ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ឃុំ​សង្កាត់​អាណតិ្ត​ទី​៤ បាន​បិទ​បញ្ចប់​ហើយ​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី ៤ មិថុនា​ម្សិល​មិញ។ ប្រជាពលរដ្ឋ​កំពុង​ទន្ទឹង​រង់​ចាំ​មើល​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ខណៈ​លទ្ធផល​បឋម បាន​ធ្លាប់​មក​ជា​បន្ត​បន្ទាប់។ ទន្ទឹម​នឹង​នេះ លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បញ្ជាក់​ថា នីតិ​វិធី​នៃ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត ធ្វើ​ឡើង​ជា​បី​ដំណាក់​កាល។ តើ​មាន​ដំណាក់កាល​អ្វី​ខ្លះ?

ដំណាក់​កាល​ទាំង​បី​នោះ គឺ ប្រកាស​លទ្ធផល​បឋម, ការ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន និង ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ ។

លោក ស៊ិក ប៊ុនហុក ឱ្យ​ដឹង​ថា ការ​ប្រកាស​លទ្ធផល​បឋម មាន​រយៈ​ពេល​ពីរ​ថ្ងៃ ពី​នៅ​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៥ មិថុនា។ ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន មាន​រយៈ​ពេល​បី​ថ្ងៃ ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ មិថុនា។ និង​ចុង​ក្រោយ​គឺ ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ មិថុនា, គឺ​ជា​ការ​ប្រកាស​នៅ​ក្រោយ​ពេល​គ.ជ.ប បាន​ដោះ​ស្រាយ​បណ្ដឹង​នានា​ចប់​សព្វ​គ្រប់ និង​បិទ​ការ​តវ៉ា។

ដូច្នេះ​មាន​ន័យ​ថា ចន្លោះ​ថ្ងៃ​ទី​៧ មិថុនា មុន​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវ​ការ, គជប មាន​ដំណាក់​កាល​បន្ត​បន្ទាប់​ទៀត​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ប្តឹង​ជំទាស់​ទៅ​លើ​លទ្ធផល​បណ្តោះ​អាសន្ន ដូច​ជា​ការ​ប្តឹង​ជំទាស់​នៅ​តាម​ឃុំ សង្កាត់ ទៅ​គណៈកម្មាការ​ខេត្ត ដល់​ថ្ងៃ​ទី​១០​មិថុនា។ ការ​សម្រេច​លើ​បណ្តឹង​ជំទាស់​ដោយ​គណៈកម្មការ​រាជធានី ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី ១៥​មិថុនា។ ការ​ប្តឹង​តវ៉ា​លើ​សេចក្តី​សម្រេច​របស់​គណៈកម្មាការ​រាជធានី ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត ទៅ​កាន់ គជប ពី​ថ្ងៃ​ទី​១៥ ដល់ ២០​មិថុនា។ ហើយ​ការ​សម្រេច​លើ​ពាក្យ​បណ្តឹង​តវ៉ា​ដោយ គ.ជ.ប បញ្ចប់​នៅ​ថ្ងៃ​ទី ២៤ មិថុនា ឆ្នាំ​២០១៧។

ទន្ទឹម​នឹង​នេះ​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គជប បាន​បញ្ជាក់​ថា គ្រប់​សម្មភាព​ទាំង​អស់ រាប់​ទាំង​ការ​តវ៉ា​ផង គឺ​ត្រូវ​អនុវត្ត​ដោយ​គោរព​ច្បាប់ ពោល​គឺ​ត្រូវ​ដាក់​ពាក្យ​ប្តឹង​តវ៉ា ឱ្យ​បាន​ត្រឹម​ត្រូវ តាម​នីតិវិធី​ច្បាប់ ស្តីពី​ការ​បោះ​ឆ្នោត ក្នុង​នោះ​មាន​ទាំង​រយៈ​ពេល​នៃ​ការ​ប្តឹង​តវ៉ា របៀប​របប​នៃ​ការ​ប្តឹង​តវ៉ា នីតិ​វិធី​នៃ​ការ​ដាក់​ពាក្យ​បណ្តឹង និង បែប​បទ​ដទៃ​ទៀត ។

គួរ​ជម្រាប​ជូន​ថា ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ឃុំ សង្កាត់​នៅ​ថ្ងៃ​ទី ៤ មិថុនា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ជិត​៩០​ភាគ​រយ នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​សរុប​ជាង​៧​លាន​៨​សែន​នាក់ បាន​ទៅ​បោះ​ឆ្នោត​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ប្រជាពលរដ្ឋ ខណៈ​ដែល​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី ប្រមាណ​១០​ភាគ​រយ​ទៀត បាន​អវត្តមាន។

ប្រ​ភព៖ RFI