារ​របស់ Rosa ឲ្យ​ដឹងថា ពេល Eri ស្លាប់​, Rosa ឈឺចាប់​យ៉ាងខ្លាំង និង​មិនអាច​ទទួលយក​ការបិត​ថា​បងប្រុស​របស់ខ្លួន​គ្មាន​ថ្ងៃ​វិលត្រឡប់​មកវិញ ៕