ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ និយាយ​ចំ​ៗ​ថា​ កាតា  ជា​ប្រទេស​មួយ​ដែល​គាំទ្រ​ក្រុម​ភេរវករ​ ពួក​ ISIS​ ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​វាយប្រហារ​ ការ​កាប់​សម្លាប់​មនុស្ស​ និង​អសន្តិសុខ​មួយ​ចំនួន​ទៀត​ នៅ​ក្នុង និង​ក្រៅ​តំបន់​។ រូប​លោក​ថែម​គំរាម​កាតា​ថា ឲ្យ​ឈប់​ធ្វើ​អាក្រក់​ និង​ឈប់​សម្លាប់​មនុស្ស​ត​ទៅ​ទៀត​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​រួមគ្នា​ជាមួយ​ប្រធានាធិបតី​ រ៉ូម៉ានី​ លោក​ត្រាំ​លើក​ឡើង​ថា​ កាតា​សម​នឹង​ទទួល​ការ​ដាក់​ទណ្ឌកម្ម​ ពី​សំណាក់​អារ៉ាប៊ីសាអ៊ូឌីត និង​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត​ ​តាមរយៈ​ការ​ផ្ដាច់​ទំនាក់ទំនង​ការទូត​ ដើម្បី​ព្រមាន​ដែល​ប្រទេស​មួយ​នេះ​ គាំទ្រ​ និង​ផ្ដល់ ​ថវិកា​ ​ថ្នាំពេទ្យ​… ទៅ​ឲ្យ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។​ ក្នុង​នោះ​ផង​ដែរ​លោក​បាន​ប្រាប់​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ដូហា​ “ត្រូវ​តែ​ឈប់​! ការ​ផ្ដល់​ជំនួយ ​ការ​បង្រៀនឲ្យ​ស្អប់គ្នា​ និង​ការ​សម្លាប់​មនុស្ស​”

ជាចុងក្រោយ​មេដឹកនាំ​ប្រទេស​មហាអំណាច​មួយ​នេះ​ បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​ទាំង​អស់ឈប់​គាំទ្រ​អំពើ​ភេរវកម្ម​ និង​ថែម​ទាំង​ថ្លែង​អំណរគុណ​ទៅ​ដល់​ស្ដេច​ អារ៉ាប៊ីសាអ៊ូឌីត​ ដែល​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ ប្រយុទ្ធ​ប្រឆាំង​ក្រុម​សកម្ម​ប្រយុទ្ធ។ អាមេរិក​សង្ឃឹម​ថា​ ជាង​ ៥០​ប្រទេស​ផ្សេង​ទៀត​នឹង​ចូលរួម​ធ្វើ​សកម្មភាព បញ្ចប់​អំពើ​ភេរវកម្ម ដ៏​ឃោរឃៅ​នេះ​៕
ប្រភព៖ Sputnik

ដកស្រង់ពី៖ Kqube