តាម Shanghaiist បុរស​អាយុ ៥៥ ឆ្នាំ ម្នាក់​រស់នៅ​ខេត្ត ជៀស​ស៊ូ ប្រទេស​ចិន ឈ្មោះ Yang Yikui ឲ្យ​ដឹងថា លោក​មាន​អារម្មណ៍​ហាក់ដូច​ជាមាន​អ្វី​បុក​ចំ​ភ្នែក​ខាងឆ្វេង ពេល​ប្រើ​ម៉ាស៊ីន​កាត់​ឥដ្ឋការ៉ូ​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ តែ​គិត​ស្មានថា​វា​ជា​ធូលី រួច​ក៏​ពុំ​ចាប់អារម្មណ៍​ទៅ ។​

​ប៉ុន្តែ ថ្ងៃស្អែក ស្រាប់តែ​ភ្នែក​របស់លោក​ឡើង​ហើម​ស្ពុរ ហើយក៏​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្នែក​នៅ ណាន​ជី​ង ។ ពិតជា​ស្មាន​ពុំ​ដល់​ថា បន្ទាប់ពី​ថត​ស្កែ​ន​មើល ក៏​ឃើញ​វត្តមាន​ដែកគោល​ប្រវែង​ដល់​ទៅ ៨ សង់ទីម៉ែត្រ​បាន​ជាប់គាំង​ក្នុង​ប្រអប់​ខួរក្បាល​របស់លោក ដោយ​ចូល​តាម​ប្រអប់​ភ្នែក​មក ។​

​ពិតជា​ពិបាក​នឹង​ជឿថា លោក Yang ពុំបាន​ដឹង​ពី​ករណី​ដែកគោល​ប៉ុន​នោះបាន​ទម្លុះ​ប្រអប់​ភ្នែក​របស់លោក ចូលដល់​ប្រអប់​ខួរ​ឡើយ ។ អ្នកជំងឺ​រូបនេះ​ឲ្យ​ដឹងថាៈ «​តាមមើលទៅ​ដែកគោល​មួយ​នេះ​បាន​ជាប់គាំង​នៅ​ម៉ាស៊ីន​កាត់​ថ្ម រួច​ពេល​ខ្ញុំ​បើក​ម៉ាស៊ីន វា​ក៏​បាញ់​ចេញ​ទម្លុះ​ចូល​ក្បាល​ខ្ញុំ ដោយ​បន្សល់ទុក​រន្ធ​ដ៏​តូច​មួយ​ប៉ុណ្ណោះ​» ។​

​បន្ទាប់ពី​វះកាត់​ទទួលជោគជ័យ​រួចមក ក្រុម​វេជ្ជបណ្ឌិត​ខួរក្បាល​និង​ភ្នែក ឲ្យ​ដឹងថាៈ លោក Yang ពិតជា​សំណាងល្អ​ណាស់​! ព្រោះ​ភ្នែក និង​ខួរក្បាល​របស់លោក ពុំមាន​រងរបួស​ធ្ងន់​ធ្ង​រ​អ្វី​សោះឡើយ ៕