​អាកាសធាតុ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ចាប់ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១២ ខែមិថុនា ឆ្នាំ​២០១៧ មកដល់​ម៉ោងជាង ១​រសៀល​ថ្ងៃ​ដដែល​នេះ គឺ​ផ្ទៃមេឃ​មាន​ស្ថានភាព​ស្រឡះ និង​មិនមាន​ព្យុះភ្លៀង​បោកបក់​ទាំង​នៅលើ​ដីគោក និង​នៅលើ​ដី​កោះ​នានា​។

​ប្រតិបត្តិ​ករ​ទេសចរ បំរើ​វិស័យ​ទេសចរណ៍​បង្ហាញ​អារម្មណ៍​រីករាយ ដោយ​បញ្ជាក់ថា នឹង​អាច​ទទួល បាន​ប្រាក់ចំណូល​ច្រើន​ពី​កំណើន​ភ្ញៀវទេសចរ ចូលមក​ទស្សនា​ខេត្ត​នេះ និង​ចេញទៅ​កម្សាន្ត​ឆ្នេរ​នានា នៅលើ​ដី​កោះ មាន​៖ ឆ្នេរ​កោះរ៉ុង​សន្លឹម ឆ្នេរ​កោះ​តូច ឆ្នេរ​ឡុង​សិត ឆ្នេរ​រំ​ដូ​ល​កោះរ៉ុង ឆ្នេរ​សុខសាន្ត និង​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះរ៉ុង​ជាដើម​។​

​ទន្ទឹមគ្នានេះ ម​ត្ថ​កិច្ច​ជំនាញ​ទាំង​ស្ថាប័ន​កងទ័ពជើងទឹក និង​ស្ថាប័ន​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ គឺ​បាន​ត្រៀមលក្ខណៈ ដើម្បី​ជួយសង្គ្រោះ និង​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​ចូល​មកដល់​មូលដ្ឋាន​នេះ ទាំង​នៅលើ​ដីគោក និង​លើដី​កោះ ដោយ​យកចិត្តទុកដាក់​មិន​ធ្វេសប្រហែស​ទេ​។​

​ទាក់ទិន​បញ្ហា​នេះដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​ឲ្យ​ដឹងថា ស្ថានភាព​អាកាសធាតុ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ ២០១៧​នេះ ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​។ លក្ខណៈ​បែបនេះ​ធ្វើ​ឲ្យ​អាកាសធាតុ​នៅថ្ងៃនេះ នៅ​តំបន់​មាត់សមុទ្រ គឺមាន​សីតុណ្ហភាព​អប្បបរមា​ពី ២៣ ទៅ ២៥​អង្សារ​សេ និង​អតិបរមា​ពី ៣២ ទៅ ៣៤​អង្សារ​សេ ដោយ​ផ្ទៃមេឃ​មាន​ពពក​ពី​មធ្យម​ទៅ​ច្រើន ហើយ​មាន​ ​ខ្យល់​បក់​មកពី​ទិសនិរតី មាន​ល្បឿន​ពី ៣ ទៅ ៥​ម៉ែត្រ ក្នុង​មួយ​វិនាទី និង​មាន​រលក​សមុទ្រ​អាចមាន​កំពស់​ពី កន្លះ​ម៉ែត្រ ទៅជិត ១​ម៉ែត្រ​កន្លះ​ ​សម្រាប់​តំបន់​វាលទំនាប សីតុណ្ហភាព​អប្បបរមា​ពី ២៣ ដល់ ២៥​អង្សារ​សេ និង​អតិបរមា​ពី ៣២ ដល់ ៣៤​អង្សារ​សេ​ដោយ ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម និង​មាន​ខ្យល់​បក់​មកពី​ទិសនិរតី មាន​ល្បឿន​ពី ៣ ទៅ ៥​ម៉ែត្រ ក្នុង​មួយ​វិនាទី​។​

​ចំណែក​តំបន់​ខ្ពង់រាប គឺមាន​សីតុណ្ហភាព​អប្បបរមា​ពី ២៣ ដល់ ២៥​អង្សារ​សេ និង​អតិបរមា​ពី ៣២ ដល់ ៣៤​អង្សារ​សេ ហើយ​ផ្ទៃមេឃ​មាន​ពពក​ពី​មធ្យម​ទៅ​ច្រើន មាន​ខ្យល់​បក់​មកពី​ទិសនិរតី មាន​ល្បឿន​ពី ៣ ទៅ ៥​ម៉ែត្រ ក្នុង​មួយ​វិនាទី​ ​នឹង​អាចមាន​ភ្លៀង ផ្គរ នៅ​ខេត្តស្ទឹងត្រែង  ​មណ្ឌល​គី​រី ក្រចេះ និង​ខេត្ត​រតនគីរី​៕ ដែន សីមា