តាម​គេហទំព័រ Pundit Arena, ព្រឹត្តិការណ៍​កម្រ​មាន​នេះ បាន​កើតឡើង​នៅក្នុង​ការប្រកួត​ទម្ងន់​មធ្យម​រវាង​កីឡាករ Murthel Groenhart និង Harut Hrigorian ។​

​នៅ​នាទី​ទី ២ និង ៤១ វិនាទី នៃ​ទឹក​ទី​២ ទោះបី​កំពុង​ស្ថិតនៅក្នុង​ម៉ោង​ប្រកួត​ក៏ដោយ​, Hrigorian ស្រាប់តែ​បែរខ្នង ហើយ​ដើរទៅ​កាន់​ជ្រុ​ញ​រេញ ។ ឆ្លៀតឱកាស​គ្រា​ដៃគូ​មាន​កាយវិការ​ពិបាក​យល់ កីឡាករ Groenhart សញ្ជាតិ​ហូ​ឡង់​អាយុ ៣០ ឆ្នាំ បាន​ស្ទុះ​ចូល​កៀក រួច​វាយ​ថ្ពក់​ពីក្រោយ ធ្វើ​ឲ្យ Hrigorian សន្លប់​ស្តូកស្តឹង​តែម្តង ។​

​នេះ​ជាការ​វាយ​មួយ​ត្រឹមត្រូវ​តាមច្បាប់​ប្រកួត ហើយ​អាជ្ញាកណ្តាល​បានផ្តល់​ជោគជ័យ​ដល់ Groenhart ។ ប៉ុន្តែ ទស្សនិកជន​មួយចំនួន​ចាត់ទុកថា នេះ​ជា​វិធី​ផ្តួល​គូប្រកួត​សាហាវ ហើយ​អាក្រក់​មើល​ពេក ទើប​ស្ទុះ​ឡើង​រេញ​នាំគ្នា​វាយលុក​លើ Groenhart ។ រេញ​ប្រកួត​ឡើង​ច្របូកច្របល់​មួយ​រំពេច ។​

​ថ្លែង​ក្រោយ​ព្រឹត្តិការណ៍​គួរ​ឲ្យ​រន្ធត់​នោះ Groenhart បង្ហាញ​នូវ​ភាព​នឿយណាយ​ប្រាប់ថាៈ បុរស​មួយចំនួន​បាន​វាយ​ចំៗ​លើ​មុខ​របស់ខ្ញុំ ។ ខ្ញុំ​ពិតជា​ប្រយ័ត្ន​នឹង​កណ្តាប់ដៃ​ដែល​ពុំមាន​ពាក់​ហ្គ​ង់ តែ​ចៀស​ពុំរួច​ត្រូវ​ប៉ុន្មាន​ដៃ ចំ​ថ្គាម និង​ឆ្មេ​ញ ។ ខ្ញុំ​គិតថា ខ្ញុំ​អាច​បាក់​ថ្គាម ព្រោះ​វា​កំពុង​ឈឺ​ណាស់​! ។​

​ចំពោះ​ការ​វាយ​ផ្តួល​គូប្រកួត​នោះ Groenhart និយាយថាៈ «​ខណៈពេល​ដេ​ល​អ្នក​កំពុងស្ថិត​នៅក្នុង​ការប្រកួត នោះ​អ្នក​ត្រូវតែ​បន្ត​ប្រយុទ្ធ ។ គាត់​បាន​បែរខ្នង​ដើរទៅ ។ ខ្ញុំ​ទៅ​ពីក្រោយ​គាត់ ហើយ​ការ​វាយ​ថ្ពក់ ។ ខ្ញុំ​ពុំមាន​ធ្វើ​ខុស​ទាំងអស់ ព្រោះ​វា​កំពុង​ស្ថិតនៅ​អំឡុងពេល​ប្រកួត ដែល​ទាមទារ​ឲ្យ​អ្នក​ប្រដាល់​ម្នាក់ៗ​ត្រូវមាន​របៀបការ​ពា​រ​ខ្លួន​» ។​

​ចំណែក​គ្រូ​របស់ Hrigorian លោក Nicky Hemmers និយាយថា សិស្ស​របស់លោក​បាន​បែរខ្នង ព្រោះ​អាចមាន​កន្លែងរ​យ៉ះ ។ ទោះយ៉ាងណា លោក​ក៏​សារភាពថា មិនដឹង​ហេតុអ្វី​បានជា​បែរខ្នង​របៀប​ឡប់ៗ​អីចឹង ៕​