រាជរដ្ឋាភិបាល​ប្រកាស​ដាក់​ខេត្ត​ព្រះសីហនុ ថា​ជា​ខេត្ត​តែមួយគត់ របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សក្ដានុពល ក្នុង​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច លើ​គ្រប់​វិស័យ​ដោយ​ចាត់ទុកជា ប៉ូល​មួយ​ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំង ៣ នៅ​កម្ពុជា រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​។​

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ព្រុំ សុខា នាឱកាស​បើក​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ខ្លោងទ្វារ​ចូលទៅ​សមុទ្រ នា​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១១ ខែមិថុនា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ ឲ្យ​ក្លាយទៅជា​តំបន់ សេដ្ឋកិច្ច​ពិសេស គំរូ​ពហុ​បំណង ដែលមាន​តែមួយគត់ នៅក្នុង​ប្រទេស​កម្ពុជា​។
​លោក​បន្តថា គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ ក៏ត្រូវ​បាន​រាជរ​ដ្ខា​ភិ​បាល​កម្ពុជា កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ទេសចរណ៍​ជាតិ ថា​ជា​ប៉ូល​មួយ​ដ៍​សំខាន់ និង​បាន​ប្រសិទ្ធិ​នាម​ថា​ជា ” តារា​រះ​នា​ទិសនិរតី​” នៃ​តំបន់ឆ្នេរ របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ផែនការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ឲ្យ​ចូលមក​ទស្សនា ឲ្យ​កាន់តែច្រើន​ថែមទៀត​នា​ថ្ងៃ​អនាគត​។

​លោក ព្រុំ សុខា បញ្ជាក់ថា ធនធានធម្មជាតិ​ដ៏​សម្បូរបែប​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មានដូចជា​៖ ឆ្នេរ​ខ្សាច់​សក្បុស តំបន់​កោះ​ប្រកបដោយ​សោ​ភ័​ណ្ឌ​ភាពស្រស់​ត្រកាល និង​ធនធាន​ជីវៈចម្រុះ នៅ​បាតសមុទ្រ​ដ៏​សម្បូរបែប មាន​មច្ឆា​សមុទ្រ និង​ផ្កាថ្ម​ជាដើម គឺជា​សក្តានុពល​យ៉ាងសំខាន់ សម្រាប់​ការងារ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​វិស័យសេដ្ឋកិច្ច​សំខាន់ៗ​ដទៃទៀត​នា​មូលដ្ឋាន​នេះ​ឲ្យ​កាន់តែ​រីកចំរើន​នា​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត​។

​​នាឱកាស​នោះដែរ លោក ឈិន សេង​ងួន អភិបាល​ស្តីទី​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​លើកឡើង​ពី​កំណើន​ភ្ញៀវទេសចរ​នៅ​ត្រីមាស​ទី​១ ឬ​៣​ខែ​ដើមឆ្នាំ​២០១៧ ខេត្ត​នេះ ទទួលបាន​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​សរុប​មាន​ចំនួន​ជិត ៧​សែន​នាក់ (៦៧៧,៩០៧) គឺ​កើនឡើង​ជិត ១២​ភាគរយ (១១,៦៧) បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ គឺ​ទទួលបាន​ចំនួន​ជាង ៦​សែន​នាក់ (៦០៧,០២២)​។​
​លោក ឈិន សេង​ងួន បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ១០​ប្រទេស ដែល​បាន​ចូលមក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​ច្រើនជាងគេ​រួមមាន​៖ ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន អង់គ្លេស អា​លី​ម៉​ង់ អូស្ត្រាលី អាមេរិក វៀតណាម បារាំង ថៃ រុស្សី និង​ប្រទេស​កាណាដា​។​

​លោក ឈិន សេង​ងួន បាន​ឲ្យ​ដឹងថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កំណើន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ មាន​ចំនួន​កើន​ច្រើន​ជា​រៀងរាល់ឆ្នាំ ហើយ​បានផ្តល់​ឱកាស​រកប្រាក់​ចំណូល​ចូល​សេដ្ឋកិច្ច​គ្រួសារ របស់​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិ​ករ​ទេសចរ​នា​មូលដ្ឋាន​នេះ​គួរ​ឲ្យ​កត់សម្គាល់​។​

​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឈិន សេង​ងួន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ខេត្ត​នេះ មាន​អាជីវកម្ម សេវាកម្ម​ទេសចរ​ណ៍ស​រុ​ប​ចំនួន ៧៥៩​ទីតាំង​។ មាន​សណ្ឋាគារ​ចំនួន ៧៨ ផ្ទះសំណាក់ ៣១៩ ភោជនីយ៍ដ្ឋាន​ចំនួន ២២០​ទីតាំង និង​មាន​សណ្ឋាគារ​ប្រមាណ​១៥ ទីតាំង​ផ្សេងទៀត កំពង់​សាងសង់ មាន​ស្តង់ដារ ចាប់ពី​លំដាប់​ផ្កាយ ១ ដល់​លំដាប់​ផ្កាយ​៤៕ ដែន សីមា